ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Joe Biden​ គ្រោង​ចុះ​ហត្ថលេខា​បទ​បញ្ជា​ដើម្បី​ផ្លាស់ប្ដូរ​គោល​នយោបាយ​ចម្រូងចម្រាស​សល់​ពី​លោក​ប្រធានាធិបតី ​Donald Trump ​នៅ​ថ្ងៃ​ដំបូង​លោក​ចូល​កាន់​តំណែង។ នេះ​បើ​តាម​នាយខុទ្ទកាល័យ​លោក ​Ron Klain ដែល​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី ១៧ មករា បាន​ដាក់​ចេញ​ផែនការ​របស់​លោក ​Biden ក្នុង​រយៈពេល ​១០ ថ្ងៃ​ដំបូង​នៃ​រដ្ឋបាល​លោក​។

នៅ​ក្នុង​កម្មវិធី ​State of the Union របស់​ទូរទស្សន៍ ​CNN លោក Klain បាន​និយាយ​ថា​៖ «លោក [Biden] នឹង​ត្រឡប់​មក​សេតវិមាន​បន្ទាប់​ពី​ការ​ធ្វើ​ការ​​ថ្លែង​សុន្ទរក​ថា​នៅ​វិមាន​កាពីតូល [អគារ​​​សភា] ​ហើយ​ចាត់​វិធានការ​ភ្លាម​ៗ ដើម្បី​ចាប់​ផ្ដើម​ធ្វើ​ឱ្យ​ប្រទេស​នេះ​ឆ្ពោះ​ទៅ​មុខ​»​។​

លោក ​Klain ​បាន​ពន្យល់​អំពី​ផែនការ​របស់​លោក ​Biden ​នៅ​​ក្នុង​អនុស្សរណៈ​មួយ​ដែល​ផ្ញើ​ទៅ​កាន់​អនាគត​បុគ្គលិក​សេតវិមាន​កាល​ពី​ថ្ងៃ​សៅរ៍​។ អនុស្សរណៈ​នេះ​ត្រូវ​បាន​រាយការណ៍​ដំបូង​ដោយ​កាសែត​ The New York Times​។

នៅ​ថ្ងៃ​ពុធ​ ទី ២០ លោក​ Biden ​នឹង​បញ្ជា​ឱ្យ​អាមេរិក​ចូលរួម​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​ឡើង​វិញ​ ហើយ​នឹង​លុប​ចោល​ការ​ហាម​ឃាត់​ការ​អន្តោប្រវេសន៍​ពី​ប្រទេស​មូស្លីម​​មួយ​ចំនួន​ទៅ​កាន់​អាមេរិក​។ ក្រៅ​ពី​នេះ​លោក​ក៏​នឹង​​ធ្វើ​ការ​បញ្ជា​ឱ្យ​ពាក់​ម៉ាស់​នៅ​​ដែន​ដី​សម្ព័ន្ធ​ និង​ពេល​ធ្វើ​ដំណើរ​ឆ្លង​រដ្ឋ​ ហើយ​បន្ត​ការ​ពន្យារ​ការ​បណ្ដេញ​ចេញ​ពី​គេហដ្ឋាន ​និង​ការ​រឹបអូស​ដែល​វិធានការ​ទាំង​នេះ​ គឺ​ដើម្បី​ជួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ ​១៩ និង​ជួយ​កាត់​បន្ថយ​ឥទ្ធិពល​​វិបត្តិ​សេដ្ឋកិច្ច​បង្ក​ដោយ​ជំងឺ​នេះ​។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ​លោក​ Biden នឹង​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ទាក់ទង​នឹង​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ ដែល​មាន​គោលដៅ​បើក​សាលារៀន ​និង​អាជីវកម្ម​ឡើង​វិញ​ដោយ​សុវត្ថិភាព ហើយ​ពង្រីក​ការ​ធ្វើ​តេស្ត​រក​មេរោគ​។ នៅ​ថ្ងៃ​សុក្រ​លោក​នឹង​ចាត់​វិធានការ​លើ​ការ​ផ្តល់​ជំនួយ​សេដ្ឋកិច្ច​ដល់​អ្នក​ដែល​ទទួល​រង​នូវ​ការ​ខាតបង់​ដោយសារ​កូវីដ ១៩​។

