កាល​ពី​ថ្ងៃ​ចន្ទ ​ទី​ ២២ មីនា ​ក្រុមហ៊ុន​ឱសថ​ AstraZeneca បាន​ប្រកាស​ថា​ ទិន្នន័យ​ការ​សាកល្បង​វ៉ាក់សាំង​កូវីដ ១៩ ​ពួក​គេ​នៅ​អាមេរិក​បាន​បង្ហាញ​ថា​វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព​ ៧៩​%​។

AstraZeneca បាន​និយាយ​ថា​អ្នក​ជំនាញ​របស់​ខ្លួន​ក៏​មិន​បាន​រក​ឃើញ​ករណី​បញ្ហា​សុវត្ថិភាព​ទាក់ទង​នឹង​វ៉ាក់សាំង​នេះ​ក្នុង​ចំណោម​ជន​ស្ម័គ្រចិត្ត​ជាង ២ ម៉ឺន​នាក់ ​ដែល​បាន​ចាក់​ថ្នាំ AstraZeneca យ៉ាង​ហោច​ណាស់​មួយ​ដូស​។ បើ​ទោះ​បី​ជា​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ជាង ៥០ ក៏​ដោយ​ វ៉ាក់សាំង​នេះ​មិន​ទាន់​ត្រូវ​បាន​ផ្ដល់​ភ្លើង​ខៀវ​នៅ​សហរដ្ឋ​អាមេរិកនៅឡើយ​ទេ​។ ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ជាង ៣ ម៉ឺន​នាក់ ​ដែល​ក្នុង​នោះ ២ ភាគ ៣ ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ខណៈ​អ្នក​ស្ម័គ្រ​ដទៃ​ទៀត​មិន​បាន​ទទួល​វ៉ាក់សាំង​ទេ​។

ការ​រក​ឃើញ​ដំបូង​ពី​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក គឺ​គ្រាន់​តែ​ជា​សំណុំ​ព័ត៌មាន​មួយ​ដែល AstraZeneca ត្រូវ​តែ​ដាក់​ជូន​រដ្ឋបាល​ចំណី​អាហារ​ និង​ឱសថ ​(FDA)​។

គណៈកម្មាធិការ​ប្រឹក្សា​របស់ FDA នឹង​ធ្វើ​ការ​តស៊ូ​មតិ​ជា​សាធារណៈ​អំពី​ប្រសិទ្ធភាព និង​សុវត្ថិភាព​វ៉ាក់សាំង​នេះ​មុន​ពេល​ដែល​ទីភ្នាក់ងារ​សម្រេច​ថា​តើ​ត្រូវ​អនុញ្ញាត​ឱ្យ​ប្រើ​វ៉ាក់សាំង​នេះ​ក្នុង​គ្រា​អាសន្ន​ដែរ​ ឬ​ទេ​៕