The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ២០១៦ ពិភពលោក​នៅតែ​​​ញាំញី​ដោយ​ឈាម និង​ទឹកភ្នែក​ ខណៈ​ត្រាំ ជាប់​ឆ្នោត ​បង្កការ​ភ័យខ្លាច​ទូទាំង​ពិភពលោក

២០១៦ ពិភពលោក​នៅតែ​​​ញាំញី​ដោយ​ឈាម និង​ទឹកភ្នែក​ ខណៈ​ត្រាំ ជាប់​ឆ្នោត ​បង្កការ​ភ័យខ្លាច​ទូទាំង​ពិភពលោក

Content image - Phnom Penh Post

២០១៦ ពិភពលោក​នៅតែ​​​ញាំញី​ដោយ​ឈាម និង​ទឹកភ្នែក​ ខណៈ​ត្រាំ ជាប់​ឆ្នោត ​បង្កការ​ភ័យខ្លាច​ទូទាំង​ពិភពលោក

ក្រុងប៉ារីសៈ ថ្វីបើ​រឿងរ៉ាវ​នៅ​ទ្វីបអឺរ៉ុប ជុំវិញជន​ចំណាកស្រុក​មកពី​មជ្ឈិមបូពា ហាក់​ត្រូវបាន​ធូរស្រាល ជាមួយនឹង​គោល នយោបាយ​ថ្មីបិទ​ព្រំដែន និង​ការបិទ​ជំរំ ព្រៃកាឡេស​នៅ​បារាំង​ក្តី ជម្លោះ​នៅ​ស៊ីរី និង​អ៊ីរ៉ាក់ នៅ​មិនទាន់​ចប់ ការបំផ្ទុះ​គ្រាប់បែក​របស់​ក្រុម IS នៅតែ​បន្តមាន ដែលជា​ហេតុ​ធ្វើឲ្យ​ការ​បង្ហូរឈាម និង​ទឹកភ្នែក​នៃជន​ស៊ីវិល ដែល​ក្នុងនោះ​មាន​ទាំងស្ត្រី និង​កុមារ នៅតែមាន។

ជាមួយគ្នា​នោះ ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក របស់​សេដ្ឋី​អចលនទ្រព្យ ក្រៅ​ស្ថាប័ន​នយោបាយ បានបង្ក​ការភ័យខ្លាច ទាំង​នៅក្នុង​ស្រុក និងទូទាំង​ពិភពលោក ជាមួយ​វោហា​សាស្ត្រ​បែកបាក់​គ្នា និងការ​ស្រឡាញ់​ជាតិ​ខ្លួន​ដ៏កក្រើក​នៅក្នុងពេល​ឃោសនា របស់លោក។

ខាងក្រោម​នេះ គឺព្រឹត្តិការណ៍ធំៗ ដែល​បាន​កើតមានឡើង​នៅ​ទូទាំង​ពិភពលោក នៅក្នុង​ឆ្នាំ ២០១៦។

-ថ្ងៃទី៨ ខែមករា

មេ​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​ម៉ិកស៊ីក លោក ចូគ្វីន ហ្គូស្មាន់ ដែលមាន​រហស្សនាម អែលឆាប៉ូ ត្រូវបាន​ចាប់ខ្លួន​ជាថ្មី​រយៈពេល ៦ ខែ បន្ទាប់ពី​ការរត់​គេចចេញ​ពីគុក​ដ៏អស្ចារ្យ។

-ថ្ងៃទី១៥ ខែមករា

មនុស្ស ៣០ នាក់ ភាគច្រើន​លោកខាងលិច ត្រូវបាន​សម្លាប់​ក្នុងការ​វាយឆ្មក់​មួយ ដែល​ត្រូវបាន​អះអាង​ដោយ​ក្រុម Al-Murabitoun ទាក់ទង​ក្រុម​ភេរវកម្ម​អន្តរជាតិ អាល់​កៃដា​ទៅលើ​សណ្ឋាគារ​មួយនៅ​ក្រុង Ouagadougou នៃ​ប្រទេស​បួគីណា ហ្វាសូ។

