ក្រុង​ហ្សឺណែវ៖ ​ដោយ​បាន​ថ្លែង​នៅ​ជំនួប​លើក​ទី​៤៤ ​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​អង្គារ ​ប្រទេស​គុយបា ​តំណាង​ឲ្យ​ប្រទេស​ចំនួន ​៥២​ បាន​គាំទ្រ​​ការ​អនុម័ត​ច្បាប់​ស្តីពី​ការ​ការពារ​សន្តិសុខ​ជាតិ​នៅ​ក្នុង​តំបន់​រដ្ឋបាល​ពិសេស​ក្រុង​ហុងកុង​ ​(HKSAR) ​នៃ​សភា​ជាន់​ខ្ពស់​របស់​ប្រទេស​ចិន​។

ចំនួន​ប្រទេស​ដែល​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែង​ការណ៍​រួម​ ដែល​គុយបា​បាន​អាន​នៅ​ជំនួប​នោះ ​ត្រូវ​​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ថែម​ទៀត​។

តំណាង​ប្រទេស​គុយបា បាន​អាន​សេចក្តី​ថ្លែងការណ៍​នោះ​ថា៖ «​ការ​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​បណ្តា​រដ្ឋ​អធិបតេយ្យ​ គឺ​ជា​គោលការណ៍​ដ៏​សំខាន់ ​ដែល​មាន​ចែង​នៅ​ក្នុង​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ​ និង​បទដ្ឋាន​ជា​មូលដ្ឋាន​នៃ​ទំនាក់​ទំនង​អន្តរជាតិ​។

សេចក្តី​ថ្លែងការណ៍​នោះ​ បាន​ឲ្យ​ដឹង​ថា៖ ​«នៅ​ក្នុង​ប្រទេស ​១ ​អំណាច​សភា​ទៅ​លើ​បញ្ហា​សន្តិសុខ​ជាតិ​នោះ ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ប្រទេស​នោះ​ ដែល​បញ្ហា​សារៈសំខាន់​មិនមែន​បញ្ហា​សិទ្ធិ​មនុស្ស​ទេ​ ដូច្នេះ​ហើយ​មិន​ត្រូវ​យក​មក​ពិភាក្សា​នៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ទេ​»។​​

«យើង​ជឿ​ថា​ ប្រទេស​ទាំង​អស់​មាន​សិទ្ធិ​ការពារ​សន្តិសុខ​ជាតិ​របស់​ខ្លួន​ តាមរយៈ​សភា ​និង​បង្ហាញ​វិធានការ​ពាក់ព័ន្ធ​ត្រូវ​បាន​ចាត់​ឡើង​សម្រាប់​គោល​បំណង​នេះ​»។​​

សេចក្តី​ថ្លែង​ការណ៍​នោះ ​បាន​ឲ្យ​ដឹង​ទៀត​ថា៖ ​«នៅ​ក្នុង​បរិបទ​នេះ ​យើង​គាំទ្រ​ដល់​ការ​អនុម័ត​នៃ​សេចក្តី​សម្រេច​របស់​សភា​ចិន​ក្នុង​ការ​បង្កើត​ និង​ធ្វើ​ឲ្យ​ក្រប​ខ័ណ្ឌ​ការងារ​ស្រប​ច្បាប់​ល្អ​ប្រសើរ​ឡើង ​និង​យន្តការ​អនុវត្ត​ច្បាប់​សម្រាប់​តំបន់​រដ្ឋបាល​ពិសេស​ក្រុង​ហុងកុង ​(HKSAR) ​ក្នុង​គោល​បំណង​ការពារ​សន្តិសុខ​ជាតិ​ ​និង​ការ​បញ្ជាក់​អះអាង​របស់​ចិន​ក្នុង​ការ​អនុវត្ត​តាម​គោលការណ៍​ប្រទេស ​១ ​ប្រព័ន្ធ ២​»។ ​​

សេចក្តី​ថ្លែងការណ៍​នោះ​បាន​បន្ត​ថា៖ ​«​យើង​ពិត​ជា​មាន​ជំនឿ​ចិត្ត​ថា ​វិធានការ​នេះ ​មាន​អត្ថប្រយោជន៍​ ដើម្បី​ធានា​ថា ​ប្រទេស ​១ ​ប្រព័ន្ធ ​២​ មិន​ប្រែប្រួល​ និង​នៅ​គង់​វង្ស​យូរ​អង្វែង​ហើយ​ថា ​ក្រុង​ហុងកុង​គាំទ្រ​ដល់​វិបុលភាព​ និង​ស្ថិរភាព​យូរ​អង្វែង។ ​សិទ្ធិ​ និង​សេរីភាព​ស្រប​ច្បាប់​របស់​ប្រជាជន​ក្រុង​ហុងកុង ​ក៏​អាច​ត្រូវ​បាន​ប្រើប្រាស់​ល្អ​ប្រសើរ​ឡើង​នៅ​ក្នុង​បរិយាកាស​សុវត្ថិភាព​»។

សេចក្តី​ថ្លែងការណ៍​ដដែល​នោះ ​បាន​សន្និដ្ឋាន​ថា៖ ​«​យើង​បញ្ជាក់​ថា ​ក្រុងហុង​កុង​ គឺ​ជា​ផ្នែក​ដែល​មិន​អាច​បំបែក​បាន​របស់​​ចិន​ ហើយ​កិច្ច​ការ​របស់​ក្រុង​ហុងកុង​ គឺ​ជា​កិច្ចការ​ផ្ទៃ​ក្នុង​ដែល​គ្មាន​ការ​ជ្រៀត​ជ្រែក​ពី​កង​កម្លាំង​បរទេស»។

សមាជិក​សភា​កាល​ពី​ថ្ងៃ​អង្គារ​ បាន​បោះ​ឆ្នោត​អនុម័ត​ច្បាប់​នៅ​ជំនួប​លើក​ទី​២០ ​នៃ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​​នៃ​​សមាជ​លើក​ទី​១៣ ​​របស់​សភា​ជាន់​ខ្ពស់​របស់​ប្រទេស​ចិន​។ ​​

ច្បាប់​នេះ​ ​ចូល​ជា​ធរមាន​នៅ​ម៉ោង ​១១ យប់ ​ម៉ោង​ក្នុង​តំបន់​កាល​ពី​​ថ្ងៃ​អង្គារ​នៅ​ក្នុង​ក្រុង​ហុងកុង​៕ Xinhua/PSA