កាលពីថ្ងៃអាទិត្យ ទី ៧ កុម្ភៈ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា រដ្ឋបាលរបស់លោកត្រៀមខ្លួនសម្រាប់ «ការប្រកួតប្រជែងខ្លាំង» ជាមួយនឹងចិនជាជាងជម្លោះរវាងមហាអំណាចពិភពលោកទាំង ២ ដែលវិធីនេះ គឺផ្ទុយពីវិធីរបស់អតីតប្រធានាធិបតី Donald Trump។
ក្នុងកិច្ចសម្ភាសន៍កម្មវិធី «Face the Nation» របស់ទូរទស្សន៍ CBS លោក Biden បាននិយាយថា៖ «យើងមិនចាំបាច់មានជម្លោះទេ ប៉ុន្តែនឹងមានការប្រកួតប្រជែងខ្លាំង»។ លោកបានបន្តទៀតថា៖ «ខ្ញុំនឹងមិនធ្វើដូច Trump ទេ។ យើងនឹងផ្ដោតលើច្បាប់អន្តរជាតិ»។
លោក Biden បានទទួលស្គាល់ថា លោកមិនទាន់បានទាក់ទងទៅកាន់ប្រធានាធិបតីចិនលោក Xi Jingping នៅឡើយតាំងពីពេលដែលលោកចូលកាន់តំណែង ប៉ុន្តែបានកត់សម្គាល់ថា មេដឹកនាំទាំង ២ បានជួបគ្នាជាច្រើនដងនៅពេលដែលអ្នកទាំង ២ មានតំណែងជាអនុប្រធានាធិបតីរៀងៗខ្លួន។
លោក Biden បាននិយាយថា៖ «យើងមិនទាន់មានឱកាសនិយាយជាមួយគ្នាទេ។ គ្មានហេតុផលដែលមិនត្រូវធ្វើការហៅទូរស័ព្ទទៅគាត់ទេ។ ខ្ញុំត្រូវបានគេប្រាប់ថា ខ្ញុំប្រហែលជាចំណាយពេលជាមួយ Xi Jingping ច្រើនជាងមេដឹកនាំពិភពលោកណាមួយដោយសារខ្ញុំបានចំណាយពេល ២៤ ២៥ ម៉ោង ធ្វើការប្រជុំផ្ទាល់ជាមួយគាត់ពេលដែលខ្ញុំធ្វើជាអនុប្រធានាធិបតីបានធ្វើដំណើរចម្ងាយ ១៧ ០០០ ម៉ាយ (ប្រហែល ២៧ ៣៥៨ ម៉ែត្រ) ជាមួយគាត់។ ខ្ញុំស្គាល់គាត់ច្បាស់ហើយ»។ លោកបាននិយាយថា លោក Xi គឺជាមនុស្ស «ឆ្លាតវៃ» និង «ស្វិតស្វាញ» ប៉ុន្តែមិនមាន «ឆ្អឹងប្រជាធិបតេយ្យនៅក្នុងខ្លួន»។
លោក Biden ហាក់ដូចជាផ្ដោតអារម្មណ៍ការទូតតាមទូរស័ព្ទដំបូងរបស់លោកលើសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក។ រហូតមកដល់ពេលនេះលោកបាននិយាយជាមួយមេដឹកនាំកាណាដា ម៉ិកស៊ិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងអគ្គលេខាធិការអង្គការណាតូ (NATO)។ លោកក៏បានធ្វើការសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលពួកគេបានយល់ព្រមបន្តសន្ធិសញ្ញា New START ដែលជាសន្ធិសញ្ញាកំណត់អាវុធនុយក្លេអ៊ែរប្រទេសទាំង។
ភាពតានតឹងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន ដែលជាមហាសេដ្ឋកិច្ចធំជាងគេទាំង ២ បានកើនឡើងយ៉ាងខ្លាំងនៅក្រោមការគ្រប់គ្រងរបស់លោក Trump។ លោក Trump បានជ្រើសរើសការប្រឈមមុខដាក់គ្នា និងការវាយប្រហារដោយពាក្យសម្តីដោយគ្មានលទ្ធផលជាក់ស្ដែងសម្រាប់ការដោះស្រាយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយប្រទេសចិន។ ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកលោក Trump បានស្ដីបន្ទោសយ៉ាងខ្លាំងលើប្រទេសចិន ចំពោះបញ្ហាអាមេរិកជាច្រើនដែលរួមមានការលួចកម្មសិទ្ធិបញ្ញា នីតិវិធីពាណិជ្ជកម្មមិនស្មើភាព និងថ្មីៗនេះការរាលដាលជំងឺកូវីដ ១៩។