នៅ​សប្ដាហ៍​បន្ទាប់​លោក ​Joe Biden គ្រោង​ចាត់​វិធានការ​បន្ថែម​ទៀត​ទាក់ទង​នឹង​ការ​​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្ម​ទណ្ឌ ការ​ប្រែប្រួល​អាកាសធាតុ និង​អន្តោប្រវេសន៍​ដែល​រួម​មាន​សេចក្ដី​ណែនាំ ​ដើម្បី​ពន្លឿន​ការ​ជួបជុំ​ក្រុម​គ្រួសារ​ដែល​បែក​គ្នា​នៅ​ព្រំដែន​សហរដ្ឋ​អាមេរិក-ម៉ិកស៊ិក​ ក្រោម​គោល​នយោបាយ​របស់​លោក Trump​។

តែ​លោក ​Klain មិន​បាន​បញ្ជាក់​ជា​លម្អិត​ថា​ ដើម្បី​សម្រេច​គោលដៅ​ទាំង​នេះ ​តាម​វិធីសាស្ត្រ​អ្វី​។លោក​ក៏​មិន​បញ្ជាក់​ថា ​លោក ​Biden នឹង​សម្រេច​លើ​គោល​នយោបាយ​ការបរទេស​អ្វី​ខ្លះ​ទេ​ ជា​ពិសេស​គោល​នយោបាយ​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ នៅ​ក្នុង​រយៈពេល​កាន់​អំណាច​ដំបូង​នេះ​។

ក្រៅ​ពី​សកម្មភាព​អំណាច​នីតិប្រតិបត្តិ​អនុស្សរណៈ​នេះ​ក៏​បង្ហាញ​ថា​ លោក ​Biden ក៏​គ្រោង​​នឹង​សម្រេច​គោលដៅ​នីតិប្បញ្ញត្តិ​មួយ​ចំនួន​ក្នុង​រយៈពេល ​១០០ ​ថ្ងៃ​ដំបូង​របស់​លោក​។ ក្នុង​ចំណោម​គោលដៅ​ទាំង​នោះ​រួម​មាន​ផែនការ​អន្តោប្រវេសន៍​ទ្រង់ទ្រាយ​ធំ​មួយ​ដែល​នឹង​ផ្ដល់​ផ្លូវ​សម្រាប់​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​រាប់​លាន​នាក់​ទទួល​សញ្ជាតិ​អាមេរិក​។

លោក​ក៏​មាន​ផែន​ការ​​អនុម័ត​កញ្ចប់​ថវិកា ដើម្បី​ជួយ​សង្គ្រោះ​វិបត្តិ​កូវីដ ១៩ ​ចំនួន ​១,៩ លាន​លាន​ដុល្លារ​។ តែ​ការ​​អនុម័ត​គោលដៅ​ច្បាប់​ទាំង​នេះ ​គឺ​អាច​មាន​ការ​លំបាក​បើ​ទោះបី​សភា​ទាំង ​២ គឺ​គ្រប់គ្រង​ដោយ​បក្ស​ប្រជាធិបតេយ្យ​ក៏​ដោយ​។ បក្ស​ប្រជាធិបតេយ្យ​មាន​​អាសនៈ ​២២២ ក្នុង​សភា​តំណាង​ធៀប​នឹង ២១២ អាសនៈ​របស់​បក្ស​សាធារណរដ្ឋ​ ខណៈ​ពេល​ដែល​អាសនៈ​ក្នុង​ព្រឹទ្ធសភា ​គឺ​ស្មើ​គ្នា ​៥០-៥០ ដោយ​​មាន​អនុ​ប្រធានាធិបតី ​Kamala Harris ដើរ​តួ​ជា​អ្នក​បំបែក​សំឡេង​ស្មើ​គ្នា​។

យ៉ាងណា​មិញ​ នេះ​គឺ​ជា​រឿង​ធម្មតា​ដែល​ប្រធានាធិបតី​ថ្មី​ធ្វើ​ការ​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​សំខាន់ ៗ​ នៅ​ពេល​ដែល​ពួក​គេ​កាន់​អំណាច​ភ្លាម​ៗ​។ លោក ​Trump ក៏​បាន​ធ្វើ​បែប​នេះ​ផង​ដែរ តែ​បទបញ្ជា​របស់​លោក​ត្រូវ​បាន​រង​ការ​តវ៉ា​ជា​ច្រើន​លើក​​ច្រើន​សា​ ហើយ​មាន​​ពេល​ខ្លះ​ត្រូវ​បាន​តុលាការ​ច្រាន​ចោល​៕