អាជ្ញាធរ​ឥណ្ឌូនេស៊ី​បាន​និយាយ​ថា ខ្លួន​បាន​រឹប​អូស​យក​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់ ១ គ្រឿង និង​នាវា​ដឹក​ប្រេង​ប៉ាណាម៉ា ១ គ្រឿង សង្ស័យ​ថា​នាវា​ទាំង​នេះ​ធ្វើ​អាជីវកម្ម​ផ្ទេរ​ប្រេង​ខុស​ច្បាប់​នៅ​ក្នុង​ដែន​ទឹក​ពី​ប្រទេស​ខ្លួន​កាល​ពី​ថ្ងៃ​ទី ២៤។ នេះ​បើ​យោង​តាម​សារព័ត៌មាន CNA។

អ្នក​នាំពាក្យ​ទីភ្នាក់ងារ​សន្តិសុខ​ដែន​សមុទ្រ​ឥណ្ឌូនេស៊ី​បាន​ឱ្យ​ដឹង​ថា នាវា​ដឹក​ប្រេង​មាន​ឈ្មោះ​ថា​ MT Horse មាន​ទង់ជាតិ​អ៊ីរ៉ង់ និង​នាវា​ឈ្មោះ MT Freya មាន​ទង់ជាតិ​ប៉ាណាម៉ា​ត្រូវ​បាន​រដ្ឋាភិបាល​រឹប​អូស​ពី​ដែន​ទឹក​នៅ​ឯខេត្ត Kalimantan ភាគ​ខាង​លិច​ប្រទេស​ឥណ្ឌូនេស៊ី។

អ្នក​នាំពាក្យ​បាន​បន្តថា រដ្ឋាភិបាល​សង្ស័យ​អ្នក​ដឹក​ប្រេង​បាន​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ច្រើន​ករណី ក្នុង​នោះ​រួម​មាន​ការ​មិន​បង្ហាញ​ពី​ទង់ជាតិ​ប្រទេស​ខ្លួន ការ​បិទ​ប្រព័ន្ធ​កំណត់​អត្តសញ្ញាណ​បោះយុថ្កា​​ខុស​ច្បាប់​ក៏​ដូច​​ជា​ការ​ផ្ទេរ​ឥន្ធនៈ​ខុស​ច្បាប់​ជាមួយ​នឹង​នាវា​ដទៃ និង​ការ​ធ្វើ​ឱ្យ​កំពប់​ប្រេង​ចូល​សមុទ្រ​ជាដើម។

យ៉ាងណា​មិញ​នាវា​ដឹក​ប្រេង​ទាំង ២ នេះ នឹង​ត្រូវ​គេ​ដឹក​ទៅ​កាន់​កោះ Batam ក្នុង​ខេត្ត Riau Islands ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត៕