កាល​ពី​ថ្ងៃ​ចន្ទ​ ទី ២១ ​សហភាព​អឺរ៉ុប​ (EU) ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​ជំងឺ​ Covid-19 ​ផលិត​ដោយ​ក្រុមហ៊ុន​ Pfizer ​និង​ដៃគូ​អាល្លឺម៉ង់ ​BioNTech ​នៅ​ប្រទេស​ជា​សមាជិក​ទាំង ២៧ ​ដោយ​ពួក​គេ​កំពុង​ត្រៀម​ចាប់​ផ្ដើម​ការ​ចាក់​ក្រោយ​ពី​បុណ្យ​ណូអែល។

ការ​សម្រេច​អនុញ្ញាត​របស់ ​EU ​គឺ​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង ក្រោយ​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​ (EMA) ​បាន​ឱ្យ​ភ្លើង​បៃតង​សម្រាប់ ​«ការ​អនុញ្ញាត​ប្រើប្រាស់​ក្នុង​ទីផ្សារ​ដោយ​មាន​លក្ខខណ្ឌ» ដែល​ការ​អនុញ្ញាត​នេះ ​មាន​សុពលភាព​​រយៈពេល ​១ ឆ្នាំ ​ហើយ​អាច​បន្ត​ជា​រៀងរាល់​ឆ្នាំ​។

EMA ​បាន​ពន្លឿន​ដំណើរការ​ពិនិត្យ​ឡើង​វិញ​នូវ​ទិន្នន័យ​បឋម​ពី​ការ​សាកល្បង​របស់​ Pfizer បន្ទាប់​ពី​ទទួល​សម្ពាធ​ពី​​ប្រទេស​ជា​សមាជិក​ទាក់ទង​នឹង​ភាព​យឺតយ៉ាវ​ក្នុង​ដំណើរ​ការ​ពិនិត្យ​នេះ​។

ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី ​Ursula ​von ​der Leyen​ បាន​និយាយ​​​ថា៖ «ថ្ងៃ​នេះ​​យើង​បន្ថែម​ជំពូក​សំខាន់​មួយ​ទៅ​រឿង​ជោគជ័យ​របស់​អឺរ៉ុប។​ យើង​បាន​អនុម័ត​វ៉ាក់សាំង​ប្រឆាំង​នឹង Covid-19 ​ដែល​មាន​សុវត្ថិភាព​ និង​ប្រសិទ្ធភាព​ដំបូង​គេ។​ វ៉ាក់សាំង​ច្រើន​ទៀត​នឹង​មក​ដល់​ឆាប់ៗ​នេះ​»។

ក្រុមហ៊ុន​ Pfizer ​នឹង​ទទួល​ខុស​ត្រូវ​ការ​ដឹក​ជញ្ជូន​ពី​រោងចក្រ​របស់​ពួក​គេ​នៅ​​ប្រទេស​បែលហ្ស៊ិក ​និង​អាល្លឺម៉ង់​ទៅ​កាន់​ប្រទេស​សមាជិក​នីមួយៗ។ រដ្ឋាភិបាល​ប្រទេស​នីមួយៗ​នឹង​ទទួល​ខុស​ត្រូវ​ការ​ចែកចាយ​វ៉ាក់សាំង​ក្នុង​ប្រទេស​តាម​តម្រូវ​ការ​ពួក​គេ។

លោកស្រី ​Leyen ​បាន​ធានា​ថា ​វ៉ាក់សាំង​នឹង​មាន​នៅ​គ្រប់​ប្រទេស​សហភាព​អឺរ៉ុប​ក្នុង​ពេល​តែ​មួយ ​និង​ក្នុង​​លក្ខខណ្ឌ​ដូច​គ្នា។ ​លោកស្រី​ក៏​បាន​​បង្ហាញ​ថា ​EMA គឺ​កំពុង​ពិចារណា​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ Moderna​ ដែល​អាច​បង្កើន​សមត្ថភាព​សហភាព​អឺរ៉ុប​ក្នុង​ការ​បង្ការ​ជំងឺ​ Covid-19។