-ថ្ងៃទី១៦ ខែមករា

កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាប្រវត្តិសាស្ត្រ​របស់​អ៊ីរ៉ង់ ជាមួយ​ក្រុម​មហាអំណាច​ពិភពលោក បាន​ចូលជា​ធរមាន។ ក្រោម​កិច្ចព្រមព្រៀង​នោះ រាល់​ទណ្ឌកម្ម​ទាក់ទង​នុយក្លេអ៊ែរ​ប្រឆាំង​អ៊ីរ៉ង់ ត្រូវបាន​លើកលែង ជាថ្នូរ​នឹង​ការទប់ស្កាត់​លើកម្មវិធី​អាវុធ​បរមាណូ​មួយ​ពី​ក្រុង​តេអេរ៉ង់។

-ថ្ងៃទី១៦ ខែមករា

លោកស្រី ឆាយ យីងវិន នៃ​គណបក្សប្រឆាំង​ធំតៃវ៉ាន់ ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធានាធិបតី​ស្ត្រី​ដំបូង​របស់​កោះនេះ ដោយ​ឈ្នះ​ភ្លូកទឹកភ្លូកដី​លើបក្ស​គួកមីងតាំង​កំពុងកាន់​អំណាច ខណៈ ក្រុម​អ្នកបោះឆ្នោត​បាន​បែរខ្នង​ដាក់​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ នឹងចិន។

-ថ្ងៃទី២០-២២ ខែមីនា
ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា រៀបចំ​កិច្ចពិភាក្សា​ជាមួយ​សមភាគី​គុយបា លោក រ៉ាអ៊ូល កា​ស្ត្រូ ក្នុង​ក្រុងឡាហាវ៉ាន ដោយ​ទុក​ការប្រឈមមុខ​ដាក់គ្នា​ដ៏​ជូរចត់​រវាង​អាមេរិក និងកោះ​កុម្មុយនីស្ត​នោះ ដែលមាន​រយៈពេល​ជាង ៥០ ឆ្នាំ នៅមួយ​ឡែក។

-ថ្ងៃទី២២ ខែមីនា

ការបំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅឯ​ព្រលាន​យន្តហោះ​ក្រុង​ប្រ៊ុចសែល និង​ស្ថានីយ​ម៉េត្រូមួយ ដែលគេ​បន្ទោស​លើ​ក្រុម​ទាក់ទង​នឹង​ជីហាដ IS បានសម្លាប់​មនុស្ស ៣២ នាក់។

-ថ្ងៃទី២៧ ខែមីនា

ជន​គ្រាប់បែក​អត្តឃាត​តាលីបង់​បាន​ផ្ទុះក្នុង​ឧទ្យាន​ប៉ាគីស្ថាន​មួយ ដែលកុះ​កដោយ ក្រុមគ្រួសារ​នៅ​ថ្ងៃអាទិត្យ​នៃបុណ្យ​ព្រះ​យេស៊ូ រស់​ឡើងវិញ​ដោយ​សម្លាប់​មនុស្ស ៧៥ នាក់ ក្នុងនោះ​មាន​កុមារ​ជាច្រើន​នាក់។

-ថ្ងៃទី៣០ ខែមីនា
ចលនា​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុងសាន ស៊ូជី ចូលកាន់​អំណាច​បន្ទាប់ពី​ការគ្រប់គ្រង ៥០ ឆ្នាំ​របស់​យោធា​នៅ​មីយ៉ាន់ម៉ា ដោយ​ជំនិត​ជិតស្និទ្ធ​របស់​ម្ចាស់​ជយលាភី​ណូបែល​សន្តិភាព​រូបនោះ ស្បថ ចូលកាន់​តំណែង​ជា​ប្រធានាធិបតី។