ភ្លាមៗបន្ទាប់ពីលោក Biden បានស្នងតំណែងប្រធានាធិបតីពីលោក Trump អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បាននិយាយថា៖ «បន្ទាប់ពីពេលវេលាដ៏លំបាក និងវិសាមញ្ញនេះ ទាំងប្រជាជនចិន និងអាមេរិកសមនឹងទទួលបានអនាគតល្អប្រសើរមួយ។ ទីក្រុងប៉េកាំងក៏បានស្វាគមន៍ការសម្រេចចិត្តរបស់រដ្ឋបាល Biden ក្នុងការមិនដកខ្លួនចេញពីអង្គការសុខភាពពិភពលោក (WHO) និងការចូលរួមសន្ធិសញ្ញាអាកាសធាតុក្រុងប៉ារីសឡើងវិញ។
ទោះយ៉ាងនេះក៏ដោយ រដ្ឋការ Biden ទំនងជាមិនផ្លាស់ប្ដូរគោលនយោបាយសហរដ្ឋអាមេរិកលើបញ្ហាពាណិជ្ជកម្មតៃវ៉ាន់ សិទិ្ធមនុស្ស និងសមុទ្រចិនខាងត្បូងដែលបានធ្វើឱ្យរដ្ឋាភិបាលចិនខឹងសម្បា។
កាលពីសប្ដាហ៍មុន លោក Biden បានធ្វើការថ្លែងសុន្ទរកថាដំបូងអំពីគោលនយោបាយការបរទេសរបស់លោកដែលក្នុងនោះលោកបាននិយាយថា៖ «យើងនឹងប្រឈមមុខនឹងការរំលោភបំពានសេដ្ឋកិច្ចរបស់ចិនប្រឆាំងនឹងសកម្មភាពអរិភាព និងបង្ខិតបង្ខំរបស់ពួកគេច្រានចោលការវាយប្រហាររបស់ចិនទៅលើសិទ្ធិមនុស្សកម្មសិទ្ធិបញ្ញា និងអភិបាលកិច្ចពិភពលោក»។
លោកបានបន្តទៀតថា៖ «ប៉ុន្តែយើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយទីក្រុងប៉េកាំងនៅពេលដែលមានផលប្រយោជន៍សម្រាប់អាមេរិកក្នុងការធ្វើដូច្នេះ»។
ក្នុងកិច្ចសម្ភាសន៍បញ្ជាក់ការតែងតាំង រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken បានប្រាប់សមាជិកព្រឹទ្ធសភាអាមេរិកថា លោក Trump បានធ្វើ «ត្រឹមត្រូវក្នុងការចាត់វិធានការតឹងរ៉ឹងជាងមុនទៅកាន់ប្រទេសចិន» តែលោកបានបញ្ជាក់ថា៖ «ខ្ញុំមិនយល់ស្របសោះជាមួយនឹងវិធីដែលគាត់ [Trump] បានធ្វើនៅក្នុងវិស័យមួយចំនួន ប៉ុន្តែគោលការណ៍មូលដ្ឋានគឺត្រឹមត្រូវហើយខ្ញុំគិតថា វាពិតជាមានប្រយោជន៍ដល់គោលនយោបាយការបរទេសរបស់យើង»។
លោក Blinken កាលពីថ្ងៃសុក្រ ទី៥ បានធ្វើការទំនាក់ទំនងតាមទូរស័ព្ទជាមួយមន្ត្រីការទូតជាន់ខ្ពស់លោក Yang Jiechi ដែលក្រោយមកលោក Blinkenបាននិយាយថា៖ «ខ្ញុំបានបញ្ជាក់ច្បាស់ថា សហរដ្ឋអាមេរិកនឹងការពារផលប្រយោជន៍ជាតិរបស់យើង ក្រោកឈរឡើងសម្រាប់គុណតម្លៃប្រជាធិបតេយ្យរបស់យើង និងចាប់ទទួលខុសត្រូវក្រុងប៉េកាំងចំពោះការរំលោភប្រព័ន្ធអន្តរជាតិ»។
លោក Yang Jiechi បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ភាគួរតែគោរពផលប្រយោជន៍ស្នូល និងជម្រើសនៃប្រព័ន្ធនយោបាយ និងមាគ៌ាអភិវឌ្ឍន៍ និងគ្រប់គ្រងកិច្ចការក្នុងប្រទេសរបស់ពួកគេឱ្យបានល្អ។
ប្រទេសចិន នឹងដើរតាមមាគ៌ាសង្គមនិយមរបស់ខ្លួនដោយមិនស្ទាក់ស្ទើរជាមួយនឹងលក្ខណៈចិន ហើយគ្មានកម្លាំងណាមួយអាចបញ្ឈប់ការសម្រេចបាននូវការស្តារឡើងវិញដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើយ»។
កាលពីសប្ដាហ៍មុនលោក Yang Jiechi បាននិយាយថា ប្រទេសចិន ត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្ដារទំនាក់ទំនងការទូតរវាងប្រទេសទាំង។ លោក Yang បាននិយាយថា រដ្ឋបាលអាមេរិកមុនៗ បានអនុវត្តគោលនយោបាយខុសឆ្គងមួយចំនួនចំពោះប្រទេសចិន ដោយបានលើកឡើងមូលហេតុថា គឺការវិនិច្ឆ័យយុទ្ធសាស្ត្រខុសដោយបុគ្គលមួយចំនួនក្នុងសហរដ្ឋអាមេរិក។
លោកបាននិយាយថា៖ «ពួកគេចាត់ទុកប្រទេសចិន ជាដៃគូប្រកួតប្រជែងយុទ្ធសាស្ត្រធំមួយ ហើយរួមទាំងគិតថា យើងជាសត្រូវពួកគេទៀត»៕