លោក ​Donald ​Trump ​អតីត​ប្រធានាធិបតី​អាមេរិក​អាច​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​មួយ​ចំនួន ក្រោយ​ពី​លោក​អស់​តំណែង​ជា​ប្រធានាធិបតី​កាល​ពី​ថ្ងៃទី ​២០ ​មករា ​កន្លង​ទៅ​នេះ។​

តាម​ច្បាប់​សហរដ្ឋ​អាមេរិក​ប្រធានាធិបតី​មិន​អាច​ត្រូវ​ចោទ​ប្រកាន់​ពី​បទល្មើស​ណា​មួយ​ឡើយ ដោយ​ក្រសួង​យុត្តិធម៌​មាន​បទ​ប្បញ្ញត្តិ​មួយ​ដើម្បី​រារាំង​ការ​អនុវត្ត​ការ​ចោទ​ប្រកាន់​ទៅ​ប្រធានាធិបតី​ដែល​កំពុង​កាន់​តំណែង។

ការ​ស៊ើប​អង្កេត​ព្រហ្មទណ្ឌ​នៅ​ក្រុង​ញូវយ៉ក​ទាក់ទង​នឹង​ជំនួញ​អចលន​ទ្រព្យ​របស់​លោក Trump​ អាច​ជា​បញ្ហា​មួយ​ដែល​លោក​អាច​នឹង​ត្រូវ​ប្រឈម។ លោក​អាច​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ទាក់ទង​នឹង​អាជីវកម្ម​របស់​គ្រួសារ​លោក និង​សកម្មភាព​របស់​លោក​មុន​ពេល​ចូល​កាន់​តំណែង។

លោក Trump ធ្លាប់​ត្រូវ​បាន​ចោទ​ប្រកាន់​ទាក់ទង​នឹង​ការ​មិន​បង់​ពន្ធ​ដោយសារ​លោក​មិន​បញ្ចេញ​ទិន្នន័យ​ពន្ធ​អាជីវកម្ម​របស់​​លោក​ដែល​បាន​បង់។ ចាប់​តាំង​ពី​ពេល​នោះ​មក​លោក Trump ​បាន​ព្យាយាម​​រារាំង​ដីកា​កោះ​ហៅ​ពី​តុលាការ​ដោយ​លើក​ហេតុផល​នៅ​ក្នុង​តុលាការ​ថា សកម្មភាព​នេះ គឺ​រំខាន​ដល់​ការ​ធ្វើ​នយោបាយ។

រដ្ឋ​អាជ្ញា​ប្រចាំ​សង្កាត់ Manhattan ក្នុង​ទីក្រុង New York លោក Cyrus Vance ​បាន​សង្កត់​ធ្ងន់​ទៅ​លើ​សារៈសំខាន់​នៃ​ការ​បង់​ពន្ធ​របស់​លោក Trump នៅ​ក្នុង​ឯកសារ​​តុលាការ។ ​ដោយ​កាល​ពី​ខែ​សីហា ​ឆ្នាំ ​២០២០ ​កន្លង​ទៅ​លោក Vance បាន​លើក​​ឡើង​ពី​របាយការណ៍​សាធារណៈ​អំពី​បទល្មើស​ដែល​លោក ​Trump ​អាច​ប្រព្រឹត្ត។

នៅ​ក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក​ប្រភេទ​នៃ​​ការ​ក្លែង​បន្លំ​ពន្ធ​មួយ​ចំនួន​អាច​ជា​បទល្មើស​ដែល​អាច​ជាប់​ពន្ធនាគារ។ ​យោង​តាម​​សារព័ត៌មាន ​New York Times ​បាន​រាយការណ៍​ថា ​លោក Trump ​ដែល​ជា​មហាសេដ្ឋី​បាន​បង់ពន្ធ​ប្រាក់​ចំណូល​ចំនួន ៧៥០ ដុល្លារ​ សម្រាប់​ឆ្នាំ ២០១៦ និង ២០១៧ ដែល​ចំនួន​នេះ ​មើល​ទៅ​ហាក់​ដូចជា​តិច​សម្រាប់​លោក​ដែល​ជា​អ្នក​ធ្វើ​ជំនួញ​ខាង​អចលនទ្រព្យ។

