កាល​ពី​ថ្ងៃ​អង្គារ​ ទី ២៩ ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ឥណ្ឌូនេស៊ី​បាន​ប្រកាស​ថា ​ប្រទេស​របស់​លោក​ គឺ​កំពុង​ធ្វើ​កិច្ច​ព្រមព្រៀង​ទិញ​យក​វ៉ាក់សាំង​ជំងឺ​កូវីដ ​១៩ របស់ ​Pfizer/BioNTech (អាមេរិក/អាល្លឺម៉ង់) ​និង​ របស់ ​AstraZeneca/Oxford ​(អង់គ្លេស/ស៊ុយអែត) ​ដើម្បី​ធានា​ស្តុក​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​កម្មវិធី​ចាក់​វ៉ាក់សាំង​ ដែល​បាន​រង់ចាំ​ជាយូរ​មក​ហើយ​នៅ​ឆ្នាំ​ក្រោយ។

លោក​រដ្ឋមន្ត្រី ​Budi Gunadi Sadikin ​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា​ កិច្ច​ព្រមព្រៀង​ទិញ​យក​វ៉ាក់សាំង​ចំនួន ​៥០ ​លាន​ដូស​របស់ ​AstraZeneca/Oxford ដោយ​មាន​​ជម្រើស​ទិញ​បន្ថែម ​៥០ ​លានដូស​ទៀត នឹង​ត្រូវ​បាន​បង្ហើយ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​នេះ។​ រី​ឯ​កិច្ច​ព្រមព្រៀង​ទិញ​វ៉ាក់សាំង​របស់​ Pfizer/BioNTech ក្នុង​លក្ខខណ្ឌ​ដដែល​នឹង​ត្រូវ​បាន​បង្ហើយ​នៅ​សប្ដាហ៍​ដំបូង​នៃ​ខែ​មករា​ ឆ្នាំ ២០២១​ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​ នៅ​សល់​ពេល​រាប់​ខែ​ទៀត​ទើប​ដូស​​ដំបូង​នៃ​វ៉ាក់សាំង​ទាំង ២ នេះ​មក​ដល់​ឥណ្ឌូនេស៊ី។

ការ​ប្រកាស​នេះ ​បាន​ធ្វើ​ឡើង​ ខណៈ​ពេល​ដែល​ប្រទេស​ឥណ្ឌូនេស៊ី ​គឺ​កំពុង​រៀបចំ​ចាប់​ផ្ដើម​ការ​​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ចិន​ Sinovac Biotech នៅ​ពេល​ដែល​វ៉ាក់សាំង​នេះ​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ក្នុង​គ្រាអាសន្ន។ ​លោក Budi ​បាន​និយាយ​ថា ​បុគ្គលិក​សុខាភិបាល​ជួរ​មុខ​ចំនួន ១,៣ លាន​នាក់​របស់​ប្រទេស​នេះ​ នឹង​ទទួល​បាន​អាទិភាព​ក្នុង​ការ​​ចាក់​វ៉ាក់សាំង​ដំបូង​ នៅ​ចន្លោះ​​​ខែ​មករា​ និង​មេសា។

កាល​ពី​ខែ​សីហា ​ឥណ្ឌូនេស៊ី​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​ទិញ​យក​វ៉ាក់សាំង ​Sinovac ​ចំនួន ៤០​ លាន​ដូស​ដោយ​កាល​ពី​ដើម​ខែ​ធ្នូ ​បាន​ទទួល​ការ​ដឹក​ជញ្ជូន​ដំបូង​​វ៉ាក់សាំង​ចំនួន ​១,២ លាន​​ដូស ហើយ​គេ​រំពឹង​ថា ​នឹង​ទទួល​ការ​ដឹក​ជញ្ជូន​វ៉ាក់សាំង ​១,៨ ​លាន​ដូស​ថែម​ទៀត​នៅ​ខែ​មករា។​ Sinovac​ ក៏​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​រដ្ឋ​ឥណ្ឌូនេស៊ី ​Bio Farma ដើម្បី​ផ្គត់ផ្គង់​វត្ថុធាតុ​ដើម​សម្រាប់​ការ​ផលិត​វ៉ាក់សាំង​ប្រមាណ ​៤០ លាន​ដូស​ក្នុង​ស្រុក។​

ក្រុមហ៊ុន ​Sinovac ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បញ្ជូន​ទិន្នន័យ​បឋម​នៃ​ការ​សាកល្បង​របស់​វ៉ាក់សាំង​ពួក​គេ​ទៅ​កាន់​រដ្ឋបាល​​ម្ហូប​អាហារ ​និង​ឱសថ​របស់​ឥណ្ឌូ​នេស៊ី​នៅ​ខែ​មករា ​​ខាង​មុខ​នេះ។