-ថ្ងៃទី៣ ខែមេសា

ការ​បែកធ្លាយ​ដ៏ធំ​នៃឯកសារ​ប៉ាណាម៉ា ១១,៥ លាន​ច្បាប់ បង្ហាញ​នូវកិច្ច​ព្រមព្រៀង​ឯនាយ​សមុទ្រ​សម្ងាត់​ជាច្រើន​របស់​ក្រុមទី​ប្រឹក្សា​ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ាឌីមៀរ ពូទីន ក្រុម​មេដឹកនាំ​ពិភពលោក និងក្រុម​អ្នកល្បីឈ្មោះ​ជាច្រើន ក្នុងនោះ​មានទាំង​កីឡាករ Lionel Messi របស់​ក្លិប Barcelona។

-ថ្ងៃទី១៦ ខែមេសា

រញ្ជួយដី​កម្រិត ៧,៨ រ៉ិចទ័រ​នៅ​អេក្វាឌ័រ សម្លាប់​មនុស្ស​ជាង ៦៧០ នាក់ និង​ធ្វើឲ្យ​មនុស្ស​ជិត ៦៣០០ នាក់​របួស។

-ថ្ងៃទី៩ ខែឧសភា

អ្នកនយោបាយ​ហ្វីលីពីន​ដ៏ដាច់ខាត លោក Rodrigo Duterte ទទួល​ជ័យជម្នះ​ការបោះឆ្នោត​ប្រធានាធិបតី​ភ្លូកទឹកភ្លូកដី ដោយសារ​សម្តីច្រាស​ឆ្អេះ​មាត់ស្អុយ​ប្រជានិយម។

-ថ្ងៃទី១២ ខែមិថុនា

មនុស្ស ៤៩ នាក់ ត្រូវបាន​សម្លាប់​នៅ ពេល​ខ្មាន់កាំភ្លើង​ម្នាក់ ដែលបាន​ប្តេជ្ញា រក្ស​ភក្តីភាព​ចំពោះ​ក្រុម IS បើក​ការបាញ់រះ និង​ចាប់ជា​ចំណាប់ខ្មាំង​ក្នុងក្លិប​រាត្រី ស្រឡាញ់​ភេទ​ដូចគ្នា​ក្នុងក្រុង​អូឡានដូ រដ្ឋផ្លរីដា។

-ថ្ងៃទី២៣ ខែឧសភា

ចក្រភព​អង់គ្លេស បោះឆ្នោត​ស្ទើរតែ ៥២ ភាគរយ ដើម្បី​ចាក​ចេញពី​សហភាព​អឺរ៉ុប ក្នុង​លទ្ធផល​នៃ​ការធ្វើ​ប្រជាមតិ​ដ៏ តក់ស្លុត​មួយ។ នាយករដ្ឋមន្ត្រី ដេវីដ កា មេរ៉ន់ បាន​ចុះចេញ​ពីតំណែង​និង​ត្រូវបាន​ជំនួស​ដោយ លោកស្រី Theresa May ក្នុង​ខែកក្កដា។

-ថ្ងៃទី២៨ ខែឧសភា

មនុស្ស ៤៧ នាក់ ត្រូវបាន​សម្លាប់ និង​ជាង ២០០ នាក់​ទៀត រងរបួស​នៅ ឯការ​វាយប្រហារ​គ្រាប់បែក​អត្តឃាត​បី និង​ការវាយប្រហារ​ដោយ​កាំភ្លើង​នៅឯ​ព្រលាន​យន្តហោះ​ធំក្រុង​អ៊ីស្តង់ប៊ុល។

Content image - Phnom Penh Post
ឯក​អគ្គរដ្ឋ​ទូតរុស្ស៊ី លោក Andrey Karlov ដេកស្លាប់​ បន្ទាប់​ពីឃាតក Mevlut Mert Altintas (ស្តាំ​) បាន​បាញ់សម្លាប់​ ក្នុង​ពិធីតាំង​ពិព័រណ៍​រូប​ថតមួយនៅ ក្រុង​អង់ការ៉ា។ Afp

