ក្រុង ហ្កៅៈ កម្លាំងដែលដឹកនាំដោយបារាំង បានសម្លាប់ក្រុមអ៊ិស្លាមនិយមរាប់រយនាក់ដែលកំពុងតែប្រយុទ្ធដើម្បីដណ្តើមតំបន់ភាគខាងជើងម៉ាលីវិញ ហើយខណៈមូលដ្ឋានចុងក្រោយរបស់ក្រុមឧទ្ទាមត្រូវបានធានាសុវត្ថិភាពបារាំង បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងដកទាហានរបស់ខ្លួនចេញ ចាប់ពីខែមីនា។ រដ្ឋមន្រ្តីការពារជាតិលោក ហ្សង់អ៊ីវ៉េស ឡឺទ្រៀន បាននិយាយថា អន្តរាគមន៍យោធា២៦ថ្ងៃបានសម្លាប់«ក្រុមសកម្មប្រយុទ្ធអ៊ិស្លាមនិយម«ជាច្រើនរយនាក់» ខណៈដែលកម្លាំងអាកាស និងថ្មើរជើងរបស់ខ្លួន បានដេញតាមពួកគេពីទីតាំងរឹងមាំភាគខាងជើងពួកគេទៅក្នុងតំបន់ភ្នំដាច់ស្រយាលនៅភាគឦសានឆ្ងាយក្បែរព្រំដែនអាល់ហ្សេរី។

ក្រសួងការពារជាតិបារាំងបាននិយាយថា ក្រុមអ៊ិស្លាមនិយម បានស្លាប់ក្នុងការវាយប្រហារផ្លូវ អាកាសរបស់បារាំងលើរថយន្តជាច្រើនដែលដឹកយុទ្ធជននិងគ្រឿងបរិក្ខារ និងនៅក្នុងការប្រយុទ្ធផ្ទាល់នៅកូណា និងហ្កៅដែលជាទីប្រជុំជនដ៏មានសារៈសំខាន់ភាគខាងជើងនិងភាគកណ្តាល។ ការស្លាប់តែម្នាក់របស់បារាំងមកដល់ពេលនេះគឺអ្នកបើកឧទ្ធម្ភាគចក្រម្នាក់ដែលត្រូវគេសម្លាប់ពេលចាប់ផ្តើមប្រតិបត្តិការយោធា។ ម៉ាលី បាននិយាយថា ទាហាន១១នាក់របស់ខ្លួន ត្រូវបានគេសម្លាប់ ហើយ៦០នាក់ទៀត រងរបួស បន្ទាប់ពីការប្រយុទ្ធគ្នានៅឯតំបន់កូណាកាលពីខែមុន។ លោក ឡឺទ្រៀន បាននិយាយថា កងទ័ពម៉ាលី បានចាប់ខ្លួន«អ្នកទោសខ្លះមិនច្រើនទេ ដែលនឹងត្រូវឆ្លើយចំពោះមុខតុលាការម៉ាលី និងតុលាការអន្តរជាតិ»។ លោក បានអះអាងបន្ថែមថាអ្នកដែលគេឃុំខ្លួនខ្លះ គឺជាក្រុមសកម្មប្រយុទ្ធជាន់ខ្ពស់។ រដ្ឋមន្រ្តីការបរទេសបារាំងលោក ឡូរ៉ង ហ្វាប៊ីយូស បានប្រាប់កាសែតប្រចាំថ្ងៃមេត្រូ ថាបារាំងរំពឹងថានឹងចាប់ផ្តើមដកទាហានរបស់ខ្លួនពីម៉ាលី«ដែលនឹងចាប់ផ្តើមនៅខែមីនាប្រសិនបើអ្វីៗដំណើរការដូចការគ្រោងទុក៕ NR