ប្រទេស​វៀតណាម ​នឹង​សាកល្បង​ធ្វើតេស្ត​រក​កូវីដ ១៩ ទៅលើ​ប្រជាជន​នៅទី​ក្រុងហូជី​មិញ​ទាំងមូល​និង​ដាក់ចេញ​នូវ​វិធានការ​រ​ក្សាគម្លាត​។​ វិធានការនេះ​ជា​ការឆ្លើយ​តបទៅនឹង​ការរក​ឃើញវីរុស​កូវីដ ១៩​ បំប្លែង​ថ្មី។

ប្រទេស​វៀតណាម​ ទទួល​បាន​ជោគជ័យ​ក្នុងការ​គ្រប់គ្រង​ការរីករាល​ដាល​ករណីកូវីដ​ ១៩ កន្លង​មក ប៉ុន្តែរយៈ​ពេលប៉ុន្មាន​សប្តាហ៍​កន្លងមកនេះ​មាន​ករណីវិជ្ជមាន​កើនឡើង​គួរឱ្យ​ កត់ស​ម្គាល់។

រដ្ឋាភិបាល​វៀតណាម ​បាន​និយាយថា​ វិធានការ​ថ្មីនេះ​ នឹង​ត្រូវ​អនុវត្ត​បន្ទាប់ពី​បានរ​កឃើញ​វីរុសកូវីដ ១៩​ ប្រភេទថ្មី​ដែល​ជា​ប្រភេទវារ៉្យង់​មកពី​ប្រទេស​ឥណ្ឌា និង​ចក្រភព​អង់គ្លេស​ ហើយ​ប្រភេទនេះ​ងាយ​ចម្លង​តាមអាកាស​។

ការផ្ទុះឡើង​ចុងក្រោយ​បង្អស់នៅទី​ក្រុងហូជីមិញ​ គឺ​ដោយសារ​សកម្មភាព​សាសនា​ដែលបានមើល​ឃើញយ៉ាង​ហោចណាស់​មាន​ករណី​វិជ្ជមាន​ចំនួន ​១២៥ ករណី ​ហើយ​ភាគច្រើន​ជា​ករណីឆ្លង​នៅទីក្រុង​។

អ្នកដែល​រស់នៅ​តំបន់ជុំវិញ​​ដែលមាន​ករណីឆ្លង​ត្រូវបាន​ធ្វើតេស្ត និងដាក់ឱ្យ​ នៅដាច់​ដោយឡែក។​ក្រុមមន្រ្តី​វៀតណាម​គ្រោងនឹង​ធ្វើតេស្ត​ទៅលើ​ប្រជាជន​ចំនួន​ ១៣ លាននាក់​នៅ​ទីក្រុង​ហូជីមិញ។

ការធ្វើ​តេស្ត​រកកូវីដ ១៩​ នៅទី​ក្រុងហូជី​មិញនេះ​ នឹង​ធ្វើឡើង​ក្នុង​អត្រា​ប្រជាជន​ ១០ ម៉ឺននាក់​ ក្នុង ១ ថ្ងៃ​ ដែល​ការធ្វើតេស្តនេះ​អាច​នឹងត្រូវ​ចំណាយ​ពេលជាង​ ៤ ខែ។ ​​ទីក្រុងហូជីមិញ​នឹង​ចាប់ផ្តើម​ចាត់វិធានការ​ រក្សា​គម្លាតរយៈពេល ១៥​ ថ្ងៃ​ ដោយចាប់ផ្តើម​ពី​ថ្ងៃទី ៣១​ ខែ​ឧសភានេះ​។

រដ្ឋាភិបាល​បាន​និយាយថា៖ «ព្រឹត្តិការណ៍​ទាំងអស់​ដែល​ប្រមូលផ្តុំ​មនុស្ស​ជាង ១០ នាក់​ នៅទី​សាធារណៈ​ត្រូវ​បាន​ហាមឃាត់ ប៉ុន្តែ​នៅទី​ក្រុង​ការ​ប្រមូល​ផ្តុំនេះ​កំពុងអាច​នឹង​កាត់​បន្ថយមក​នៅត្រឹម​មនុស្ស ​៥ នាក់»។​

សេចក្តី​ថ្លែងការណ៍​បាន​សរសេរថា​ តំបន់ Go Vap ស្ថិត​នៅ​ក្រោមការ​រឹតត្បិត​ទាំងស្រុង​ហើយ​ប្រជាជន​នៅទីនោះ​នឹងមិន​ត្រូវបាន​អនុញ្ញាត​ឱ្យចេញទៅ​ក្រៅឡើយ​។ សេចក្តី​ថ្លែងការណ៍នោះ​បាន​បន្ត​សរសេរ​បន្ថែមថា​ទីក្រុងហូជីមិញ​ បានធ្វើ​តេស្ត​មនុស្ស​ចំនួន​៥​ម៉ឺន​នាក់​រួច​ហើយ រហូតមក​ដល់ពេលនេះ​មាន​មនុស្ស​យ៉ាងតិច ៦ ​ម៉ឺននាក់​ ដែលបាន​ទាក់ទង​ជាមួយ​អ្នកឆ្លង។

កាលពីថ្ងៃ​ទី ២៨​ អាជីវកម្ម​នៅទី​ក្រុងហូជី​មិញ​បាន​បិទ និង​សេវាកម្ម​ផ្សេងៗ​ត្រូវបានផ្អាក។​មនុស្សដែល​មានអាយុ​លើសពី៦០​ឆ្នាំត្រូវ​បានលើក​ទឹកចិត្ត​ឱ្យស្នាក់​នៅផ្ទះ​ដើម្បីចៀស​ វាង​ការឆ្លង។

ការកើន​ឡើង​ករណីវិជ្ជ​មាន​កូវីដ ១៩ ព្រមទាំង​ការរកឃើញ​នូវវីរុសបំប្លែង​ ថ្មីបាន​ជំរុញឱ្យ​រដ្ឋាភិបាល​វៀតណាម ​និង​អាជ្ញាធរ​ទីក្រុង​ពន្លឿន​ការចាក់​វ៉ាក់សាំង។ ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញថា​កម្មករជួរ​មុខ​ប្រហែល ៦​ ម៉ឺននាក់ ​ក្នុងចំណោម​ប្រជាជន ១៣ ​លាននាក់​នៅទី​ក្រុងហូជីមិញ​បាន​ទទួលវ៉ាក់​សាំងកូវីដ ១៩ ​យ៉ាងហោចណាស់១​ដង៕