បុរី​ញូវ​យ៉កៈ ​ឯក​អគ្គ​រដ្ឋ​អាមេរិក​លោក​ស្រី​ នីក គី​ហាលី ​កាល​ពី​ថ្ងៃ​ពុធ ​បាន​ចោទ​ប្រកា​ន់​ក្រុម​សិទ្ធិ​មនុស្ស​ចំពោះ​ការ​ធ្វើ​ឲ្យ​ការ​ជំរុញ​របស់​អាមេរិក​ ឲ្យ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គ​ការ​សហ​ប្រជា​ជាតិ​ធ្វើ​កំណែ​ទម្រង់ ​បរា​ជ័យ​ និង​ចូល​រួម​ចំណែក​ដល់​ការ​ធ្វើ​ឲ្យ​ក្រុង​វ៉ាស៊ីន​តោន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ស្ថាប័ន​មួយនេះ​។

នៅ​ក្នុង​លិខិត​មួយ ​ដែល​ត្រូវ​បាន​ផ្ញើ​ជូន​បណ្តា​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​នោះ​ លោក​ស្រី​ហាលី ​បាន​បញ្ជាក់​ថា​ ពួក​គេ​ បាន​ដើរ​នាទី​គ្មាន​ការ​ស្ថាបនា ​ដោយ​បាន​ បដិ​សេធ​មិន​គាំទ្រ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អាមេរិក​ក្នុង​ការ​ដក​បញ្ហា​អុីស្រា​អែល​ចេញ​ពី​របៀប​វារៈ​ជំនួប​នៅ​ក្រុម​ប្រឹក្សា​នេះ។

កាល​ពី​ថ្ងៃ​អង្គារ ​លោក​ស្រី​ហាលី​ បាន​ប្រកាស​ថា ​អាមេ​រិក ​ចាក​ចេញ​ពី​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ ​ដោយ​បាន​ថ្កោល​ទោស​ចំពោះ​ភាព​មិន​ស្មោះ​ត្រង់​របស់​ក្រុម​សមា​ជិក​របស់​ក្រុម​ប្រឹក្សា​នេះ​ និង​តាម​ការ​ចោទ​ប្រកាន់​ ជំរុញ​ឲ្យ​ប្រឆាំង​ជំទាស់​នឹង​អ៊ីស្រាអែល​ឥត​ឈប់​ឈរ។​​

នៅ​ក្នុងលិខិត​​ដែល​ AFP ​បាន​ឃើញ​នោះ​ លោក​ស្រី​ហាលី ​បាន​ថ្លែង​ថា ៖​«លោក ​អ្នក ​គួរ​តែ​ដឹង​ថា កិច្ច​ប្រឹង​ប្រែង​របស់​លោក​ អ្នក​ក្នុង​ការ​រា​រាំង​ការ​ចរចា​នានា​ និង​ការ​ធ្វើ​ឲ្យ​កំណែ​ទម្រង់​បរា​ជ័យ​ គឺ​ជា​កត្តា​រួម​ចំណែក​ក្នុង​ការ​សម្រេច​ចិត្ត​របស់​អាមេរិក ​ដក​ខ្លួន​ចេញ​ពី​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នេះ​៕ PSA ​