-ថ្ងៃទី៣ ខែកក្កដា

មនុស្ស​ជាង ៣០០ នាក់ ត្រូវគេ​សម្លាប់​នៅពេលដែល​ជន​រថយន្ត​អត្តឃាត​ម្នាក់ វាយប្រហារ​តំបន់​លក់ដូរ​មមាញឹក​មួយ ក្នុង​ក្រុងបាកដាដ ដែល IS អះអាង។

-ថ្ងៃទី៨-១១ ខែកក្កដា

មនុស្ស​យ៉ាងតិច ៣០០ នាក់ ស្លាប់​ក្នុងការ​ប៉ះទង្គិច​គ្នា​រវាង​កម្លាំង​គាំទ្រ​ប្រធានាធិបតី ស៊ូដង់​ខាងត្បូង លោក Salva Kiir និង​គូប្រជែង Riek Machar។

-ថ្ងៃទី១៤ ខែកក្កដា

ពលរដ្ឋ​ទុយនីស៊ី​​ម្នាក់ បើករថយន្ត​ធំបុក​រះ​ហ្វូងមនុស្ស​ដែល​កំពុង​ឆ្លងបុណ្យ Bastille Day ក្នុងក្រុងនីស ដោយ​សម្លាប់​មនុស្ស ៨៦ នាក់។

-ថ្ងៃទី១៥ ខែកក្កដា

យោធា​ទុច្ចរិត​មួយក្រុម បាន​ព្យាយាម​បណ្តេញ​ប្រធានាធិបតី​តួកគី​លោក​រ៉េសិប តៃយីប អេរដូហ្គែន​ពី​តំណែង។របប​នេះ និយាយថា បព្វជិត​មូស្លីម​និរទេស លោក Fethullah Gulen នៅ​ពីក្រោយ​រដ្ឋប្រហារ​នោះ និង​ធ្វើការ​បោសសម្អាត​មួយ ដែល​ក្នុងនោះ​មនុស្ស​ជាង ១០ ម៉ឺននាក់ ត្រូវបាន​ឃុំឃាំង បណ្តេញចេញ និង​ផ្អាក​ការងារ​ជុំវិញ​ទំនាក់ទំនង​ទៅនឹង​ក្រុម​អ្នករៀបចំ​រដ្ឋប្រហារ​នោះ។

-ថ្ងៃទី២៣ ខែកក្កដា

ការអះអាង​ទទួល ខុសត្រូវ​របស់ IS សម្រាប់​ការផ្ទុះ​ពីរ ដែល​បំផ្លាញ​ហ្វូងមនុស្សនិកាយ​ស៊ីអីត Shiite Hazaras ក្នុង​ក្រុង​កាប៊ុល សម្លាប់​មនុស្ស ៨៥ នាក់។

-ថ្ងៃទី២៤ ខែសីហា

រញ្ជួយដី​នៅ​ភូមិ​តំបន់ភ្នំ Umbria, Marche និង Lazio អ៊ីតាលី សម្លាប់​មនុស្ស ២៩៧ នាក់ និង​របួស​រាប់រយ។

-ថ្ងៃទី៣១ ខែសីហា

ប្រធានាធិបតី ប្រេស៊ីល លោកស្រី Dilma Rousseff ត្រូវបាន​ចោទសួរ​មុខ​សភា​ពីបទ​បោក​បញ្ឆោត​ថវិកាជាតិ។ លោកស្រី ត្រូវបាន​ជំនួស​ដោយ​គូប្រជែង​ជូរចត់ លោក Michel Temer។

