ក្រុង​ដែន​ប៉ាសារ៖​ អ្នក​កាន់​ទុក្ខ ​និង​អ្នក​រួច​ផុត​ជីវិត​ពី​គ្រោះ​ថ្នាក់​កាល​ពី​ថ្ងៃ​សៅរ៍​ បាន​ប្រារព្ធខួប​​លើក​ទី ​១៧ ​នៃ​​ការ​វាយ​ប្រហារ​គ្រាប់​បែក​​នៅ​កោះ​បាលី ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង ​២០០ ​នាក់​ស្លាប់​ នៅ​លើ​កោះ​រមណីយដ្ឋាន​របស់​​ឥណ្ឌូនេស៊ី​ ខណៈ​ការ​វាយ​ប្រហារ​របស់​ក្រុម​ជីវពល​អ៊ិស្លាម​ កំពុង​បន្ត​ញាំញី​ប្រទេស​នេះ។

ក្រុម​គ្រួសារ​ដែល​សោក​សង្រេង​អ្នក​រួច​ផុត​ជីវិត​ពី​ការ​វាយ​ប្រហារ​ និង​ក្រុម​អ្នក​តំណាង​មក​ពី​ស្ថានទូត​ជា​ច្រើន​ ​បាន​ដាក់​បាច់​ផ្កា ​និង​ដុត​ធូប​នៅ​កន្លែង​ប្រារព្ធ​ពិធី​នៅ​ក្នុង​មជ្ឈមណ្ឌល​ទេសចរណ៍ ​Kuta ​ដ៏​ពេញ​និយម ​ជា​ទី​ដែល​ក្រុម​ជន​អ៊ិស្លាម​បដិវត្តន៍​ បាន​វាយ​ប្រហារ​គ្រាប់​បែក​នៅ​ក្នុង​ឆ្នាំ ​២០០២ ​នោះ​។​

ក្រុម​សមាជិក​គ្រួសារ​របស់​ជន​រងគ្រោះ​ខ្លះ​ បាន​យំ​ និង​អ្នក​ដទៃ​ទៀត​បាន​សន្លប់ ​នៅ​ក្នុង​អំឡុង​ពិធី​ដុត​ទៀន​ ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង ​ដើម្បី​ប្រារព្ធ​ខួប​នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម ​និង​គោរព​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ ​២០២​ នាក់​។​ ភាគ​ច្រើន ​គឺ​ជា​ទេសចរ​បរទេស​​មក​ពី​ប្រទេស​ជាង ​២០ ​ប៉ុន្តែ​មាន​តែ​ប្រទេស ​អូស្ត្រាលី ​ទេ ​បាន​​ខាត​បង់​ច្រើន​ជាង​គេ​បំផុត​ ដោយ​មនុស្ស ​៨៨ ​នាក់​បាន​ស្លាប់ ​នៅ​ក្នុង​ព្រឹតិ្តការណ៍​​វាយ​ប្រហារ​គ្រាប់​បែក​នោះ​។

អ្នកស្រី​​​ Endang Isnaini មាន​វ័យ​ ​៤៨ ​ឆ្នាំ ​​ដែល​បាន​បាត់​បង់​ប្តី​​​របស់​គាត់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ​ ​បាន​ប្រាប់​​​ AFP ទាំង​យំ​ខ្សឹក​ខ្សួល​ថា​៖​ «​​ការ​វាយ​ប្រហារ​នោះ​មាន​រយៈពេល ​១៧ ​ឆ្នាំ​ ប៉ុន្តែ​ស្នាម​របួស​នៅ​ថ្មីៗ​សម្រាប់​ខ្ញុំ​។ វា​ពិបាក​ក្នុង​ការ​ព្យាបាល​របួស​ឲ្យ​ជា​សះស្បើយ​ណាស់ ​ប៉ុន្តែ​ខ្ញុំ​​ព្យាយាម​បំ​ភ្លេច​រឿង​អតីតកាល»៕ AFP/SK ​