រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា ប្រទេស​ឥណ្ឌូនេស៊ី ​កំពុង​ពិភាក្សា​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ភាគី​យោធា​មីយ៉ាន់ម៉ា និង​តំណាង​រដ្ឋាភិបាល​ជាប់​ឆ្នោត​ក្នុង​គោល​បំណង​បញ្ចប់​វិបត្តិ​ជុំវិញ​រដ្ឋប្រហារ​យោធា​កាល​ពី​ថ្ងៃទី ១ ខែ​កុម្ភៈ​មក។

ប្រទេស​ឥណ្ឌូនេស៊ី បាន​ដឹកនាំ​ប្រទេស​ជា​សមាជិក​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​យោធា​នៅ​មីយ៉ាន់ម៉ា។ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឥណ្ឌូនេស៊ី​លោកស្រី RetnoMarsudi បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​មីយ៉ាន់ម៉ា​គឺ លោក WunnaMaung Lwin ក្នុង​កិច្ច​ពិភាក្សា​នៅ​រដ្ឋធានី​ប្រទេស​ថៃ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ កន្លង​ទៅ។

យ៉ាងណា​មិញ​បើ​យោង​តាម​ប្រភព​រដ្ឋាភិបាល​កិច្ច​ចរចា​នេះ ​គឺ​ជា «កិច្ច​ប្រជុំ​ត្រី​ភាគី​រវាង​រដ្ឋមន្ត្រី​ឥណ្ឌូនេស៊ី​ ថៃ និង​មីយ៉ាន់ម៉ា​ដែល​ត្រូវ​បាន​ស្នើ​ជា​លើក​ដំបូង​ដោយ​ប្រទេស​ថៃ»។ ដោយ​ឡែក​សម្រាប់​ព័ត៌មាន​លម្អិត​ពី​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​មិន​ត្រូវ​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​ឡើយ។

លោកស្រី Retno បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ទីក្រុង​បាងកក​ថា ​សុខុមាលភាព​របស់​ប្រជាជន​មីយ៉ាន់ម៉ា ​គឺ​ជា​អាទិភាព​ទី១ នៃ​កិច្ច​ចរចា​នេះ។

ក្រោយ​កិច្ច​ពិភាក្សា​រវាង​រដ្ឋមន្ត្រី​មីយ៉ាន់ម៉ា និង​សមភាគី​ថៃ រួម​មាន​លោក Don Pramudwinai លោកស្រី Retno បាន​និយាយ​ថា៖ «យើង​ស្នើ​សុំ​ឱ្យ​អ្នក​រាល់​គ្នា​ប្រើ​ការ​អត់ធ្មត់ និង​មិន​ប្រើ​អំពើ​ហិង្សា ដើម្បី​ចៀសវាង​ការ​ប៉ះទង្គិច និង​ការ​បង្ហូរ​ឈាម​គ្នា»។

បើ​តាម​ប្រសាសន៍​លោកស្រី Retno ថា ​បាន​ពិភាក្សា និង​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ភាគី​ទាំង​សង​ខាង រួម​ទាំង​សមាជិក​សភា ដែល​ត្រូវ​បាន​គេ​ដក​តំណែង​ពី​កៅអី​សភា​នៅ​មីយ៉ាន់ម៉ា​គឺ ​PyidaungsuHluttaw ផង​ដែរ។

យ៉ាងណា​មិញ​ព័ត៌មាន​ដែល​ថា​ឥណ្ឌូនេស៊ី កំពុង​ស្វែងរក​ការ​គាំទ្រ​ពី​បណ្តា​ប្រទេស​ជា​សមាជិក​ដទៃទៀត​នៅ​អាស៊ាន​ក្នុង​គោល​បំណង​ឱ្យ​របប​យោធា​សន្យា​ឱ្យ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​ក្នុង​រយៈពេល ១ ឆ្នាំ បង្ក​ឱ្យ​មាន​ការ​ខឹង​សម្បា​ពី​ប្រជាជន​មីយ៉ាន់ម៉ា និង​បង្ក​ឱ្យ​មាន​ការ​បាតុកម្ម​តវ៉ា​នៅ​មុខ​ស្ថានទូត​ឥណ្ឌូនេស៊ី​ថែម​ទៀត​ផង។

កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ឥណ្ឌូនេស៊ី​បាន​បង្កើត​ជា​មន្ទិល​ពី​សំណាក់​សកម្មជន​ប្រជាធិបតេយ្យ​មីយ៉ាន់ម៉ា ​និង​ខ្លាច​ថា ការចរចា​នេះ​ដូច​ឱ្យ​ឱកាស​ទៅ​មេ​ដឹកនាំ​យោធា​ប្រើ​វិធាន​ស្របច្បាប់ ដើម្បី​បង្វែរ​លទ្ធផល​បោះឆ្នោត ឬ​ឆ្លៀត​ឱកាស​នេះ ដើម្បី​លុប​ចោល​លទ្ធផល​ការ​បោះឆ្នោត​ខែ​វិច្ឆិកា តែ​ម្ដង។ ក្រុម​សកម្មជន​បាន​ទទូច​ថា ធ្វើ​យ៉ាង​ណា​សូម​ឱ្យ​កិច្ច​ចរចា​រក្សា​លទ្ធផល​ការ​បោះឆ្នោត កាល​ពី​ខែ​វិច្ឆិកា ឱ្យ​នៅ​ដដែល។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី លោក Teu-kuFaizasyah បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន ក្រោយ​មាន​បាតុកម្ម​នៅ​ទូត​ឥណ្ឌូនេស៊ី​ថា «ឥណ្ឌូនេស៊ី​គ្មាន​ភារកិច្ច​ទាល់​តែ​សោះ​ក្នុង​ការ​លូកដៃ ឬ​គាំទ្រ​ដល់​ការ​បោះឆ្នោត​ថ្មី​នៅ​ប្រទេស​មីយ៉ាន់ម៉ា»។

ដោយ​ឡែក​លោកស្រី Retno ក៏​មិន​បាន​លើក​ឡើង​ពី​បញ្ហា​នៃ​ការ​បោះឆ្នោត​នោះ​ដែរ ប៉ុន្តែ​បាន​និយាយ​ថា ប្រទេស​ឥណ្ឌូនេស៊ី បាន​សង្កត់ធ្ងន់​លើ «សារៈសំខាន់​នៃ​ដំណើរការ​ផ្លាស់ប្តូរ​ប្រជាធិបតេយ្យ»។ លោកស្រី​បាន​និយាយ​ថា៖ «យើង​ត្រូវ​ការ​លក្ខខណ្ឌ​អំណោយផល​មួយ​ក្នុង​ទម្រង់​នៃ​ការ​សន្ទនា​ការ​ផ្សះផ្សា ការ​កសាង​ជំនឿ​ទុក​ចិត្ត​គ្នា។ ហើយ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​នៅ​ឈរ​ជាមួយ​ប្រជាជន​មីយ៉ាន់ម៉ា​ជានិច្ច»។

ទោះជា​យ៉ាង​ណាក្ដី អ្នក​នាំពាក្យ​យោធា​មីយ៉ាន់ម៉ា លោក Zaw Min Tun បាន​ឱ្យ​ដឹង​ថា ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ និង​ឥណ្ឌូនេស៊ី ដំណើរការ​ទៅ​ល្អ​មែនទែន និង​បាន​បញ្ជាក់​ថា៖ «សមាជិក​អាស៊ាន​ទាំង​អស់​នឹង​រក្សា​គោល​នយោបាយ​មិន​ជ្រៀតជ្រែក​ជានិច្ច»។

បន្ថែម​ពី​នេះ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ថៃ លោក TaneeSangrat បាន​ឱ្យ​ដឹង​ថា កិច្ច​ប្រជុំ​ត្រីភាគី​បាន​ឯកភាព​គ្នា​រៀបចំ​កិច្ច​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ក្រៅ​ផ្លូវការ​មួយ​នៅ​ក្នុង​ខែ​សីហា ឆ្នាំ​នេះ។

បើ​តាម​បាងកក​ប៉ុស្ដិ៍ រដ្ឋមន្ត្រី​ការបរទេស​ និង​ជា​អនុរដ្ឋមន្ត្រី​ប្រទេស​ថៃ​ លោក​ Don Pramudwinaiក៏​ជួប​ជាមួយ​ភាគី​រដ្ឋមន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា លោក Wunna Maung Lwin ដែល​ជំនួស​លោកស្រី​ អ៊ុងសាន ស៊ូជី និង​ភាគី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី លោកស្រី Retno Marsudi ផង​ដែរ​ ហើយ​ជំនួប​ពិភាក្សារ​នេះ​ត្រូវ​គេ​រាយការណ៍​ថា​ ជា​ការ​លើក​ឡើង​អំពី​របប​យោធា​ដែល​កំពុង​តែ​កើត​ឡើង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ដោយ​ឡែក​លោក​រដ្ឋមន្ត្រី​ការ​បរទេស​មីយ៉ាន់ម៉ា​ត្រូវ​បាន​បាងកក​ប៉ុស្តិ៍​រាយការណ៍​ថា បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ​លោក​ Prayut Chan-o-cha ផង​ដែរ៕