លោក Nick Akerman ​អតីត​រដ្ឋ​អាជ្ញា​បាន​និយាយ​នៅ​ក្នុង​ទូរទស្សន៍ CNN ​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០២០ ​ថា​ សកម្មភាព​របស់​លោក ​Trump អាច​ជា​ការ​បន្លំ​ពន្ធ​មិនមែន​ការ​គេច​ពន្ធ​ឡើយ។ លោក Trump បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាក់ទង​នឹង​ការ​បង់ពន្ធ​របស់​លោក​ ហើយ​បាន​និយាយ​ថា ​លោក​បាន​ចំណាយ​ទៅ​លើ​ការ​បង់ពន្ធ​ជា​ច្រើន។

ក្រៅ​ពី​ការ​ចោទ​ប្រកាន់​ពី​រឿង​បង់ពន្ធ លោក Trump ​ក៏​អាច​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ច្បាប់​ទាក់ទង​នឹង​ការ​បំពាន​ផ្លូវ​ភេទ​ផង​ដែរ។

លោកស្រី E Jean Carroll អ្នក​និពន្ធ​បាន​​ចោទ​ប្រកាន់​លោក Trump ពី​បទបរិហារកេរ្តិ៍​ដែល​លោកស្រី​បាន​ចោទ​ប្រកាន់​លោក​ ​Trump បាន​រំលោភ​លោកស្រី​កាល​ពី​ឆ្នាំ ១៩៩០។ ចំណែក​លោកស្រី ​Summer Zervos​ ដែល​អតីត​បេក្ខនារី​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​បាន​ចោទ​ប្រកាន់​លោក ​Donald Trump ​ដូចគ្នា​ទាក់ទង​នឹង​ការ​បំពាន​ផ្លូវ​ភេទ​កាល​ពី​ឆ្នាំ ២០០៧។

លោក​ក៏​អាច​នឹង​ត្រូវ​ដោះស្រាយ​ទៅ​លើ​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ច្បាប់​ក្នុង​អំឡុង​ពេល​ដែល​លោក​នៅ​កាន់​តំណែង​ផង​ដែរ។ អ្នក​ជំនាញ​ផ្នែក​ច្បាប់​ធ្លាប់​និយាយ​ថា បណ្តឹង​ទាក់ទង​នឹង​ករណី​នេះ​អាច​នឹង​ត្រូវ​លុប​ចោល ​ដោយ​តុលាការ​កំពូល​បាន​បដិសេធ​រួច​ទៅ​ហើយ។

លោក Trump នៅ​តែ​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ទាក់ទង​នឹង​កុបកម្ម​នៅ​វិមាន​កាពីតូល [អគារ​សភា] ​កាល​​ពី​ថ្ងៃទី ​៦ ​មករា។ ប្រធាន​សភា​លោកស្រី ​Nancy Pelosi គ្រោង​នឹង​បញ្ជូន​ពាក្យ​បណ្តឹង​នេះ​ទៅ​ព្រឹទ្ធសភា​នៅ​ថ្ងៃទី ២៥ មករា​នេះ ​ដើម្បី​ចាប់​ផ្តើម​ជំនុំ​ជម្រះ​នេះ។

លោក Trump ត្រូវ​បាន​ក្រុម​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​រិះគន់​យ៉ាង​ខ្លាំង​បន្ទាប់​ពី​លោក​និយាយ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោក​មុន​មាន​ការ​វាយ​លុក​នៅ​វិមាន​កាពីតូល។ ​លោក Trump បាន​អះអាង​ម្តង​ហើយ​ម្តង​ទៀត ​ដោយ​មិន​មាន​អំណះ​អំណាង​មូលដ្ឋាន​ជាក់លាក់​ដែល​ថា​មាន​ការ​លួច​បន្លំ​ឆ្នោត៕