ប្រទេស​បារាំង ​អូទ្រីស​ អាល្លឺម៉ង់​ និង​​អ៊ីតាលី ​បាន​បង្ហាញ​ថា ​ពួក​គេ​នឹង​ចាប់​ផ្ដើម​ការ​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃទី ២៧ ខែ ធ្នូ ​ហើយ​ប្រទេស​ផ្សេង​ទៀត​នឹង​​ចាប់​ផ្ដើម​ការ​ចាក់​នៅ​ថ្ងៃ​បន្ត​បន្ទាប់​ពី​នេះ។

ការ​ប្រកាស​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​នេះ ​គឺ​ចំពេល​ដែល​រលក​ទីពីរ ​គឺ​នៅ​បន្ត​កើត​ឡើង​នៅ​ផ្នែក​ខ្លះ​នៃ​សហភាព​អឺរ៉ុប​ធ្វើ​ឱ្យ​​ករណី​ឆ្លង ​និង​ករណី​ស្លាប់​កើន​ឡើង​ជា​ថ្មី។ បន្ថែម​ពី​លើ​បញ្ហា នេះ​មាន​ការ​រក​ឃើញ​ការ​ប្រែប្រួល​វីរុស​ Covid-19 ​ថ្មី​នៅ​ចក្រភព​អង់គ្លេស​ដែល​មាន​លក្ខណៈ​ឆ្លង​ខ្លាំង​ជាង​ធម្មតា​បណ្ដាល​ឱ្យ​ប្រទេស​អឺរ៉ុប​ជា​ច្រើន​បិទ​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ចក្រភព​អង់គ្លេស​។

EMA និង​ក្រុមហ៊ុន​ BioNTech ​បាន​​និយាយ​ថា ​វ៉ាក់សាំង ​Pfizer/BioNTech ​គឺ​មាន​សមត្ថភាព​បង្ការ​នឹង​វីរុស​ Covid19​ ថ្មី​នេះ រី​ឯ​ប្រទេស​រុស្ស៊ី ​វិញ​ក៏​បាន​អះអាង​ថា វ៉ាក់សាំង ​Sputnik V ​របស់​ពួក​គេ​ក៏​មាន​សមត្ថភាព​នេះ​ដែរ​។

មក​ដល់​ពេល​នេះ​ ​សហភាព​អឺរ៉ុប​បាន​ធានា​ថា ​គេ​នឹង​ទទួល​វ៉ាក់សាំង​ចំនួន​ជាង ២ ​ពាន់​លាន​ដូស ​តាមរយៈ​ការ​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ឱសថ​ជា​ច្រើន។​

ការ​បញ្ជា​ទិញ​យក​របស់​សហភាព​អឺរ៉ុប​រួមមាន វ៉ាក់សាំង Pfizer/BioNTech ចំនួន ​៣០០ ​លានដូស ​វ៉ាក់សាំង ​Moderna​ ចំនួន ​១៦០ ​លាន​ដូស ​វ៉ាក់សាំង ​AstraZeneca/Oxford ចំនួន ​៤០០ លាន​ដូស វ៉ាក់សាំង​​អាល្លឺម៉ង់ CureVac ចំនួន ​៤០៥ ​លាន​ដូស ​វ៉ាក់សាំង​អាមេរិក​ Johnson&​Johnson ៤០០ ​លាន​ដូស ​វ៉ាក់សាំង​អាមេរិក​ Novovax ​ប្រមាណ ​២០០​ លាន​ដូស និង​វ៉ាក់សាំង​បារាំង​/អង់គ្លេស​ GlaxoSmithKline/Sanofi ​ចំនួន ​៣០០ ​លាន​ដូស។

បើទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ​ក្នុង​កិច្ច​ព្រមព្រៀង​ទាំង​នេះ​សហភាព​អឺរ៉ុប​ គឺ​គ្រាន់​ផ្ដល់​ប្រាក់​កក់​ប៉ុណ្ណោះ ​ដែល​ចុង​ក្រោយ​ប្រទេស​ជា​សមាជិក ​គឺ​ជា​អ្នក​ចេញ​ថវិកា​ដោយ​ផ្ទាល់ ​ដើម្បី​ទិញ​យក​វ៉ាក់សាំង​ទាំង​នេះ​៕