រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ឥណ្ឌូនេស៊ី​បាន​ឱ្យដឹង​កាលពី​ថ្ងៃ​ចន្ទ ថា​ប្រទេស​នេះ​បាន​រកឃើញ​ករណី​វ៉ារ្យ៉ង់​មកពី​ឥណ្ឌា​ជា​លើកដំបូង ២ ករណី ខណៈ​អាជ្ញាធរ​អំពាវនាវ​កុំឱ្យ​ប្រជាជន​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​ក្នុង​ចុងខែ​ពិធីបុណ្យ​រ៉ាម៉ាដនមូស្លីម។

ប្រទេស​ឥណ្ឌូនេស៊ី ក៏បាន​ព្យាយាម​ទប់ស្កាត់​ការរីករាលដាល​នៃ​វ៉ារ្យ៉ង់​ថ្មី​នេះ ដោយ​បញ្ឈប់​ការចេញ​ទិដ្ឋាការ​កាលពី​ខែ​មុន ដល់​ជនបរទេស​ណា ដែល​ធ្លាប់បាន​ស្នាក់នៅ​ក្នុង​ប្រទេស​ឥណ្ឌា​កាលពី ១៤ ថ្ងៃមុន។

គួរបញ្ជាក់​ផងដែរ​ថា វ៉ារ្យ៉ង់​នេះ​បាន​រីករាលដាល​យ៉ាងហោចណាស់ ១៧ ប្រទេស​រួមមាន អង់គ្លេស ស្វ៊ីស និង​អ៊ីរ៉ង់ ដែល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​មួយចំនួន​បិទ​ព្រំដែន​របស់​ពួកគេ ទប់ស្កាត់​មិនឱ្យ​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌា​ផងដែរ៕