កាលពី​ថ្ងៃ​អង្គារ ទី ២៦ មករា ប្រ​ធានា​ធិបតី​សហរដ្ឋអាមេរិក​លោក​ Joe Biden បាន​សន្ទនាតាម​ទូរស័ព្ទ​ដំបូង​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក ​Vladimir Putin ដោយ​ពិភាក្សាគ្នា​លើ​បញ្ហា​ជាច្រើន​រវាង​ប្រទេស​ទាំង។

យោងតាម​សេត​វិមាន លោក Biden បានលើកឡើង​ពី​ការព្រួយបារម្ភ​មួយចំនួន​ដូចជា ការបំពុល និង​ការចាប់ខ្លួន​មេដឹកនាំ​ចលនា​ប្រឆាំង Alexe-Navalny ការចោទប្រកាន់ថា រុស្ស៊ី​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ចារកម្ម​តាម​អុ​ី​ន​ធឺ​ណិ​ត​ដ៏​ធំ​មួយ ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក ការរាយការណ៍​ថា រុស្ស៊ី​បាន​លើកទឹកចិត្ត​ឱ្យមាន​ការសម្លាប់ទាហាន​អាមេរិក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន។

បន្ថែម​ពីលើ​ចំណុច​ទាំងនេះ សេត​វិមានបាន​និយាយថា លោក​ Biden មាន​ជំហរ​រឹងមាំចំពោះ​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អធិបតេយ្យភាព​របស់​អ៊ុយ​ក្រែ​ន​ ខណៈ​រុស្ស៊ី​គាំទ្រ​ក្រុម​បំបែក​ខ្លួន​នៅ​ភាគ​ខាងកើត​របស់​ប្រទេស​នេះ។

សេចក្ដីថ្លែងការណ៍​មួយ​របស់​សេតវិមាន​បានសរសេរថា៖ «លោក​ប្រ​ធានាធិបតី​ Biden បានបញ្ជាក់​យ៉ាងច្បាស់​ថា ​សហរដ្ឋអាមេរិក​នឹងធ្វើ​សកម្មភាព​ការពារ​ផលប្រយោជន៍​ជាតិ​របស់​ខ្លួន​ជា ការឆ្លើយតប​ចំពោះ​សកម្មភាព​របស់​ប្រទេស​រុស្ស៊ី​ដែល​ប៉ះពាល់​យើង ឬ​សម្ព័ន្ធមិត្ត​របស់​យើង»។

បើទោះជា​យ៉ាងនេះ​ក៏ដោយ ប្រ​ធានាធិបតី​ទាំង ២ រូប​ បាន​យល់ព្រម​ធ្វើការ​បន្ត​សន្ធិ​សញ្ញា New Start ដែលជា​សន្ធិសញ្ញា​ធ្វើ​នៅ​ជំនាន់​ប្រធានាធិបតី​ Barrack Obama សម្រាប់​កំណត់​បរិមាណ​ក្បាល​គ្រាប់​មី​ស៊ី​ល និង​ឧ​បករណ៍​បាញ់​ក្នុង​ស្តុក​អាវុធ​នុយក្លេអ៊ែរអាមេរិក និង​រុស្ស៊ី។

មន្ត្រី​ដែល​ដឹង​ពី​ការសន្ទនា​ទូរស័ព្ទ​នេះ​បាន​និយាយថា ទីក្រុង​ម៉ូស្គូ​កាលពី​សប្តាហ៍​មុន​បាន​ស្នើសុំ​ការធ្វើការ​ពិភា​ក្សា​នេះ។ លោក Biden បាន​យល់ព្រម ប៉ុន្តែ​លោក​ចង់​រៀបចំ​ជាមុន​ជាមួយ​បុគ្គលិក​របស់លោក ហើយ​និយាយ​ជាមួយ​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប​ដូចជា អង់គ្លេស បារាំង និង​អាល្លឺម៉ង់ ជាមុនសិន។

មុនពេល​ដែល​លោក​បាន​និយាយ​ជាមួយ​លោក Putin លោក Biden ក៏បាន​ជួប​ជាមួយ​អគ្គលេខាធិការ​អង្គការ NATO លោក Jens Stoltenberg ដើម្បី​ធានា​លើ​ការប្ដេជ្ញាចិត្ត​របស់​សហ​រដ្ឋអាមេរិក​ចំពោះ​សម្ពន្ធភាព​នេះ។

វិមាន​ក្រឹម​ឡាំង​វិញ មិនបាន​និយាយ​ទាក់ទង​ចំណុច​កកិត​ដែល​សេត​វិមាន​បាន​និយាយថា លោក Biden បានលើកឡើង​ក្នុង​ពិភាក្សា​ជាមួយនឹង​លោក Putin ទេ។ វិមាន​ក្រឹម​ឡាំង​បាន​ផ្ដោតទៅលើ​គោលបំណង​របស់លោក Biden ក្នុង​ការបន្ត​សន្ធិសញ្ញា New Start ទៅវិញ។

