ការ​ស៊ើប​អង្កេត​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អឺរ៉ុប​ចេញផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​ឱ្យ​ដឹង​ថា ​ភ្នាក់ងារ​សម្ងាត់​របស់​ដាណឺម៉ាក​បាន​ជួយ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក (NSA) ដើម្បី​ស៊ើបការណ៍​លើ​មេ​ដឹកនាំ​អឺរ៉ុប​ ដែល​រួមមាន​អធិការបតី​អាល្លឺម៉ង់​លោកស្រី​ Angela Merkel​ និង​ប្រធានាធិបតី ​Frank-Walter Steinmeier ​ផង​ដែរ។

ការ​លាតត្រដាង​ដែល​ថា ​សហរដ្ឋអាមេរិក​បាន​ធ្វើ​ចារកម្ម​លើ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​បាន​ចាប់​ផ្តើម​ដំបូង​នៅ​ក្នុង​ឆ្នាំ​ ២០១៣ ​ប៉ុន្តែ​ឥឡូវ​នេះ​មាន​តែ​អ្នក​សារព័ត៌មាន​ប៉ុណ្ណោះ​ ដែល​ទទួល​បាន​របាយការណ៍​លម្អិត​ដែល​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ការពារជាតិ​ដាណឺម៉ាក ​(FE) ផ្ញើ​ឱ្យ​ភ្នាក់ងារ​អាមេរិក ​NSA។

របាយការណ៍​បាន​បង្ហាញ​ថា​ សម្ព័ន្ធមិត្ត​ និង​អ្នក​ជិត​ខាង​ជិតស្និទ្ធ​របស់​អាល្លឺម៉ង់​បាន​សហការ​ជាមួយ​ប្រតិបត្តិការ​ចារកម្ម​របស់​អាមេរិក​ ដើម្បី​កំណត់​គោលដៅ​ស៊ើបការណ៍​លើ​អធិការបតី​ និង​​ប្រធានាធិបតី​អាល្លឺម៉ង់​។ ជាមួយ​គ្នា​នេះ​ដែរ​ របាយការណ៍​ថ្មី​មួយ​ទៀត​ ក៏​បាន​បង្ហាញ​ថា​ បេក្ខជន​អធិការបតី​សម្រាប់​គណបក្ស​សង្គម​និយម​ឆ្វេង​និយម​កណ្តាល​អាល្លឺម៉ង់​ (SPD) គឺ​លោក ​Peer Steinbruck​ ក៏​ត្រូវ​បាន​គេ​ដៅ​ជា​គោលដៅ​ដែរ​។

សារព័ត៌មាន ​NDR​ បាន​រាយការណ៍​ថា​ ពួកគេ​បាន​ចាប់​ផ្តើម​ប្រមូល​ព័ត៌មាន​ស្តីពី​កិច្ច​សហប្រតិបត្តិការ​រវាង​ភ្នាក់ងារ​ដេណឺម៉ាក​ FE ជាមួយ​ភ្នាក់ងារ​អាមេរិក​ NSA ក្នុង​ចន្លោះ​ឆ្នាំ​ ២០១២ និង ​២០១៤ នៅ​ក្នុង​របាយការណ៍​សម្ងាត់​​មួយ​​ឈ្មោះ​ថា​ Dunhammer ក្រោយ​មាន​ការ​បង្ហាញ​ព័ត៌មាន​ពី​សំណាក់​អតីត​បុគ្គលិក NSA និង​អ្នក​សរសេរ​ព័ត៌មាន​ម្នាក់​ឈ្មោះ​ Edward Snowden។

ព័ត៌មាន​ដែល​ពួក​គេ​បាន​ប្រមូល​មក ​បាន​បញ្ជាក់​ច្បាស់​ថា​ ភ្នាក់​ងារ FE បាន​ជួយ​ដល់​ភ្នាក់ងារ​ NSA ដើម្បី​ស៊ើបការណ៍​អ្នក​នយោបាយ​នាំ​មុខ​នៅ​ស៊ុយអែត​ ន័រវែស​ ហូឡង់​ និង​បារាំង​ ក៏​ដូចជា​អាល្លឺម៉ង់​ផង​ដែរ​។

ការ​ស៊ើបការណ៍​របស់​ដាណឺម៉ាក​ក៏​បាន​ជួយ​ទីភ្នាក់ងារ​អាមេរិក​ឱ្យ​ស៊ើបការណ៍​ក្រសួង​ការបរទេស​ និង​ហិរញ្ញវត្ថុ​របស់​ដាណឺម៉ាក​ក៏​ដូចជា​ក្រុមហ៊ុន​ផលិត​អាវុធដា​ណឺម៉ាក​ផង​ដែរ។ ​ភ្នាក់ងារ​ FE ក៏​បាន​សហការ​ជាមួយ​ភ្នាក់ងារ​​ NSA ដើម្បី​ធ្វើ​ប្រតិបត្តិការ​ចារកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​អាមេរិក​ខ្លួន​ឯង​ទៀត​ផង។

