ក្រុងប្រ៊ុចសែល: សហភាព​អឺរ៉ុប (EU និង​អង្គការសហប្រជាជាតិ (UN) កាល​ពី​ថ្ងៃ​អង្គារ បាន​ចាប់​ផ្តើម​បើក​សន្និសីទ​រយៈពេល ២ ថ្ងៃ ដើម្បី​ស្វែងរក​ជំនួយ​ថ្មីៗ​ទៀត​សម្រាប់​ទឹកដី​ស៊ីរី ដែល​រង​ការ​បំផ្លិច​បំផ្លាញ និង​បន្ត​ពង្រឹង​ដំណើរ​ស្វែងរក​សន្តិភាព​ក្នុង ទីក្រុង​ហ្សឺណែវ ដែល​កំពុង​តែ​អាក់​ដំណើរការ ខណៈ​ជម្លោះ​នោះ​បាន​ឈាន​ដល់​ឆ្នាំ​ទី ៨ ហើយ។

ក្រុម​ប្រទេស​ផ្តល់ជំនួយ ក្រុម​អង្គការ​ផ្តល់ជំនួយ និង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ នឹង​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល ដើម្បី​ចូលរួម​បើក​សន្និសីទ​ប្រចាំ​ឆ្នាំ​ទី ៧ ស្តីអំពី​អនាគត​របស់​ស៊ីរី ខណៈ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ ធ្វើការ​ស៊ើប​អង្កេត​អំ​ពីបទ​សង្ស័យ​ការ​វាយ​ប្រហារ​ឧស្ម័ន​នៅ​ក្នុង​ទីប្រជុំ​ជន​ដូម៉ា (Douma) ដោយ​បង្ហាញ​អំពី​ភាព​សហាវ​ឃោរ​ឃៅ​នៃ​សង្គ្រាម។

កិច្ចប្រជុំ​ធ្វើឡើង​បន្ទាប់ពី​មានការ​វាយប្រហារ​ពី​អាមេរិក បារាំង និង ចក្រភព​អង់គ្លេស​ទៅលើ​ទីតាំង​ឈរ​ជើង​របស់​យោធា​ស៊ីរី បង្ក​ឡើង​ជា​ការ​ឆ្លើយតប ទៅ​នឹង​ការ​វាយ​ប្រហារ​ក្នុង​ទីក្រុង​ដូម៉ា ដែល​ត្រូវ​បាន​ដាក់​ការ​ចោទ​ប្រកាន់​លើ​ក្រុង​ដាម៉ាស។

ក្រុមមន្ត្រី EU ជាច្រើន​មាន​ក្តី​សង្ឃឹមថា អាច​ទទួលបាន​ជំនួយ​ឧបត្ថម្ភ៦ពាន់​លាន​ដុល្លារ នៅ​ពេល​បើក​កិច្ច​ប្រជុំ​កាល​ពី​ឆ្នាំ ២០១៧ ខណៈ​ការ វាយ​ប្រហារ​ដ៏​ស្វិតស្វាញ​មួយ​បង្ក​ឡើង​ដោយ​លោក​បា​សារ អាល់-អាសាដ គាំទ្រ​ដោយ​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​គឺ​រុស្ស៊ី​ធ្វើ​ឲ្យ​វិបត្តិ​នេះ​កាន់​តែ​តាន​តឹង​ឡើង។

មន្ត្រីជាន់ខ្ពស់​ម្នាក់​របស់ EU បាន​ឲ្យ​ដឹងថា៖ «យើង​បាន​មើលឃើញ​ស្ថានភាព​ធ្លាក់​ចុះ​ដុន​ដាប ចាប់​តាំង​ពី​ដើម​ឆ្នាំ។ យើង​មាន​ពលរដ្ឋ​នៅ​ខាង​ក្នុង​ទឹកដី​ស៊ីរី​ដែល​បំ​ផ្លាស់​ទី​ប្រហែល ៧០ ម៉ឺន​នាក់​អំឡុង​រយៈពេល ៤ ខែ»។

យោងតាម​ប្រភពព័ត៌មាន​ពី EU បាន​ឲ្យ​ដឹងថា ពេលនេះ​ពលរដ្ឋ​ប្រហែល ៦,១ លាន​នាក់ ធ្វើការ​បំ​ផ្លាស់​ទី​នៅ​ខាង​ក្នុង​ប្រទេស ដែល​ពលរដ្ឋ​ស៊ីរី​ជាង ៥ លាន​នាក់ បាន​នាំ​គ្នា​រត់​ភៀស​ខ្លួន​ពី​ប្រទេស​របស់​ពួកគេ​នោះ៕