ក្រុង​ដាក្កា៖ ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ដែល​បាន​រក​ឃើញ​បុរស​ម្នាក់​នៅ​មាន​ជីវិត​នៅ​ក្នុង ​«អព្ភូតហេតុ» ​មួយ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​​នោះ​​ បាន​​និយាយ​ថា ​មនុស្ស​យ៉ាង​តិច ​៣២ ​នាក់​បាន​ស្លាប់​ ក្រោយ​ពី​នាវា​ចម្លង ​១ គ្រឿង​បាន​ក្រឡាប់​ និង​លិច​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​រដ្ឋធានី​ដាក្កា​នៃ​ប្រទេស​បង់ក្លាដែស​ បន្ទាប់​ពី​នាវា​​នោះ​ បាន​បុក​គ្នា​​ជាមួយ​នាវា ១ គ្រឿង​ទៀត។ ​​

មនុស្ស ​១២ ​នាក់​ ត្រូវ​បាន​គេ​ចុះ​បញ្ជី​ដំបូង​ថា ​កំពុង​បាត់​ខ្លួន​នៅ​ក្នុង​ឧប្បត្តិហេតុ​នោះ​​។​

នាវា​ចម្លង ​The Morning Bird ​ត្រូវ​បាន​បុក​ពី​ក្រោយ​ ដោយ​នាវា​ចម្លង​ ​១​ គ្រឿង​ផ្សេង​ទៀត​ នៅ​ប្រហែល​ម៉ោង ​៩ ​និង ​៣០ ​នាទី​ព្រឹក​ នៅ​អំឡុង​ពេល​ចរាចរណ៍ដ៏​មមាញឹក​ នៅ​ពេល​កំពង់ផែ​ទន្លេ​ធំ​ជាង​គេ​បំផុត​របស់​ប្រទេស​​ ដែល​​សម្បូរ​ទៅ​ដោយ​នាវា​ចម្លង​រាប់​សិប​គ្រឿង​នៅ​ទីនោះ​។​

លោក ​អាហ្សាហ៊ី​ឌុល​ អ៊ីស្លាម​ ជា​អ្នក​មុជ​ទឹក​ម្នាក់​នៅ​ក្នុង​ក្រុម​ពន្លត់​អគ្គិភ័យ​ បាន​ថ្លែង​ប្រាប់​កាសែត ​AFP ​ថា៖ ​«​យើង​បាន​ស្រង់​សាកសព​ចំនួន ​៣២ ​នាក់​ យើង​បាន​រក​ឃើញ​នាវា​ចម្លង​នៅ​ក្នុង​ទឹក​មាន​​ជម្រៅ​ជាង ​១៥ ម៉ែត្រ​ នៅ​ក្នុង​ទន្លេ​នោះ​»​។​

«​ខ្ញុំ​គិត​ថា​ យើង​បាន​ស្រង់​សាកសព​យ៉ាង​ច្រើន​នៅ​ក្នុង​ចំណោម​សាកសព​ទាំង​នោះ​ ​ហើយ​សាកសព​ដែល​នៅ​សល់​ផ្សេង​ទៀត​ អាច​ត្រូវ​បាន​ស្រង់​ចេញ​ ប្រសិន​បើ​នាវា​ចម្លង​នោះ ​អាច​ត្រូវ​បាន​គេ​សណ្តោង​ និង​លើក​ចេញ​ពី​​ទឹក​ ​នាវា​នោះ​ទំនង​ជា​បាន​កប់​នៅ​ក្នុង​ភក់​បាត​ទន្លេ​នោះ​»​។​

នៅ​ក្នុង​​រយៈពេល​ជាង ​១២​ ម៉ោង​ ក្រោយ​ពី​នាវា​ចម្លង​ដែល​បាន​​ដឹក​អ្នក​ដំណើរ​នោះ​ បាន​លិច​ចូល​ក្នុង​បាត​​ទន្លេ​​ ហើយ​អ្នក​ដំណើរ​ម្នាក់​​ នៅ​មាន​ជីវិត​នៅ​ឡើយ​៕ AFP/SK