នៅ​ពេល​រក​ឃើញ​ច្បាស់​ថា ​តើ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​សេវា​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេស​ទាំង ២​ ឈាន​ដល់​កម្រិត​ណា ហើយ​រដ្ឋាភិបាល​ដាណឺម៉ាក​ បាន​បង្ខំ​ឱ្យ​ថ្នាក់​ដឹកនាំ​នៃ​ភ្នាក់ងារ ​FE ទាំង​មូល​ចុះចេញ​ពី​តំណែង​នៅ​ឆ្នាំ ២០២០។

អ្នក​ជំនាញ​ដាណឺម៉ាក​ផ្នែក​ប្រតិបត្តិការ​សេវាកម្ម​សម្ងាត់​ លោក ​Thomas Wegener Friis​ ជឿជាក់​ថា ភ្នាក់ងារ​ FE ត្រូវ​ប្រឈម​នឹង​បញ្ហា​ក្នុង​ការ​ជ្រើសរើស​ដៃគូ​ជិតស្និទ្ធ​ និង​គួរទុក​ចិត្ត​ ដើម្បី​ធ្វើ​ការ​ជាមួយ។ លោក​បាន​និយាយ​ថា៖ «ចុង​ក្រោយ​ពួក​គេ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ច្បាស់លាស់​ ដើម្បី​ធ្វើ​ការ​ជាមួយ​អាមេរិក​ ដើម្បី​​ប្រឆាំង​នឹង​ដៃគូ​អឺរ៉ុប​របស់​ពួកគេ​»។

យ៉ាង​ណា​មិញ ​លោក ​Steinbruck​ បាន​និយាយ​ទៅ​កាន់​សមាជិក​ក្រុម​ស្រាវជ្រាវ​អាល្លឺម៉ង់​នៅ​ពេល​ដឹង​អំពី​ប្រតិបត្តិ​ការ​ចារកម្ម​ប្រឆាំង​នឹង​គាត់​ថា៖ «បើ​គិត​តាម​របៀប​នយោបាយ​ ខ្ញុំ​ចាត់​ទុក​រឿង​នេះ​ថា ជា​រឿង​អាស្រូវ»។

ទន្ទឹម​នឹង​នេះ​ដែរ លោក​ក៏​បាន​ទទួល​ស្គាល់​ថា​ ប្រទេស​នៅ​លោក​ខាង​លិច​តម្រូវ​ឱ្យ​មាន​មុខងារ​ស៊ើបការណ៍​​សម្ងាត់​ ដោយ​ឡែក​រឿង​ដែល​ថា ​អាជ្ញាធរ​ដាណឺម៉ាក​បាន​ធ្វើ​ចារកម្ម​លើ​ដៃគូ​ប្រទេស ​ដែល​ជា​ដៃគូ​របស់​ពួក​គេ ​បាន​បង្ហាញ​ថា «ប្រទេស​នៅ​លោក​ខាង​លិច​មួយ​នេះ​ ចេះ​​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង»​។

លោក Patrick Sensburg​ អ្នក​ដឹកនាំ​​គណៈកម្មាធិការ​សភា​អាល្លឺម៉ង់​ ដើម្បី​ស៊ើប​អង្កេត​រឿង​អាស្រូវ​ចារកម្ម​របស់​ភ្នាក់ងារ​ NSA​ មិន​បាន​សម្ដែង​ភាព​ភ្ញាក់ផ្អើល​ចំពោះ​ព័ត៌មាន​នេះ​ទេ​។ ​សម្រាប់​សមាជិក​សភា​មក​ពី​សហភាព​ប្រជាធិបតេយ្យ​ប្រជាធិបតេយ្យ (CDU) របស់​លោកស្រី​ Merkel ចាំបាច់​ត្រូវ​យល់​ពី​អ្វី​ ដែល​ជំរុញ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​សម្ងាត់​នេះ​។

យ៉ាងណា​មិញ​ក្រសួង​ការពារ​ជាតិ​ដាណឺម៉ាក​ភ្នាក់ងារ FE ​និង​ភ្នាក់ងារ NSA ​មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​លើ​ករណី​នេះ​ទេ ​ប៉ុន្តែ​សេចក្តី​ថ្លែងការណ៍​ទូទៅ​មួយ​ពី​ក្រសួង​ការពារជាតិ​ដាណឺម៉ាក​បាន​និយាយ​ថា៖​ «ការ​បង្ក​បញ្ហាជា​ប្រព័ន្ធ​នៃ​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​ គឺ​ជា​អំពើ​មួយ​មិន​អាច​ទទួល​យក​បាន​ទេ»៕