ក្រុងយ៉ាំងហ្គោន: កាលពី​ថ្ងៃ​ពុធ អង្គការ Amnesty International បាន​ឲ្យ​ដឹង​នៅ​ក្នុង​របាយ​ការណ៍​មួយ ដែល​ផ្តោត​អារម្មណ៍​ជាថ្មី​ទៀត​ទៅ​លើ​ការ​បង្ក​ជម្លោះ​យ៉ាង​ស្មុគស្មាញ​លើ​ក្រុម​ជន​ជាតិ​ភាគ​តិច​នៅ​ក្នុង​រដ្ឋ​នេះ​ថា ក្រុម​ឧទ្ទាម​រ៉ូហ៊ីងយ៉ា បាន​បង្ក​ការ​សម្លាប់​រង្គាល​លើ​ក្រុម​អ្នកភូមិ​ជន​ជាតិ​ហិណ្ឌូ​អំឡុង​ការ​បះបោរ​កាល​ពី​ឆ្នាំ​ទៅ​ឯ​រដ្ឋ​រ៉ាក់ឃីន​នៅ​ក្នុង​ទឹកដី​មីយ៉ាន់ម៉ា។

របាយការណ៍​ដដែល បាន​ឲ្យ​ដឹងថា ការសម្លាប់​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី ២៥ ខែ​សីហា ឆ្នាំ ២០១៧ នៅ​ថ្ងៃ​តែ​មួយ​ដែល​ក្រុម​ឧទ្ទាម​រ៉ូហ៊ីងយ៉ា​បាន​ធ្វើការ​វាយ​ប្រហារ​យ៉ាង​សាហាវ​ទៅ​លើ​ប៉ុស្តិ៍​ឈរ​ជើង​របស់​ក្រុម​អាជ្ញាធរ​ប៉ូលិស​ដែល​បាន​បង្ក​ឲ្យ​រដ្ឋ​នេះ​ធ្លាក់​ក្នុង​វិបត្តិ​មួយ។

យោធា​មី​យ៉ាន់​ម៉ា បានធ្វើការ​ឆ្លើយតប​ចំពោះ​ការ​វាយ​ប្រហារ​ពី​ក្រុម​ឧទ្ទាម​ជាមួយ​នឹង​ការ​ផ្ចាញ់​តប​យ៉ាង​សាហាវ​ដែល​បាន​បង្ខំ​ឲ្យ​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា​ប្រមាណ ៧០ ម៉ឺន​នាក់​រត់​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ដែល​ពលរដ្ឋ​ភាគ​ច្រើន​កាន់​ព្រះពុទ្ធ​សាសនា​ជាទី​ដែល​ពួកគេ​បាន​ប្រឈម​ជាមួយ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក។

អង្គការសហប្រជាជាតិ បាន​ឲ្យ​ដឹងថា ការបង្ក្រាប​ពី​សំណាក់​យោធា បាន​នាំទៅរក​ការ​បោស​សម្អាត​ពូជ​សាសន៍​ភាគ​តិច​រ៉ូហ៊ីងយ៉ា ដោយ​ក្រុម​ទាហាន និង​ក្រុម​ប្រជា​ការពារ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​សម្លាប់​ក្រុម​ជន​ស៊ីវិល​និង​ដុត​បំផ្លាញ​ផ្ទះ​សំបែង​របស់​ពួកគេ ប៉ុន្តែ ក្រុម​ឧទ្ទាម​រ៉ូហ៊ីងយ៉ា ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ដែរ៕