ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើការថ្លែងសុន្ទរកថា នៅក្រសួងការបរទេសជាលើកដំបូងតាំងពីពេលកាន់អំណាចអំពីគោលនយោបាយការបរទេសរបស់លោក។ ការថ្លែងសុន្ទរកថារបស់លោកបានបង្ហាញការផ្លាស់ប្ដូរពីគោលនយោបាយ «គិតពីផលប្រយោជន៍អាមេរិកមុនគេ ឬ America First » របស់លោកអតីតប្រធានាធិបតី Donald Trump។
លោក Biden បានប្រកាសថា៖ «អាមេរិកត្រឡប់មកវិញហើយ ការទូតត្រឡប់មករកមុខមាត់ថ្មីវិញ» ហើយប្ដេជ្ញាជួសជុលសម្ព័ន្ធភាពនានាតាមរយៈការទូត និងស្ដារទីតាំងរបស់ក្រុងវ៉ាស៊ីនតោនក្នុងឆាកអន្តរជាតិឡើងវិញ។
លោកបាននិយាយបន្តទៀតថា៖ «ក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះ ខ្ញុំបាននិយាយជាមួយមេដឹកនាំ នៃមិត្តភក្ដិជិតស្និទ្ធបំផុតរបស់យើងកាណាដា ម៉ិកស៊ិក អង់គ្លេស អាល្លឺម៉ង់ បារាំង ណាតូ (NATO) ជប៉ុនកូរ៉េខាងត្បូង អូស្ត្រាលី ដើម្បីចាប់ផ្ដើមធ្វើកំណែទម្រង់ទម្លាប់នៃកិច្ចសហប្រតិបត្តិការ និងកសាងសាច់ដុំនៃសម្ព័ន្ធភាពប្រជាធិបតេយ្យដែលបានស្វិតអស់ដោយសារការមិនមើលថែក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ»។
លោកបន្ថែមទៀតថា៖ «នៅពេលយើងពង្រឹងសម្ព័ន្ធភាពរបស់យើង យើងពង្រីកអំណាចរបស់យើង ក៏ដូចជា សមត្ថភាពរបស់យើងដើម្បីរំខានដល់ការគំរាមកំហែង មុនពេលមកដល់ច្រាំងរបស់យើង»។
ក្នុងសុន្ទរកថានេះ លោក Biden បានបង្ហាញទស្សនៈរបស់លោកលើបញ្ហាធំៗជុំវិញពិភពលោកដូចជា រដ្ឋប្រហារនៅមីយ៉ាន់ម៉ា ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន និងអាកប្បកិរិយារបស់រុស្ស៊ី។
ទាក់ទងនឹងរដ្ឋប្រហារនៅមីយ៉ាន់ម៉ា លោក Biden បានទាមទារឱ្យរដ្ឋាភិបាលយោធាឱ្យបោះបង់អំណាច។ លោកបាននិយាយថា៖ «យោធាភូមាគួរតែបោះបង់អំណាចដែលពួកគេបានដណ្ដើម ដោះលែងសកម្មជន និងមន្ត្រីដែលពួកគេបានឃុំខ្លួន ដកការរឹតបន្តឹងលើប្រព័ន្ធសារទូរគមនាគមន៍ និងចៀសវាងអំពើហិង្សា»។
លោកបានបន្តទៀតថា៖ «ដូចដែលខ្ញុំបាននិយាយកាលពីដើមសប្ដាហ៍នេះ យើងនឹងធ្វើការជាមួយដៃគូរបស់យើង ដើម្បីគាំទ្រដល់ការស្តារលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋឡើងវិញ និងដាក់ផលវិបាកលើអ្នកបង្ក»។
រីឯទាក់ទងជាមួយចិន និងរុស្ស៊ីវិញ លោក Biden បាននិយាយថា៖ «ថ្នាក់ដឹកនាំអាមេរិកត្រូវប្រឈមនឹងសម្ទុះនៃការឈានទៅរកផ្ដាច់ការនិយមដែលរួមមាន មហិច្ឆតាដែលកំពុងកើនឡើងរបស់ចិន ដើម្បីប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក និងការប្ដេជ្ញារបស់រុស្ស៊ីក្នុងការបំផ្លាញ និងរំខានដល់លទ្ធិប្រជាធិបតេយ្យរបស់យើង»។