-ថ្ងៃទី៤ ខែតុលា

ព្យុះ​យូរីខែន Matthew បានធ្វើ​ឲ្យ មនុស្ស​ជាង ៥៤០ នាក់​ស្លាប់​នៅ​ហៃទី។

-ថ្ងៃទី៨ ខែតុលា
ពលរដ្ឋ​យេម៉ែន​ជាង ១៤០ នាក់​ត្រូវបាន សម្លាប់​នៅ ពេល​ក្រុមចម្រុះ​ដឹកនាំ​ដោយ អារ៉ាប៊ី សាអ៊ូឌីត វាយប្រហារ​ផ្លូវអាកាស ចំពីធីបុណ្យសព​មួយ។

-ថ្ងៃទី២៤ ខែតុលា

បារាំង​ចាប់ផ្តើម​បោសសម្អាត​ជំរំ​អន្តោប្រវេសន៍​ព្រៃកាឡែស នៅ​ភាគ​ខាងជើង​ប្រទេស។

-ថ្ងៃទី៨ ខែវិច្ឆិកា

មហាសេដ្ឋី​បក្ស​សាធារណរដ្ឋ លោក ដូណាល់ ត្រាំ ផ្តួល​លោកស្រី​ហ៊ីឡារី គ្លីនតុន ដើម្បី​ឈ្នះ​សេត​វិមាន ធ្វើឲ្យ​អាមេរិក និង​ពិភពលោក​ស្រឡាំងកាំង។

-ថ្ងៃទី២៦ ខែវិច្ឆិកា

មរណភាព របស់​មេដឹកនាំ​បដិវត្តន៍​គុយ បា លោក​ហ្វីដែល កាស្ត្រូ។

-ថ្ងៃទី០១ ខែធ្នូ

មហា វ៉ាជីរ៉ាឡុងកន ត្រូវបាន​អភិសេក ជា​ព្រះមហាក្សត្រ​ថៃ ក្រោយពី​ការចូល​ទិវង្គត់​របស់​ព្រះចៅ ភូមិបុល អាឌុលយ៉ាដេត ដែល​បាន​គ្រងរាជ្យ ៧០ ឆ្នាំ។

-ថ្ងៃទី១៩ ខែធ្នូ

មន្ត្រីប៉ូលិស​តួកគី​ម្នាក់​ដែល​ស្រែកថា «អាឡិបប៉ូ» និង« Allahu Akbar» បាន​បាញ់សម្លាប់​ឯកអគ្គរដ្ឋទូត​រុស្ស៊ី លោក Andrei Karlov ប្រចាំ​នៅ​តួកគី​ក្នុង​ក្រុង​អង់ការ៉ា ដោយ​ញ៉ាំងឲ្យ​មានការ​ប្តេជ្ញា​របស់​ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន​បង្កើន​ការប្រយុទ្ធ​ប្រឆាំង «ភេរវកម្ម»។

-ថ្ងៃទី២១ ខែធ្នូ

ការផ្ទុះ​ដ៏ធំ​សម្បើម​មួយ បាន​បំផ្លាញ​ទាំងស្រុង​នូវផ្សារ​កាំជ្រួច​ធំបំផុត​មួយនៅ តំបន់ Tultepec ម៉ិកស៊ី​ក ដោយ​សម្លាប់​មនុស្ស ៣៦ នាក់ និង​រងរបួស ៧២ នាក់​ផ្សេងទៀត។

-ថ្ងៃទី២៥ ខែធ្នូ

យន្តហោះ​យោធា​រុស្ស៊ី​មួយគ្រឿង បាន ធ្លាក់ក្នុង​សមុទ្រ​ខ្មៅ ខណៈវា​ធ្វើដំណើ​ទៅ ស៊ីរី ជាមួយ​មនុស្ស ៩២ នាក់នៅ លើ​យន្តហោះ ដែល​ក្នុងនោះ​មាន​សមាជិក​ក្រុម​តន្ត្រី​កងទ័ព​ក្រហម​ជាង ៦០ នាក់ ដែល​កំពុង​ឆ្ពោះទៅ​ឆ្លង​ឆ្នាំថ្មី​ជាមួយ​នឹង​ក្រុម ទាហាន៕

អត្ថបទគួរចាប់អារម្មណ៍