កាល​ពី​ថ្ងៃ​ចន្ទ ទី ១ កុម្ភៈ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​គំរាម​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​ប្រទេស​មីយ៉ាន់ម៉ា បន្ទាប់​ពី​កង​យោធា​ប្រទេស​នេះ បាន​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច និង​ចាប់​ខ្លួន​មន្ត្រី​រដ្ឋាភិបាល​ស៊ីវិល​ជាច្រើន​ដែល​រួម​មាន​លោកស្រី ​អ៊ុងសាន ​ស៊ូជី (Aung San Suu Kyi)។

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​លោក Biden បាន​ថ្កោល​ទោស​ការធ្វើ​រដ្ឋប្រហារ​នេះ​ថា៖ «ការ​រឹបអូស​យក​អំណាច​ដោយ​យោធា​នៅក្នុង​ប្រទេសមី​យ៉ាន់​ម៉ា ការឃុំខ្លួន​លោកស្រី អ៊ុង​សាន ស៊ូ​ជី និង​មន្ត្រី​ស៊ីវិល​ដទៃទៀត និង​ការប្រកាស​ស្ថានភាពអាសន្ន​ទូទាំងប្រទេស គឺជា​ការរំលោភ​ផ្ទាល់​ទៅលើ​ដំណើរការផ្លាស់ប្ដូរ​ទៅកាន់​លទ្ធិ​ប្រជាធិបតេយ្យ និង​ច្បាប់​នីតិរដ្ឋ​របស់​ប្រទេស​នេះ»។

លោក​បន្តទៀតថា៖ «សហរដ្ឋ​អាមេរិកបាន​ដក​ទណ្ឌកម្ម​លើ​ប្រទេស​មី​យ៉ាន់​ម៉ា​ក្នុង​រយៈពេល ១ ទសវត្សរ៍​ចុងក្រោយ​នេះ ដោយ​ផ្អែកលើ​វឌ្ឍនភាព​ឆ្ពោះទៅរក​លទ្ធិប្រជាធិបតេយ្យ។ ការ​បញ្ច្រាស​នៃ​វឌ្ឍនភាព​នេះ នឹងត្រូវ​ការឱ្យ​យើង​ពិនិត្យឡើងវិញ​ជាបន្ទាន់​នូវ​ច្បាប់ និង​អំណា​ច​ទណ្ឌកម្ម​របស់​យើង ដែល​បន្ទាប់មក​នឹងមាន​សកម្មភាពសមស្រប»។

កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី ១ កុម្ភៈ ​យោធា​មី​យ៉ាន់​ម៉ាបាន​ចាប់ខ្លួន​លោកស្រី​ អ៊ុង​សាន ស៊ូ​ជី លោក​ប្រធានាធិបតី U Win Myint និង​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់ផ្សេងៗទៀត​ក្នុង​ការធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​ពីរ​ដ្ឋាភិ​បាល​ស៊ីវិល ដែល​ទើបតែ​បង្កើត​កាលពី ៥ ឆ្នាំមុន។

ទូរទស្សន៍​របស់​យោធាបាន​ផ្សាយ​ថា ស្ថានភាព​គ្រាអាសន្ន​ត្រូវបាន​ប្រកាស​សម្រាប់​រយៈពេល ១ ឆ្នាំ ហើយ​អំណាច​ត្រូវបាន​ផ្ទេរ​ទៅ​អគ្គមេបញ្ជាការ​កងទ័ព លោកនាយ​ឧត្ដមសេនីយ៍​ជាន់ខ្ពស់ Min Aung Hlaing។ កង​យោធា ក៏បាន​ប្រកាសថា រដ្ឋមន្ត្រី​ស៊ីវិល​ចំនួន ២៤ រូប ​ដែល​រួមមាន​ក្រសួង​ហិរញ្ញវត្ថុ សុខាភិបាល មហាផ្ទៃ និង​ការបរទេស ត្រូវបាន​ដកចេញ​ពី​តំណែង ហើយ​ត្រូវបាន​ជំនួ​ស​ដោយ​បុគ្គល​ចំនួន ១១ រូប។

មកដល់ពេលនេះ​មិនមាន​ការរាយការណ៍​ថា មានការ​ប៉ះទង្គិច​ហិង្សា​ធ្ងន់ធ្ងរ​រវាង​ទាហាន និង​ប្រជាជន​ទេ។ ក្រុម​ទាហានបាន​បិទផ្លូវ​នានា​ក្នុង​រដ្ឋធានី Nayphitaw និង​ទីក្រុង Yangon ហើយ​បម្រាម​គោចរ ត្រូវបាន​ដាក់​ពី​ម៉ោង ៨ យប់​ដល់ ៦ ព្រឹក។

