ក្រុង​រីយ៉ាដ៖ ​មន្ត្រី​បាន​ថ្លែង​ថា ​ក្រុម​ឧទ្ទាម​ហ៊ូធី​នៅ​យេម៉ែន​ បាន​វាយ​ប្រហារ​មីស៊ីល​ទៅ​លើ​រោងចក្រ​ផលិត​ប្រេង​សាអ៊ូឌីត​អារ៉ាមកូ ​១ កន្លែង ​នៅ​ក្នុង​ទីក្រុង​សមុទ្រ​ក្រហម​ជីដដាហ៍​ កាល​ពី​ថ្ងៃ​ចន្ទ​ ដោយ​បាន​ធ្វើ​ឱ្យ​ផ្ទុះ និង​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ក្នុង​អាង​ស្តុក​ប្រេង​មួយ​នៅ​ទីនោះ​។​

ការ​វាយ​ប្រហារ​នោះ​ បាន​កើត​ឡើង​នៅ​ពេល​ថ្ងៃ​ ក្រោយ​ពី​ព្រះរាជាណាចក្រ​នេះ បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​កិច្ច​ប្រជុំ​កំពូល​ក្រុម​ប្រទេស ​G20 ​ហើយ​មាន​រយៈពេល​ជាង ​១ ​ឆ្នាំ​ក្រោយ​ពី​​​មាន​ការ​វាយ​ប្រហារ​ទៅ​លើ​ទីកន្លែង​រោងចក្រ​ផលិត​ប្រេង​អារ៉ាមកូ​ដ៏​សំខាន់ ដែល​បាន​បង្ក​ឱ្យ​មាន​ចលាចល​នៅ​លើ​ទីផ្សារ​លក់​ប្រេង​សកល​។​

ក្រុម​ឧទ្ទាម​ហ៊ូធី​ ដែល​​គាំទ្រ​ដោយ​អ៊ីរ៉ង់​បាន​ថ្លែង​ថា ​ពួក​គេ​បាន​បើក​ការ​វាយ​ប្រហារ​មីស៊ីល​ Quds-2​ ១ គ្រាប់ ​ទៅ​លើ​រោងចក្រ​ចែកចាយ​ប្រេង​នោះ​ ជា​ការ​សងសឹក​ទៅ​នឹង​ការ​ដើរ​តួនាទី​យ៉ាង​សំខាន់​របស់​ប្រទេស​អារ៉ាប៊ី​ សាអ៊ូឌីត​ ចំពោះ​ការ​ដឹកនាំ​ក្រុម​ចម្រុះ​យោធា ​១ ដែល​បាន​គាំទ្រ​រដ្ឋាភិបាល​នៅ​ក្នុង​ជម្លោះ​យ៉ាង​យូរ​នៅ​ប្រទេស​​យេម៉ែន​។​

ក្រុម​ឧទ្ទាម​ហ៊ូធី​ចាប់​តាំង​ពី​ពេល​នោះ​មក ​កាល​ពី​ឆ្នាំ ​២០១៩ បាន​ចាប់​ផ្តើម​បង្កើន​ការ​វាយ​ប្រហារ​ជា​ច្រើន​លើក​ ទៅ​លើ​ប្រទេស​ក្បែរ​ខាង​អារ៉ាប៊ី​ សាអ៊ូឌីត​ ជា​ពិសេស​បាន​កំណត់​គោលដៅ​ទៅ​លើ​ខេត្ត​មួយ​ចំនួន​នៅ​ភាគ​ខាង​ត្បូង​ នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​បែងចែក​ជួរ​មុខ​របស់​ពួក​គេ​។ ​ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ ​ទី​ក្រុង​ជីដដាហ៍​មាន​ចម្ងាយ​ប្រហែល ​៦០០ ​គីឡូម៉ែត្រ​ ពី​ខ្សែ​បន្ទាត់​ព្រំដែន​សមរភូមិ​ជួរ​មុខ​។​

ក្រសួង​ថាមពល​អារ៉ាប៊ី​ សាអ៊ូឌីត​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​៖ «​ការ​ផ្ទុះ ​១ បាន​កើត​ឡើង​ ដោយសារ​ការ​វាយ​ប្រហារ​ភេរវកម្ម​»​៕ AFP/SK