ក្រុងហ្សាការតាៈ​ ក្រុម​មន្ត្រី​ឥណ្ឌូនេស៊ី​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ប្រអប់​ខ្មៅ​ថត​សំឡេង​ពី​យន្តហោះ​របស់​ក្រុមហ៊ុន Lion Air ​ដែល​បាន​ធ្លាក់​កាល​ពី​ខែ​តុលា​ ​ត្រូវ​បាន​គេ​រក​ឃើញ​ ហើយ​ការ​រក​ឃើញ​ប្រអប់​នេះ​ មាន​សារៈ​សំខាន់​ណាស់​ចំពោះ ការ​ពន្យល់​ពី​មូលហេតុ​អ្វី​ដែល​បាន​បង្ក​ឲ្យ​យន្តហោះ​ម៉ាក​ថ្មី​មួយ​នេះ​ធ្លាក់ ​ក្រោយ​ពី​ហោះ​ឡើង​ មិន​បាន​ប៉ុន្មាន​នាទី​ផង​នោះ​។

យន្តហោះ​​ Boeing ​737 MAX ​បាន​បាត់​ចេញ​ពី​រ៉ាដា​ប្រហែល​ ១៣ ​នាទី​ ក្រោយ​ពី​ហោះ​ចេញ​ពី​ក្រុង​ហ្សាការតា ​ដោយ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ជ្វា​ភ្លាម​ៗ ក្រោយ​ពី​ក្រុម​ពីឡុត ​បាន​ស្នើសុំ​ហោះ​ត្រឡប់​ទៅ​ក្រុង​ហ្សាការតា​វិញ និង​​បាន​បណ្តាល​ឲ្យ​អ្នក​ដំណើរ​ទាំង​អស់​ ១៨៩ ​នាក់​ ស្លាប់​នៅ​ក្នុង​យន្តហោះ​។

ក្រុម​អាជ្ញាធរ​ បាន​ថ្លែង​ថា ​ប្រអប់​ខ្មៅ​ថត​សំឡេង​​ពណ៌​ទឹក​ក្រូច​នោះ ​​ត្រូវ​បាន​គេ​រក​ឃើញ​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ចម្ងាយ​ប្រហែល​ ១០ ​ម៉ែត្រ​ ពី​​ទីតាំង​ដែល​យន្តហោះ​នោះ​ បាន​ធ្លាក់​កាល​ពី​ខែ​តុលា ឆ្នាំ​ ២០១៨​។

លោក​ Haryo Satmiko ​អនុ​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​ឥណ្ឌូនេស៊ី​ទទួល​បន្ទុក​ផ្នែក​សុវត្ថិភាព និង​​ដឹក​ជញ្ជូន​ (NTSC) ​បាន​ថ្លែង​​ប្រាប់​ AFP ​ថា ​៖ «​ប្រអប់​ខ្មៅ​​ទី ២ ​របស់​យន្តហោះ ពិត​ជា​សំខាន់​ណាស់​សម្រាប់​​​ការ​ស៊ើប​អង្កេត ពី​មូលហេតុ​​ដែល​បណ្តាល​ឲ្យធ្លាក់​​នោះ»៕ AFP/SK