ក្រុង​ប៉ារីស៖​ ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​អ្នក​ធ្វើ​ការ​ផ្នែក​សង្គ្រោះ​បន្ទាន់ ​៣ ​នាក់​បាន​ស្លាប់ ​នៅ​ឧប្បតិ្តហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​ នៅ​ក្បែរ​ក្រុង​ម៉ាកសី ​នៅ​ពេល​បំពេញ​បេសកកម្ម​ជួយ​សង្គ្រោះ​នៅ​ក្នុង​ប្រទេស ​បារំាង ​ភាគ​ខាង​ត្បូង ​ដែល​រង​ប៉ះពាល់​ដោយសារ​តែ​ទឹក​ជំនន់​។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ លោក​រដ្ឋមន្ត្រី​មហាផ្ទៃ ​Christophe Castaner និង​លេខា​របស់​លោក ​គឺ​លោក​ Laurent Nunez ​បាន​ថ្លែង​ថា​ ឧទ្ធម្ភាគចក្រ EC145 ​របស់​ពួក​គេ បាន​បាត់បង់​ការ​ទាក់ទង​តាម​វិទ្យុ​ និង​រ៉ាដា​ ខណៈ​ដែល​ពេល​ហោះហើរ​ទៅ​ជួយ​សង្គ្រោះ​នៅ​ក្នុង​តំបន់​វ៉ារ​កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ។ ​អ្នក​ទាំង​ ៣ នាក់​នោះ ​ត្រូវ​បាន​គេ​រក​ឃើញ​ស្លាប់​នៅ​ម៉ោង ​១ ​និង ​៣០ ​នាទី​ព្រឹក​ នៅ​ក្បែរ​ទីប្រជុំ​ជន​រ៉ូវ​។

ការ​ស៊ើប​អង្កេត​កំពុង​ដំណើរការ ​ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​នោះ​។

លោក​ Castaner និង​លោក​ Nunez បាន​ថ្លែង​ថា៖ «ខណៈ​​ថ្ងៃ​នេះ​ ប្រទេស ​បារាំង ​កំពុង​​​ត្រៀម​រៀបចំ​គោរព​វិញ្ញាណក្ខន្ធ ដល់​ទាហាន ​១៣ ​នាក់ ​ដែល​បាន​ស្លាប់​នៅ​ពេល​ធ្វើ​ការងារ​សង្គ្រោះ​នៅ​​(​ប្រទេស​ ​​ម៉ាលី)​ ប្រទេស​​របស់​យើង​ បាន​បាត់បង់​វីរបុរស ​៣ នាក់​ ដែល​បាន​ពលី​ជីវិត​​ដើម្បី​ការពារ​ប្រជាជន​បារាំង»៕ AFP/PSA