បុរី​ញូវយ៉ក៖ ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ពុធ​បាន​ជ្រើស​រើស​សមាជិក​ថ្មី​ចំនួន ​៤ ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​សម្រាប់​ឆ្នាំ ​២០២១ ​និង ​២០២២ ​ដោយ​ប្រទេស​កាណាដា​ បាន​បរាជ័យ​ម្តង​ទៀត​ និង​ការ​ប្រជែង​យក​អាសនៈ​នៅ​អាហ្វ្រិក​​នឹង​បន្ត​ទៅ​ជុំ​ក្រោយ។ ​

ប្រទេស​ឥណ្ឌា ម៊ិកស៊ិក​ ន័រវែស ​និង​អៀរឡង់ ​ត្រូវ​បាន​ជ្រើស​រើស​ជា​សមាជិក​មិន​អចិន្រៃ្តយ៍​​ ខណៈ​ប្រទេស​ជីប៊ូទី ​និង​កេនយ៉ា ​ដែល​ខក​ខាន​មិន​បាន​ទទួល​សំឡេង​ភាគ​ច្រើន ​២ ភាគ ៣ តាម​តម្រូវ​ការ​​បាន​ឈាន​ទៅ​ការ​បោះ​ឆ្នោត​ជុំ​ទី ២ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។

ប្រទេស​កាណាដា ​បាន​បរាជ័យ​ម្តង​ទៀត​សម្រាប់​អាសនៈ​មួយ​ក្នុង​ចំណោម​អាសនៈ​ទាំង​អស់​របស់​លោក​ខាង​លិច ​ដោយ​​អៀរ​ឡង់ ​និង​ន័រវែស​ជា​អ្នក​ទទួល​បាន​វិញ​ ​ទោះបី​ជា​មាន​យុទ្ធនាការ​រយៈពេល​យូរ​ និង​នាំ​មក​តារា​ស៊ុបភើស្តារ​មក​សម្តែង​ក្តី ជា​លទ្ធផល​មួយ ​ដែល​ទំនង​ជា​ធ្វើ​ឲ្យ​លោក​​នាយក​រដ្ឋមន្ត្រី ​ចាស្ទីន​ ទ្រូដូ​ កាន់​តែ​ទទួល​ភាព​អាម៉ាស់​​ថែម​ទៀត។

នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ប្រទេស​ឥណ្ឌា ​ដែល​បាន​ព្យាយាម​ប្រឹងប្រែង​ប្រជែង​យក​អាសនៈ ​១​ នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​ មិន​បាន​ទទួល​ជោគជ័យ​លើក​មុន​នោះ ​បាន​ទទួល​សំឡេង​ឆ្នោត​គាំទ្រ ​១៨៤ ​សំឡេង​នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន ​១៩២ ​ដែល​បាន​ចូលរួម​ការ​បោះ​ឆ្នោត​នោះ​។ ​

លទ្ធផល​នោះ​មាន​ន័យ​ថា​ប្រទេស​ឥណ្ឌា ​នៅ​ពេល​នេះ​​មាន​អាសនៈ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​នេះ​ដូច​ប្រទេស​ចិន ​ដែរ ​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ប្រទេស​នេះ​មាន​ជម្លោះ​ព្រំដែន​ភ្នំ​ហិមាល័យ​ដោយ​បាន​ស្តីប​ន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក ​ជុំវិញ​ការ​ប៉ះ​ទង្គិច​ ដែល​បាន​បណ្តាល​ឲ្យ​ទាហាន​ឥណ្ឌា​យ៉ាង​តិច ​២០​ នាក់​ស្លាប់។

ប្រទេស​ម៊ិកស៊ិក​ ដែល​គ្មាន​ទទួល​ការ​ជំទាស់ ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ ​១៨៧ ​​សំឡេង​។

បណ្តា​ប្រទេស​នៅ​អាហ្វ្រិក​កាល​ពី​ពេល​កន្លង​ទៅ ​បាន​ជ្រើស​រើស​បេក្ខជន​របស់​ពួក​គេ​ផ្ទាល់​ ប៉ុន្តែ​មិន​អាច​ជ្រើស​រើស​ប្រទេស​តែ​មួយ​បាន​ទេ ​នៅ​ពេល​នេះ។ ប្រទេស​កេនយ៉ា ​បាន​ទទួល​សំឡេង​ឆ្នោត​គាំទ្រ ​១១៣ ​សំឡេង​ទល់​ប្រទេស​ជីប៊ូទី ​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ ​៧៨ ​សំឡេង​។

ប្រទេស​កេនយ៉ា ​បាន​សម្តែង​ការ​គាំទ្រ​ដល់​សហភាព​អាហ្វ្រិក (AU) ​ប៉ុន្តែ​​ប្រទេស​ជីប៊ូ​ទី ​បាន​និយាយ​ថា​ ខ្លួន​គួរ​តែ​មាន​អាសនៈ​នេះ​ ដោយ​សារ​ក្រុងណៃរ៉ូប៊ី​ បាន​ចូលរួម​ក្រុម​ប្រឹក្សា​នេះ​ កាល​ពី​ពេល​កន្លង​ទៅ​ និង​មាន​គោល​ការណ៍ប្តូរ​វេន​៕ AFP/PSA