ក្រុងកាន់ដាហាៈ មន្ត្រីអាហ្វហ្គានីស្ថាន បានថ្លែងកាលពីថ្ងៃពុធថា ឧប្បត្តិហេតុបាញ់ច្រឡំ រវាងទាហានអាហ្វហ្គានីស្ថាន និងអាមេរិកបានបណ្តាលឲ្យទាហានអាហ្វហ្គានីស្ថាន ៥ នាក់ស្លាប់ ដោយក្រសួងការពារជាតិលើកឡើងថា៖ «មិនមានការសម្របសម្រួលគ្នាឲ្យបានត្រឹមត្រូវ»។
អ្នកនាំពាក្យអង្គការណាតូម្នាក់នៅក្រុងកាប៊ុល បានប្រាប់ AFP ថា ឧប្បត្តិហេតុនោះ បានកើតឡើងកាលពីថ្ងៃពុធ នៅពេលក្រុមល្បាតអាមេរិក និងអាហ្វហ្គានីស្ថាន ១ ក្រុម បានរងការបាញ់ប្រហារគ្នានៅក្បែរប៉ុស្តិ៍យាមរបស់ទាហានអាហ្វហ្គានីស្ថាន ១ កន្លែងនៅជាយក្រុងថារិនកូត ជារដ្ឋធានីនៃខេត្តអ៊ូរ៉ូហ្គាន។
លោក Karim Karimi អនុប្រធានក្រុមប្រឹក្សាខេត្តអ៊ូរ៉ូហ្គានបានថ្លែងថា ពួកគេ បានអំពាវនាវឲ្យមានការវាយប្រហារផ្លូវអាកាសដែលបានចំទីតាំងប៉ុស្តិ៍យោធា ដោយបណ្តាលឲ្យទាហានអាហ្វហ្គានីស្ថាន ៥ នាក់ ស្លាប់ និង១០ នាក់ផ្សេងទៀតរងរបួសធ្ងន់។
លោក Karim Karimi បានប្រាប់ AFP ថា៖ «នៅពេលទាហានអាមេរិក បានល្បាត ទៅដល់មូលដ្ឋានយោធានោះ ទាហាន ANA (កងទ័ពជាតិអាហ្វហ្គានីស្ថាន) ប្រហែលជាគិតថា ទាហានទាំងនោះ គឺជាក្រុមតាលីបង់ ដែលដើរសំដៅមកកាន់ពួកគេ»។
ផ្នែកជាច្រើននៃខេត្តអ៊ូរ៉ូហ្គាន នៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមសកម្មប្រយុទ្ធ បានបង្កើនការវាយប្រហាររបស់ពួកគេ ចូលទៅក្នុងទីក្រុងនៃខេត្តនោះជាច្រើនលើក។
លោក អនុប្រធានក្រុមប្រឹក្សា Karim Karimi បានថ្លែងថា ទាហានអាហ្វហ្គានិស្ថាន ១៧ នាក់ បានប្រចាំការនៅប៉ុស្តិ៍ នោះ ដោយទាហាន ២ នាក់ប៉ុណ្ណោះគេចផុតពីការវាយប្រហារនោះ៕ AFP/SK