ក្រុង​បាងកកៈ លោក​នាយក​រដ្ឋមន្ត្រី​ថៃ​ប្រា​យុ​ធ ចានអូ​ចា នៅតែ​មិនទាន់​បញ្ជាក់​ពី​ជំហរ​នៃ​អនាគត​នយោបាយ របស់​លោក​កាល​ពី​ថ្ងៃ​អង្គារ ថ្វីបើ​មាន​ការ​សន្យា​ថា នឹង​បញ្ជាក់​ឲ្យ​ច្បាស់​នៅ​ខែ​នេះ​ក្តី។

មុននេះ លោកនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា លោក​នឹង​បញ្ជាក់​ពី​អនាគត​របស់លោក​បាន​ច្បាស់ ក្រោយ​ពី​ច្បាប់ ២ ចុង​ក្រោយ​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​សភា និង​ព្រឹទ្ធសភា ត្រូវ​បាន​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​ទស្សនា​វដ្តី​ភូមិន្ទ​និង​បម្រាម​ទៅ​លើ​ក្រុម​គណបក្ស​នយោបាយ​នានា ត្រូវ​បន្ធូរ​បន្ថយ។

ច្បាប់ ២ នេះ ត្រូវបាន​អនុម័ត​កាលពី​ថ្ងៃ​ពុធ។ ច្បាប់​ស្តីពី​ព្រឹទ្ធសភា មាន​ប្រសិទ្ធភាព​ចាប់​ពីថ្ងៃ​ព្រហស្បតិ៍​នេះ​តទៅ ខណៈ​ដែល​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​សភា​នឹង​ចូល​ជា​ធរមាន​រយៈពេល ៩០ ថ្ងៃ​ក្រោយ​ពី​បោះពុម្ព​ផ្សាយ។

ទន្ទឹមគ្នា​នេះដែរ កាលពី​ថ្ងៃ​សុក្រ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុ​ធ បាន​ប្រើ​អំណាច​ពិសេស​របស់​លោក​នៅ​ក្រោម​មាត្រា ៤៤ ដើម្បី​អនុញ្ញាត​ឲ្យ​បណ្តា​បក្ស​នយោបាយ ធ្វើ​សកម្មភាព​មុន​ពេល​បោះ​ឆ្នោត ថ្វី​បើ​យុទ្ធនាការ​ឃោសនា​ត្រូវ​បាន​ហាម​នៅ​ឡើយ។

ថ្វីបើ​លក្ខខណ្ឌ​ជាច្រើន​របស់លោក ត្រូវបាន​បំពេញ​ហើយ​ក្តី​ក៏​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រាយុធ​មិន​លើក​យក​បញ្ហា​នេះ​មក​ជជែក​កាល​ពី​ថ្ងៃ​អង្គារ។

លោក​ឧ​ត្ត​ម​សេនីយ៍ បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត ដែល​សួរ​អំពី​គោលបំណង​នយោយ​បាយ​​របស់​លោក​ថា៖ «ហេតុអ្វី​បាន​ជា​អ្នក​មាន​ចំណាប់​អារម្មណ៍​លើ​ខ្ញុំ? ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​នឹង​ប្រកាស​ពី​បំណង​របស់​ខ្ញុំ​ក្រោយ​ពី​ច្បាប់ ២ នេះ ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ ពិត​ជា​ត្រឹមត្រូវ ក្រោយ​ពី​ច្បាប់​នេះ ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ»៕