កាល​ពី​ថ្ងៃ​ចន្ទ​ ចិន​បាន​ប្រកាស​ថា ​គូ​ស្វាមី​ភរិយា​ជនជាតិ​ចិន​ដែល​រៀបការ​រួច ​អនុញ្ញាត​ឱ្យ​មាន​កូន​ដល់​​ទៅ​ ៣ នាក់ ​ជា​គោល​នយោបាយ​ថ្មី​មួយ​ដាក់​ចេញ​ដោយ​គណបក្ស​កុម្មុយនីស្ត​ ក្រោយ​ទិន្នន័យ​ថ្មីៗ​បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​​នៃ​អត្រា​លទ្ធភាព​បង្ក​កំណើត​នៅ​ក្នុង​ប្រទេស​នេះ។ ​នេះ​បើ​តាម​ឱ្យ​ដឹង​ពី​សារព័ត៌មាន​ Reuters។

ទីក្រុង​ប៉េកាំង​ បាន​លុប​ចោល​គោល​នយោបាយ​កូន​ទោល​ដែល​មាន​អាយុ​ច្រើន​ទសវត្សរ៍​របស់​ខ្លួន​កាល​ពី​ឆ្នាំ​ ២០១៦ ​ដោយ​​ជំនួស​ដោយ​ការ​កំណត់​ឱ្យ​មាន​កូន ២ ​នាក់​វិញ​ ដើម្បី​ព្យាយាម​ និង​ទប់ស្កាត់​ហានិភ័យ​ដល់​​សេដ្ឋកិច្ច​របស់​ខ្លួន​ពី​កំណើន​ប្រជាជន​វ័យ​ចំណាស់​ឆាប់​រហ័ស។​

ប៉ុន្តែ​គោល​នយោបាយ​នេះ ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធភាព​នៃ​ការ​បង្ក​កំណើត​វិញ ​ដោយសារ​តែ​​ការ​ចំណាយ​ចិញ្ចឹម​កូន​ នៅ​ក្នុង​ទីក្រុង​របស់​ចិន​មាន​កម្រិត​ខ្ពស់​ដែល​ជា​បញ្ហា​ប្រឈម​មួយ​នៅ​តែ​បន្ត​កើត​មាន​មក​ដល់​បច្ចុប្បន្ន​។

បន្ទាប់​ពី​កិច្ចប្រជុំ​នយោបាយ​មួយ​ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី​ លោក​ Xi Jinping​ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​​ Xinhua ​បាន​ឱ្យ​ដឹង​ថា​ ការ​ផ្លាស់ប្តូរ​គោលនយោបាយ​នេះ ​នឹង​ក្លាយ​ជា​ «វិធានការ​មួយ​ដែល​គាំទ្រ​ និង​ជួយ​ដល់​ការ​កែ​លម្អ​រចនា​សម្ព័ន្ធ​ប្រជាជន​របស់​​ប្រទេស​ចិន​ ដោយ​បំពេញ​នូវ​​​យុទ្ធសាស្ត្រ​របស់​ប្រទេស​ក្នុង​ការ​​ទប់ស្កាត់​ហានិភ័យ​សេដ្ឋកិច្ច​ ដែល​បណ្ដាល​មក​​ពី​កំណើន​ប្រជាជន​វ័យ​ចំណាស់​ឆាប់​រហ័ស​»​។

ក្នុង​ចំណោម​វិធានការ​ទាំង​នោះ ​​ប្រទេស​ចិន ​នឹង​បញ្ចុះ​​ថ្លៃ​សិក្សា​សម្រាប់​គ្រួសារ​បន្ថយ​ពន្ធ​​ និង​ការ​គាំទ្រ​ជីវភាព​ ដើម្បី​ធានា​ផលប្រយោជន៍​ផ្លូវ​ច្បាប់​របស់​ស្ត្រី​ដែល​កំពុង​ធ្វើ​ការ​ហើយ​កាត់​បន្ថយ​ថ្លៃ​បណ្ដា​ការ​ខ្ពស់​ «កប់​ពពក​» ជា​ដើម​៕