គេ​មិន​ទាន់​ដឹង​ច្បាស់​អំពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​នេះ​នៅ​ឡើយ ​ដោយសារ​ប្រទេស​ដែល​ចូលរួម​ការ​សាកល្បង​ភាគ​ច្រើន​មិន​មាន​ការ​ចេញ​ទិន្នន័យ​ជា​សាធារណៈ​នៅ​ឡើយ ហើយ​ប្រទេស​ដែល​បញ្ចេញ​ទិន្នន័យ​ទាំង​នេះ​បាន​រក​ឃើញ​ថា​ មាន​ប្រសិទ្ធភាព​ខុស​គ្នា​ខ្លាំង​។

កាល​ពី​ថ្ងៃទី ​២៤ ​ប្រទេស​តួកគី​ អ្នក​វិទ្យាសាស្ត្រ​បាន​​សន្និដ្ឋាន​ថា ​វ៉ាក់សាំង​នេះ​គឺ មាន​ប្រសិទ្ធភាព ​៩១,២៤% ​រី​ឯ​ប្រទេស​​ប្រេស៊ីល ​វិញ ក្រោយ​ពី​ការ​ពន្យារ ​៣ ដង បាន​ធ្វើ​ការ​ប្រកាស​​នៅ​ថ្ងៃ​ដដែល​ថា ​វ៉ាក់សាំង ​Sinovac ​គឺ​មាន​ប្រសិទ្ធភាព​​ខ្ពស់​ជាង ​៥០% តែ​ទាប​ជាង​ ៩០%។​ កាល​ពី​ដើម​ខែ​ធ្នូ​ Bio Farma បាន​ប្រកាស​ថា​ ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​គឺ ​៩៧% ​ប៉ុន្តែ​ក្រោយ​មក​ដក​សម្តី​វិញ ​ហើយ​បាន​ធ្វើ​ការ​បញ្ជាក់​ថា​ ប្រសិទ្ធភាព​​មិន​ទាន់​អាច​កំណត់​បាន​នៅ​​ឡើយ​ទេ​។​

វ៉ាក់សាំង​ចិន​មួយ​ផ្សេង​ទៀត​ ក៏​​មាន​ការ​រាយការណ៍​ប្រសិទ្ធភាព​ខុស​គ្នា​ផង​ដែរ។​ កាល​ពី​ថ្ងៃ ​៩ ខែធ្នូ​ ប្រទេស​អារ៉ាប់​រួម ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ Sinopharm/Beijing Institute of Biological Product​ ដោយ​អះអាង​ថា ​មាន​ប្រសិទ្ធភាព ​៨៦% ​តែ​នៅ​ថ្ងៃទី ៣០ ធ្នូ ​Sinopharm ​បាន​ប្រកាស​ថា ​វ៉ាក់សាំង​ពួក​គេ​មាន​ប្រសិទ្ធភាព​ ​៧៩%។ បើ​ទោះបី​ជា​ទាប​ជាង​​ប្រសិទ្ធ​ភាព​ជាង ​៩០% ​របស់​វ៉ាក់សាំង​លោក​ខាង​លិច​ក៏​ដោយ​វ៉ាក់សាំង ​Sinopharm ​គឺ​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង ​៥០% ​ដែល​គ្រប់គ្រាន់​សម្រាប់​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់។​

យ៉ាងណា​មិញ ​សន្និសីទ​កាសែត​របស់​លោក ​Bundi ​បាន​បង្ហាញ​ថា ​ឥណ្ឌូនេស៊ី​ធានា​ថា​ ប្រទេស​ខ្លួន​នឹង​ទទួល​បាន​វ៉ាក់សាំង​កូវីដ ១៩ ជាង​ ៣០០​ លាន​ដូស ​ដែល​ក្រៅ​ពី Pfizer/BioNTech ​និង​ AstraZeneca/Oxford ​គឺ​រួម​មាន ៥០ ​លាន​ដូស​ពី​ក្រុមហ៊ុន​​អាមេរិក​ Novavax ​ការ​ទិញ​បន្ថែម​ពី​Sinovac​ ចំនួន ​១២៥ ​​លាន​ដូស និង​ការ​ទិញ​វ៉ាក់សាំង​ ​៥៤ ​លានដូស ​តាមរយៈ​​កម្មវិធី​ COVAX របស់​ WHO។ លោក ​Bundi ​បាន​អះអាង​ថា ​ចំនួន​វ៉ាក់សាំង​នេះ ​គឺ​នឹង​ធ្វើ​ឱ្យ​ឥណ្ឌូនេស៊ី​មាន​ភាព​ស៊ាំ ដែល​អាច​​នឹង​​បញ្ឈប់​ការ​ឆ្លង​កូវីដ ​១៩ ​ក្នុង​ប្រទេស​៕