ក្នុងចំណោម​បញ្ហា​ដែល​វិមាន​ក្រឹមឡាំង​បាន​និយាយថា ត្រូវបាន​ពិភាក្សា​រួម​មានការ​រាលដាល​ជំងឺ​កូ​វីដ ១៩ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​បញ្ហា​ទាក់ទង​នឹង​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច។

សេចក្ដីថ្លែងការណ៍​រប​ស់​វិមាន​ក្រឹមឡាំង​បានសរសេរថា លោក Putin បាន «កត់សម្គាល់ថា ការធ្វើឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​រុស្ស៊ី និង​សហរដ្ឋអាមេរិក​ប្រក្រតី​ឡើងវិញ នឹង​បំពេញ​នូវ​ផលប្រយោជន៍​របស់​ប្រទេស​ទាំង ២ និង​សហគមន៍​អន្តរជាតិ​ទាំងមូល បើសិន​រួម​ប​ញ្ជូ​ល​ការទទួលខុសត្រូវ​ពិសេស​របស់​ពួកគេ​ក្នុងការ​ថែរក្សា​សន្តិសុខ និង​ស្ថិរភាព​នៅក្នុង​ពិភពលោក»។

សេចក្ដីថ្លែងការណ៍បាន​បន្តទៀតថា៖ «សរុបមក ការសន្ទនា​រវាង​មេដឹកនាំ​រុស្ស៊ី និង​សហរដ្ឋអាមេរិក​គឺមាន​លក្ខណៈ​បែប​ធុរកិច្ច និង​ស្មោះត្រង់»។

បញ្ជី​ប្រធានបទ​ដ៏​វែង​ក្នុងការ​សន្ទនា​លើកដំបូង​របស់លោក Biden ជាមួយ​លោក Putin បង្ហាញ​ពី​ស្ថានភាព​ទំនាក់ទំនង​ពោរពេញ​ដោយ​បញ្ហា​រវាង​វ៉ាស៊ីនតោន និង​មូ​៉​ស្គូ ដែល​ភាគច្រើន​បន្សល់​ពី​រដ្ឋបាល​មុន។ លោក Biden បាន​ចោទប្រកាន់​អតីត​ប្រធានាធិបតី Donald Trump ទន់ខ្សោយ​ជាមួយ​រុស្ស៊ី​ដោយ​ហៅ​លោក Trump ថា​ជា «កូន​ឆ្កែ​របស់​ Putin» ក្នុងការ​តស៊ូ​មតិ​បោះឆ្នោត​ប្រធានាធិបតី។

លោក Trump បាន​បដិសេធ​មិន​ប្រឈមមុខ​ជាមួយ​ក្រុង​មូ​៉​ស្គូ និង​មិន​ព្រម​ទទួលស្គាល់ថា រុស្ស៊ី​បានធ្វើការ​វាយប្រហារ​ស្ថាប័ន​រដ្ឋាភិបាល​អាមេរិក​តាម​អ៊ីន​ធឺ​ណិ​ត។ បើទោះជា​យ៉ាងនេះ​ក៏ដោយ​ក៏​មន្ត្រីរដ្ឋបាល Trump បាន​កាន់​ជំហរ​រឹងមាំ​ជាមួយ​រុស្ស៊ី ដែល​រួមមាន ការដាក់ទណ្ឌកម្ម​ផងដែរ។

កាលពី​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​លោក Biden បាន​សន្យាថា លោក​នឹង​ប្រកាន់​ជំហរ​រឹងមាំ​ជាមួយ​រុស្ស៊ី។

សារព័ត៌មាន AP បាន​រាយការណ៍​ថា លោក Biden បាន​ប្រា​ប់លោក Putin ថា សហរដ្ឋអាមេរិក​នឹង​ការពារ​ខ្លួន​ហើយ​ចាត់វិធានការ​ដែល​អាច​រួមបញ្ចូល​ទាំង​ការដាក់ទណ្ឌកម្ម​បន្ថែមទៀត​ដើម្បី​ធានាថា ទីក្រុង​មូ​៉​ស្គូ​មិន​ធ្វើ​សកម្មភាព​ដោយ​និទ្ទណ្ឌភាព។

តែដោយសារ​បញ្ហា​ក្នុងស្រុក​ធ្ងន់ធ្ងរ និង​ការសម្រេចចិត្ត​លើ​បញ្ហា​ជាមួយ​ចិន និង​អុ​ី​រ៉ង់​ការប្រឈមមុខ​ដោយផ្ទាល់​ជាមួយ​នឹង​រុស្ស៊ី គឺ​មិនមែនជា​អ្វីដែល​លោក Biden ចង់បាន​នៅពេល​ឥឡូវនេះ​ទេ៕