បុរីញូវយ៉កៈ ឯកអគ្គរដ្ឋទូត​ប៉ា​ឡេ​ស្ទី​ន បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា អាមេរិក​បាន​ដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​មន្ត្រី​ប៉ាឡេស្ទីន ៦ រូប ដើម្បី​ចូលរួម​ជំនួប​កម្រិត​ខ្ពស់​ស្តីពី​ការ​អភិវឌ្ឍ​នៅ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ក្រុង​ញូវយ៉ក។

មន្ត្រី​ទាំង ៦ រូបនោះ មកពី​ការិយាល័យ​នាយករដ្ឋមន្ត្រី​ប៉ា​ឡេ​ស្ទី​ន ត្រូវ​បង្ហាញ​របាយការណ៍​មួយ​ស្តី​ពី​កិច្ច​ប្រឹង​ប្រែង​របស់​ប៉ាឡេស្ទីន ដើម្បី​សម្រេច​បំណង​ចំនួន ១៧ ដែល​ដាក់​ចេញ​ដោយ​អង្គការ​សហ​ប្រជាជាតិ ក្នុង​គោល​បំណង​បញ្ចប់​ភាព​ក្រីក្រ និង​លើក​កម្ពស់​វិស័យ​អប់រំ និង​សុខាភិបាល។

លោក Riyad Mansour តំណាង​ប៉ា​ឡេ​ស្ទី​ន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ បាន​ថ្លែងប្រាប់​ក្រុម​អ្នក​កាសែត​ថា៖ «កុងស៊ុល​អាមេរិក បាន​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​ពួកគេ និង​តាម​ពិត​នោះ អ៊ីស្រាអែល​ដែល​ក្តោប​ក្ដាប់​អំណាច បាន​ធ្វើ​ឲ្យ​បញ្ហា​នេះ មាន​ភាព​ស្មុគ​ស្មាញ។

អង្គការសហប្រជាជាតិ​កំពុង​រៀបចំ​វេទិកា​នយោបាយ​មួយ​នៅ​សប្តាហ៍​នេះ ដើម្បី​ប្រមូលផ្តុំ​កិច្ចប្រឹង​ប្រែង ដើម្បី​សម្រេច​គោល​បំណង​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព ដែល​ឱសាន​វាទ​ត្រឹម​ឆ្នាំ ២០៣០។

នៅពេល​អវត្តមាន​មន្ត្រី​ទាំង៦រូបនោះ​ឯកអគ្គរដ្ឋទូត​រូបនេះ​ធ្វើ​បទ​បង្ហាញ ក្នុងនាម​ជា​ប៉ា​ឡេ​ស្ទី​ន ដែល​មាន​ឋានៈ​មិន​មែន​ជា​សមាជិក​អ្នក​សង្កេត​ការណ៍​នៅ​អង្គការ​សហ​ប្រជាជាតិ​នោះ។

លោក Riyad Mansour បាន​ថ្លែងថា ក្រុម​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​សម្រេច​គោល​បំណង​ទាំង​នោះ៕