ក្រុងរ៉ូម៉ាន់ហ្គាបូៈ ក្រុមឧទ្ទាមនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបាននិយាយថា ពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបដោយ«កម្លាំងពេញ ទំហឹង»ចំពោះការវាយប្រហារណាមួយរបស់កម្លាំងប្រយុទ្ធដំបូងរបស់អ.ស.ប.។

កាលពីខែមីនា ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. បានបន្តអាជ្ញាយុកាលនៃបេសកកម្មអ.ស.ប.នៅ កុងហ្គោ(Monusco) និងបានអនុម័តបង្កើតកងពលតូចអន្តរាគមន៍៣ពាន់នាក់។
កម្លាំងដែលនឹងមានទាហានមកពីអា្រហ្វិកខាងត្បូងតង់ហ្សានី និងម៉ាឡាវីនេះនឹងត្រូវបំពាក់ដោយ កងឯកភាពកាំភ្លើងធំនិងឧទ្ធម្ភាគចក្រនិងមានបំណងទប់ទល់ការបះបោររបស់ក្រុម M23 ពេញមួយឆ្នាំ និងក្រុមប្រដាប់អាវុធជាច្រើនទៀតនៅភាគខាងកើតនៃប្រទេសកុងហ្គោ។
ប៉ុន្តែលោកវរសេនីយ៍ឯកVianney Kazarama អ្នកនាំពាក្យយោធារបស់ក្រុមឧទ្ទាមM23 បានឆ្លើយតបទាំងងងើលចំពោះការមកដល់របស់ទាហានអ.ស. ប.។ លោកបានប្រាប់ Guardian នៅឯជំរំហ្វឹកហ្វឺនកុម្ម៉ង់ដូក្នុងតំបន់រ៉ូម៉ាន់ហ្គាបូថា៖«យើងបានត្រៀមខ្លួនរួចហើយសម្រាប់កងពលតូចនេះ។ ពួកគេនឹងមិនស្គាល់ទឹកដី យុទ្ធសាស្ត្ររបស់យើងមិនចេះទាំងភាសាតំបន់ផង»។ វានឹងធ្វើឲ្យពួកគេចំណាយពេលរាប់សប្តាហ៍ ដើម្បីរៀបចំ។ បើសិនពួកគេវាយប្រហារយើងនឹងឆ្លើយតបវិញភ្លាមៗ និងពេញកម្លាំង។
ឧត្តមសេនីយ៍James Mwakibolwa នៃប្រទេសតង់ហ្សានីដែលនឹងដឹកនាំកងពលតូចអ.ស. ប.នេះ បានមកដល់ក្រុងហ្គោម៉ានៃខេត្តគីវូខាងជើងដែលជាទីតាំងប្រយុទ្ធជាមួយM23 តាំងពីខែមេសា២០១២។ ទោះជាយ៉ាងណា ក្រៅពីលោកមិនមានសញ្ញាផ្សេងនៃកម្លាំងអ.ស.ប.ទេ។
យោងតាមក្រុមមន្ត្រីMonusco ឲ្យដឹងថាទាហានអា្រហ្វិកខាងត្បូង និងតង់ហ្សានី និងគ្រឿងសព្វាវុធកំពុងធ្វើដំណើរមកដោយរំពឹងថា នឹងមកដល់នៅសប្តាហ៍បន្ទាប់ឯទាហានមកពីម៉ាឡាវីនឹងមកដល់ពេលក្រោយ៕ IN