កាលពីថ្ងៃពុធ​ ទី ៧ មេសា​ បាតុកម្ម​ប្រឆាំងនឹង​របប​គ្រប់គ្រង​ប្រទេសមីយ៉ាន់ម៉ា​ បាន​ផ្ទុះឡើង​នៅ​ទីក្រុងឡុង​ដ៍បន្ទាប់​ពីឯក​អគ្គរដ្ឋទូត​មីយ៉ាន់ម៉ា​ប្រចាំនៅ​ចក្រភព​អង់គ្លេស ​ត្រូវបាន​បណ្តេញចេញ​ពី​ស្ថានទូត​នៅក្នុងទី​ក្រុងឡុងដ៍។​ ឯក​អគ្គរដ្ឋទូត​មីយ៉ាន់ម៉ា​ប្រចាំ​ចក្រភព​អង់គ្លេស ​លោក Kyaw Zwar Minn ​បាន​និយាយ​ថា ស្ថានទូត​ត្រូវបាន​ឃាំងដោយ​ឥស្សរ​ជនយោធា​មីយ៉ាន់ម៉ា​។

កន្លងមក​លោក​Zwar Minn​ បាន​និយាយ​ប្រឆាំងនឹង​យោធានៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ដោយ​អំពាវនាវ​ឱ្យមាន​ការ​ដោះលែង​លោក​ស្រី​ Aung San SuuKyi។ លោក​ក៏ធ្លាប់​បានជួប​ជា​មួយ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អង់គ្លេស ​Dominic Raab កាលពី​ខែមីនាដើ​ម្បី​ពិភាក្សា​អំពី​វិបត្តិដែល​កំពុងកើត​មានឡើង​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​។

លោក Kyaw Zwar Minn ​បាន​ប្រាប់​ការសែត​ DailyTelegraph “នៅពេល​ដែលខ្ញុំបាន​ចាកចេញ​ពីស្ថានទូត​ពួកគេ​បាន​សម្រុកចូល​បរិវេណ​ខាងក្នុង​ហើយ​កាន់កាប់​ទីតាំងនេះ។ ​ពួកគេ​មកពី​ក្រុមយោធា​មីយ៉ាន់ម៉ា”​ ហើយលោក​បន្តថា “​ពួកគេ​ប្រាប់ខ្ញុំថា ​ពួកគេ​បាន​ទទួល​ការណែនាំ​ពី​រដ្ឋធានី​ដូច្នេះ​ពួកគេ​នឹង​មិន​អនុញ្ញាត​ឱ្យ​ខ្ញុំចូលក្នុង​វិញបាន​ទេ”៕