សេវាកម្ម​ទូរស័ព្ទ និងអ៊ី​ន​ធឺណិ​ត​ត្រូវបាន​បិទ​នៅ​ទីក្រុងធំៗ ហើយ​ជើងហោះហើរ​ក្នុងស្រុក​ត្រូវបាន​ផ្អាក។ ទូរទស្សន៍​ជាតិ MRTV និង​វិទ្យុជាតិ Myanmar Radio បាន​បញ្ឈប់​ការផ្សាយ​របស់​ពួកគេ ដោយ​ប្រកាស​នៅក្នុង​ទំព័រ Facebook ពួកគេ​ថា ការបញ្ឈប់​នេះ គឺ​ដោយសារ​បញ្ហា​បច្ចេកទេស។

លោក Biden បានទាមទារ​ឱ្យ​យោធា​បោះបង់​អំណាច និង​ដក​ការដាក់​កម្រិត​លើ​ប្រព័ន្ធទូរគមនាគមន៍។ លោក​បាន​និយាយថា៖ «សហគមន៍​អន្តរជាតិ​គួរតែ​រួមគ្នា​ក្នុង​សំឡេង​តែមួយ ដើម្បី​ជំរុញ​យោធា​ភូមា​ឱ្យ​បោះបង់​អំណាច​ដែល​ពួកគេ​បាន​ដណ្ដើម ដោះលែង​សកម្មជន និង​មន្ត្រី​ដែល​ពួកគេ​បាន​ឃុំខ្លួន ដក​ការដាក់​កម្រិត​លើ​ប្រព័ន្ធ​ទូរគមនាគមន៍​ទាំងអស់ ហើយ​ចៀសវាង​អំពើហិង្សា​ប្រឆាំងនឹង​ជន​ស៊ីវិល»។

លោក​បាន​បន្ត៖ «សហរដ្ឋអាមេរិក​កំពុង​កត់សម្គាល់​អ្នក​ដែល​ឈរ​ជាមួយ​ប្រជាជន​មី​យ៉ាន់​ម៉ា​ក្នុង​គ្រា​លំបាក​នេះ»។

សហរដ្ឋអាមេរិក គឺជា​រដ្ឋា​ភិបាល​មួយ​ក្នុងចំណោម​រដ្ឋា​ភិបាល​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​ដូចជា​សហភាព​អឺរ៉ុប​ អង់គ្លេស អូស្ត្រាលី ឥណ្ឌា ជប៉ុន និង​សិង្ហ​បុរី ក៏ដូចជា​អង្គការសហប្រជាជាតិ​ផងដែរ ដែល​បាន​សម្ដែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការដណ្ដើម​ការគ្រប់គ្រង​ដោយ​យោធា​មីយ៉ាន់​ម៉ា និង​បាន​អំពាវនាវ​ឱ្យមាន​ការដោះលែង​មេដឹកនាំ​នយោបាយ​ដែល​ត្រូវបាន​ឃុំខ្លួន។

នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​និយាយថា លោក «សម្ដែង​នូវ​ការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការប្រកាស​អំពី​ការផ្ទេរអំណាច​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​អំណាចតុលាការ​ដល់​យោធា។ ដែល​ការវិវឌ្ឍ​ទាំងនេះ បង្ហាញ​ពី​ការប៉ះទង្គិច​យ៉ាងធ្ងន់ធ្ងរ​ដល់​កំណែទម្រង់​ប្រជាធិបតេយ្យ​នៅ​មី​យ៉ាន់​ម៉ា»។

លោក Tom Andrews អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្សប្រចាំ​មីយ៉ាន់​ម៉ា ក៏បាន​ជំរុញ​ឱ្យប្រទេសជុំវិញ​នានា​ពិចារណា​លើ​ការដាក់ទណ្ឌកម្ម​លើ​មី​យ៉ាន់​ម៉ា​ផងដែរ។ លោក​បាន​និយាយថា៖ «សកម្មភាព​បន្ទាន់ ​គឺ​ចាំបាច់ ដែល​រួមមាន​ការធ្វើ​ទណ្ឌកម្ម​មាន​គោលដៅ និង​ទណ្ឌកម្ម​ការជួញដូរ​អាវុធ រហូតដល់​ពេលដែល​លទ្ធិប្រជាធិបតេយ្យត្រូវបាន​ស្ដារ»។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្ដី​លោក​ Toe ZawLatt ប្រធានការិយាល័យ​ផ្សាយ​នៃ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ភូមា (the Democratic Voice of Burma) ហៅ​កាត់​ថា DVB បាន​ប្រាប់​សារព័ត៌មាន BBC ថា «ពួកយោធា​មិន​ខ្វល់​នឹង​ទណ្ឌកម្មសេដ្ឋកិច្ច​របស់​ប្រទេសលោកខាងលិច​នោះទេ» ហើយពួកគេ​ព្រួយបារម្ភ​អំពី «របៀប​ប្រទេស​ចិន ជប៉ុន និង​ប្រទេសកូរ៉េខាងត្បូង ​ឆ្លើយតប​នឹង​រឿងនេះ»។

