មនុស្សជាង ១​ ម៉ឺននាក់​ បាន​ចូលរួមបាតុកម្ម​ប្រឆាំង​អាមេរិក​នៅរដ្ឋធានី ​Addis Ababa ​ក្នុង​ប្រទេស​អេត្យូពី​ ដើម្បី​បរិហារពី​គោលនយោបាយ​របស់​លោក​ប្រធានាធិបតី​អាមេរិក​ លោក​ Joe Biden ស្តី​ពី​ជម្លោះ​នៅ​តំបន់​ភាគខាង​ជើង​ប្រទេស​តំបន់​​ Tigray។

នៅក្នុង​អំឡុងពេល​បាតុកម្ម​នោះ​ ប្រជាជន​បានកាន់​បដា​រិះគន់​សហរដ្ឋ​អាមេរិក​ ខណៈ​អ្នក​ផ្សេង​ទៀត​ បែរ​​សាទរដល់​ប្រធានាធិបតី​រុស្ស៊ី​ លោក Vladimir Putin និង​មេដឹកនាំចិន ​លោក Xi Jinping​ វិញ។

គួរបញ្ជាក់​ផងដែរ​ថា​ ជម្លោះនៅ​តំបន់​ Tigray បាន​ចាប់ផ្តើម​កាលពី​ខែ​វិច្ឆិកា​ ឆ្នាំមុន​ នៅពេល​ដែល​នាយករដ្ឋមន្រ្តី ​Abiy Ahmed បានបញ្ជា​ឱ្យធ្វើ​ការវាយ​ប្រហារទៅ​លើ​កងកម្លាំង​ អតីត​គណបក្ស​កាន់អំណាច​ក្នុងតំបន់​គឺរណ​សិរ្សរំដោះប្រជាជនរបស់ Tigray (TPLF) និង​ក្រោយមក​ពួកគេ​បាន​កាន់​កាប់​មូលដ្ឋាន​កង​ទ័ព​សហព័ន្ធ​នៅ​តំបន់​នោះ​​។​

ប្រជាជន​រាប់ពាន់នាក់​ ដែលភាគច្រើនជាជនស៊ីវិល​ត្រូវ​បានសម្លាប់​ និងយ៉ាងហោចណាស់​ ២ លាននាក់​ផ្សេង​ទៀត​ ត្រូវបានផ្លាស់លំនៅ។ ក្រុមសិទ្ធិ​មនុស្ស​បាន​ចោទប្រកាន់ភាគី​ទាំង​ ២​ ថា​ បាន​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ប្រឆាំង​នឹង​ជនស៊ីវិល ​រួម​ទាំង​ការ​សម្លាប់​រង្គាល​ និង​ការរំលោភ​សេព​សន្ថវៈផង​ដែរ​។

កាលពីសប្តាហ៍​មុនលោក​ Biden បាន​អំពាវនាវ​ឱ្យ​មាន​ការបញ្ឈប់ការរំលោភ​សិទ្ធិ​មនុស្ស​ទ្រង់​ទ្រាយ​ធំ​ ដែល​រួមមាន « អំពើហិង្សាផ្លូវភេទ»​ ដែលកើត​មាននៅទី​ប្រជុំជន​ Tigray និង​​គ្រោះ​ទុរភិក្សផង​ដែរ។ បន្ថែម​ពីនេះ រដ្ឋបាល​លោក Biden ក៏​កំពុង​ជំរុញ​ឱ្យ​មានការ​ដក​កងទ័ព ​Eritrean ដែល​នៅ​សេស​សល់​ក្នុង​តំបន់ Tigray បើទោះបី​ជាអាជ្ញាធរ​អេត្យូពី​បាន​និយាយ​កាលពីប៉ុន្មាន​សប្តាហ៍​មុន​ថា ពួកគេ​នឹង​ចាក​ចេញ​ពី​ប្រទេស​នេះ​ដោយខ្លួន​ឯង​ក៏ដោយ។

យ៉ាងណាមិញ​ក្រសួងការ​បរទេស​អាមេរិក​បាន​និយាយថា ​គោលនយោបាយ​របស់​លោក​ Biden អាច​នឹង​ធ្វើ​ឱ្យ​អន្តរាយដល់​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​អេត្យូពី​៕