ក្រុង​ញូវដែលី៖​ ប្រទេស​ឥណ្ឌា ​និង​ចិន ​កាល​ពី​ថ្ងៃ​ពុធ​បាន​ព្រមព្រៀង​គ្នា​ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ​ព្រំដែន​ភ្នំ​ហិមាល័យ​ ដែល​មាន​ជម្លោះ ​ខណៈ​ពួក​គេ​បាន​ស្តី​បន្ទោស​​គ្នា​ទៅ​វិញ​ទៅ​មក​ជុំ​វិញ​ជម្លោះ​វាយ​តប់​គ្នា​​ ដែល​បាន​បណ្តាល​ឲ្យ​ទាហាន​ឥណ្ឌា​យ៉ាង​តិច ​២០ នាក់​ស្លាប់​។

រដ្ឋមន្ត្រី​ការ​បរទេស​របស់ ប្រទេស​ទាំង ​២ នេះ ​បាន​ធ្វើ​ការ​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ ​ដើម្បី​ធ្វើ​ឲ្យ​ស្ថានការណ៍​ស្ងប់ស្ងាត់​ ក្រោយ​ពី​ការ​ប្រយុទ្ធ​គ្នា​ដោយ​ប្រើ​ដៃ​ ដុំ​ថ្ម ​និង​ដំបង​។

ការ​សន្ទនា​រវាង​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ចិន ​វ៉ាង​ យី ​និង​សមភាគី​ឥណ្ឌា​លោក Subrahmanyam Jaishankar​ បាន​កើត​ឡើង​ ខណៈ​ប្រភព​ជា​ច្រើន​បាន​ប្រាប់​ AFP ថា ​ទាហាន​ប៉ារ៉ា​ឥណ្ឌា​ ត្រូវ​បាន​ដាក់​ពង្រាយ​ទៅ​កាន់​តំបន់​ភ្នំ​ហិមាល័យ​ទល់​មុខ​តំបន់​ទីបេ​។ ​

នៅ​ពេល​ជាមួយ​គ្នា​នោះ ​ទូរទស្សន៍​រដ្ឋ​របស់​ចិន​បាន​បង្ហាញ​រូបភាព​នៃ​រថក្រោះ​របស់​កងទ័ព​​រំដោះ​ប្រជាជន​ ​និង​ទាហាន​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​តំបន់​ទីបេ។

ប្រទេស​ចិន​ បាន​បដិសេធ​មិន​បញ្ជាក់​ថា ​តើ​ភាគី​ខ្លួន​មាន​អ្នក​ស្លាប់ ​ឬ​របួស​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​នៅ​ព្រំដែន​ជា​ច្រើន​ទសវត្សរ៍​ ​ថ្វី​បើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌា​បាន​និយាយ​ថា ​ទាហាន​ចិន​យ៉ាង​តិច ​៤០ ​នាក់​បាន​ស្លាប់ ​ឬ​រង​របួស​ធ្ងន់​។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ ​ក្រសួង​ការ​បរទេស​បាន​ថ្លែង​ថា លោក​ វ៉ាង ​យី ​បាន​ទាមទារ​ថា ​ប្រទេស​ឥណ្ឌា ​គួរ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់​ចត់ ​និង​ដាក់​ទណ្ឌកម្ម​អ្នក​ដែល​ទទួល​ខុស​ត្រូវ។ ​

ក្រសួង​នោះ​បាន​បន្ថែម​ថា៖ «​ភាគី​ឥណ្ឌា​មិន​ត្រូវ​វាយ​តម្លៃ​ស្ថានការណ៍​បច្ចុប្បន្ន​នេះ​ខុស​ទេ ​ហើយ​ក៏​មិន​ត្រូវ​មើល​ស្រាល​ឆន្ទៈ​រឹងមាំ​របស់​ចិន​ក្នុង​ការ​ការពារ​បូរណភាព​ដែន​ដី​របស់​ខ្លួន​ដែរ​»។ ​​​

ក្រសួង​ការ​បរទេស​ឥណ្ឌា​បាន​ថ្លែង​ថា៖ «​លោក​ Subrahmanyam Jaishankar ​បាន​លើក​ឡើង​ពី​ការ​ប្រឆាំង​ជំទាស់​ពី​រដ្ឋា​ភិបាល​របស់​លោក​»។

លោក​បាន​ព្រមាន​ថា ​ស្ថាន​ការណ៍​វិវឌ្ឍន៍​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នេះ​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​ទំនាក់​ទំនង​ទ្វេ​ភាគី​ និង​ជំរុញ​ឲ្យ​ក្រុង​ប៉េកាំង​ចាត់​វិធានការ​ឲ្យ​បាន​ត្រឹម​ត្រូវ​៕ AFP/PSA