ប៉ុន្តែខុសពីរដ្ឋបាលលោក Trump ដែលប្រើយុទ្ធសាស្ត្រប្រឈមមុខដោយផ្ទាល់ជាមួយនឹងប្រទេសទាំង ២ នេះ លោក Biden បាននិយាយថា លោកនឹងប្រើប្រាស់យុទ្ធសាស្ត្រការទូតវិញ។ លោកបាននិយាយថា៖ «តាមរយៈការនាំមុខជាមួយការទូតយើងក៏ត្រូវមានបំណងចូលរួមជាមួយសត្រូវ និងដៃគូប្រកួតប្រជែងរបស់យើងតាមផ្លូវការទូតលើអ្វីដែលស្ថិតក្នុងប្រយោជន៍របស់យើង និងជំរុញសន្តិសុខរបស់ប្រជាជនអាមេរិក»។
លោកបានបន្តទៀតថា៖ «ហេតុដូច្នេះហើយ កាលពីម្សិលមិញ សហរដ្ឋអាមេរិក និងរុស្ស៊ី បានព្រមព្រៀងបន្តសន្ធិសញ្ញា New START រយៈពេល ៥ ឆ្នាំ ដើម្បីការពារសន្ធិសញ្ញាតែមួយដែលនៅសល់រវាងប្រទេសរបស់យើងក្នុងការការពារស្ថិរភាពនុយក្លេអ៊ែរ»។
បើទោះជាយ៉ាងនេះក៏ដោយ លោក Biden បាននិយាយថា៖ «ក្នុងពេលជាមួយគ្នានេះ ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់លោកប្រធានាធិបតី Putin ពីភាពខុសគ្នាពីអ្នកកាន់តំណែងមុនរបស់ខ្ញុំថា ថ្ងៃដែលសហរដ្ឋអាមេរិកមិនអើពើសកម្មភាពអរិភាពរុស្ស៊ី ការជ្រៀតជ្រែកក្នុងការបោះឆ្នោតរបស់យើង ការវាយប្រហារតាមអ៊ីនធឺណិត ការបំពុលពលរដ្ឋរបស់ខ្លួន គឺចប់ហើយ។ យើងនឹងមិនស្ទាក់ស្ទើរក្នុងការបង្កើនផលវិបាកលើប្រទេសរុស្ស៊ី និងការពារផលប្រយោជន៍សំខាន់ៗ និងប្រជាជនរបស់យើង»។
ស្រដៀងនឹងរុស្ស៊ី លោក Biden ក៏បាននិយាយទាក់ទងនឹងចិនថា៖ «យើងនឹងប្រឈមមុខនឹងការរំលោភបំពានសេដ្ឋកិច្ចរបស់ចិនប្រឆាំងនឹងសកម្មភាពអរិភាព និងបង្ខិតបង្ខំរបស់ពួកគេច្រានចោលការវាយប្រហាររបស់ចិនលើសិទ្ធិមនុស្ស កម្មសិទ្ធិបញ្ញា និងអភិបាលកិច្ចពិភពលោក»។
ប៉ុន្តែលោកបានបន្តថា៖ «ប៉ុន្តែយើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយទីក្រុងប៉េកាំងនៅពេលដែលមានផលប្រយោជន៍សម្រាប់អាមេរិកក្នុងការធ្វើដូច្នេះ»។
យ៉ាងណាមិញ គោលនយោបាយការបរទេសរបស់លោក Biden និងលោក Trump គឺមានលក្ខណៈខុសគ្នាខ្លាំង ត្រង់ចំណុចថា លោក Trump ប្រើយុទ្ធសាស្ត្រប្រឈមមុខដោយផ្ទាល់ជាមួយប្រទេសផ្សេងដោយមិនសហប្រតិបត្តិការពីសម្ព័ន្ធមិត្ត រីឯលោក Biden វិញគឺហាក់ដូចជាគ្រោងនឹងរំពឹង សម្ព័ន្ធមិត្តច្រើនជាងហើយអាចសហការជាមួយដៃគូប្រជែងផងដែរ តែគោលបំណងរបស់ប្រធានាធិបតីទាំង ២ នេះគឺដូចគ្នា។
ដោយឡែកបើតាមព័ត៌មានរដ្ឋចិន Xinhuanet វិញ លោក Yang Jiechi អ្នកការទូតជាន់ខ្ពស់របស់ចិនបានថ្លែងកាលពីសប្ដាហ៍មុនថា ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្ដារទំនាក់ទំនងការទូតរវាងអាមេរិក និងចិនឡើងវិញ។
លោកបន្តថា រដ្ឋបាលលើកមុនបានធ្វើការវិនិច្ឆ័យដោយលម្អៀងលើប្រទេសចិន “ពួកគេមើលឃើញប្រទេសចិន ដូចជា គូប្រជែងយុទ្ធសាស្ត្រធំមួយអ៊ីចឹងថែមទាំងគិតថា យើងជាសត្រូវពួកគេទៀត។ ហេតុនេះហើយខ្ញុំខ្លាចតែជារឿងការគិតខុសជាប្រវត្តិសាស្ត្រជាមូលដា្ឋន និងបែបយុទ្ធសាស្ត្រតែម្ដង៕