ប្រជាជន​មី​យ៉ាន់​ម៉ា​ជុំវិញ​ពិភព​លោក​កំពុងធ្វើការ​តវ៉ា​ប្រឆាំង​នឹង​ការឃុំខ្លួន​លោកស្រី ​ស៊ូ​ជី ​នេះ ​ខណៈពេល​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) បាន​អំពាវនាវ​ឱ្យមាន​ការវិលត្រឡប់​ទៅរក​ភាពប្រក្រតី​វិញ​នៅ ក្នុងប្រទេស​មីយ៉ាន់​ម៉ា ដែលជា​ប្រទេស​សមាជិក​នៃ​សមាគម​នេះ។

ប្រទេស​ប្រ៊ុយណេ ដែល​ប​ច្ចុប្បន្ន​ជា​ប្រធាន​អាស៊ាន​បាន​សរសេរ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា៖ «យើង​សូមបញ្ជាក់​ម្ដង​ទៀតថា ​ស្ថិរភាព​ន​យោបាយ​នៅក្នុង​រដ្ឋ​ជា​សមាជិក​អាស៊ាន គឺ​ចាំបាច់ ​ដើម្បី​សម្រេចបាន​នូវ​សហគមន៍​អាស៊ាន​ប្រកប​ដោយ​សន្តិភាព ស្ថិរភាព និង​វិបុលភាព។ យើង​លើក​ទឹកចិត្ត​ដល់​ការបន្ត​ការសន្ទនា​ ការផ្សះផ្សា និង​ការវិលត្រឡប់​មករក​ភាពប្រក្រតី​វិញ ស្របតាម​ឆន្ទៈ និង​ផលប្រយោជន៍​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា។

យ៉ាងណាមិញ រដ្ឋប្រហារ​នេះ​កើតឡើង​នៅពេលដែល​ភាពតានតឹងបាន​កើនឡើង​រវាង​រដ្ឋាភិបាល​ស៊ីវិល​របស់លោកស្រី​ ​Aung San Suu Kyi និង​កង​យោធា​ដឹកនាំ​ដោយ​លោក​ Min Aung Hlaing ជុំវិញ​ជម្លោះ​លទ្ធផល​ការបោះឆ្នោត​ខែវិច្ឆិកា ២០២០។ ក្នុងការបោះឆ្នោត​នោះ គណបក្សសម្ព័ន្ធជាតិ ដើម្បី​ប្រជា​ធិ​បតេ​យ្យ (NLD) របស់លោកស្រី ​អ៊ុង​សាន ស៊ូ​ជី បានទទួល​អាសនៈ​រដ្ឋ​សភា​ចំនួន ៣៩៦ ក្នុងចំណោម ៤៧៦ ខណៈ​គណបក្ស​សាមគ្គីភាព និង​ការអភិវឌ្ឍ (USDP) របស់​យោធា​វិញ​ទទួលបាន​ត្រឹមតែ ៣៣ អាសនៈ​ប៉ុណ្ណោះ។

គណបក្ស USDP បានធ្វើការ​អះអាងថា​ មានការ​លួច​ក្លែងបន្លំ​សន្លឹកឆ្នោត ហើយ​បានធ្វើ​ការតវ៉ា​ទៅកាន់​តុលាការ​កំពូល។

កាលពី​ថ្ងៃ​សៅរ៍ ទី ៣០ មករា កង​យោធា​បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ថា ការ​លួចបន្លំ​សន្លឹកឆ្នោតបានកើត​ឡើង​ ហើយ​សហគមន៍​អន្តរជាតិ គួរ​គាំទ្រ​ជំហាន​បន្ទាប់​នៃ​ដំណើរការ​នយោបាយ​ដោយ​ឈរលើ​មូលដ្ឋាន «ធុរកិច្ច​ដូច​ធម្មតា»។

នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ រដ្ឋាភិបាលយោធា​បានប្រកាសថា​ ពួកគេ​នឹង​រៀបចំ​ការបោះឆ្នោត​ថ្មី​ពេល​ដល់​ការប្រកាស​ស្ថានភាព​អាសន្ន ១ ឆ្នាំ​ បាន​ផុត ហើយនឹង​ផ្ដល់​សិទ្ធិ​ក្នុងការ​បង្កើត​រដ្ឋា​ភិបាល​ថ្មី​ដល់​គណបក្ស​ន​យោបាយ​ដែល​ឈ្នះឆ្នោត​ត្រឹមត្រូវ។ កង​យោធា​ក៏​ប្រកាស​ការធ្វើ​កំណែ​ទម្រង់​លើ​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត ដែល​ពួកគេ​ចោទប្រកាន់ថា បាន​បរាជ័យ​ក្នុងការ​ដោះស្រាយ​បញ្ហា​លទ្ធផល​ការបោះឆ្នោត៕