កាល​ពី​ថ្ងៃ​អង្គារ ទី ១៥ ​ធ្នូ ​រដ្ឋបាល​ម្ហូប​អាហារ​ និង​ឱសថ (FDA) ​អាមេរិក​បាន​បង្ហាញ​ក្នុង​ឯកសារ​វិភាគ​ទិន្នន័យ​ការ​សាកល្បង​ដំណាក់កាល​ទី៣ ​នៃ​វ៉ាក់សាំង​បង្ការ​ជំងឺ​ Covid-19 ​របស់​ក្រុមហ៊ុន​ Moderna ថា ​វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព​ល្អ ​និង​គ្មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ។ ​

ការ​ចុះ​ផ្សាយ​ឯកសារ​វិភាគ​នេះ ​​គឺ​ធ្វើ​​ឡើង​រយៈពេល ​២ ថ្ងៃ​មុន​ការ​ជួប​ប្រជុំ​នៃ​គណៈកម្មាធិការ​ប្រឹក្សា​យោបល់​នៃ ​FDA ដែល​នឹង​ពិភាក្សា​ថា តើ​គួរ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​នេះ​ក្នុង​គ្រាអាសន្ន​ដែរ​ឬទេ?

កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ​Moderna ​បាន​ចេញ​លទ្ធផល​បឋម​ថា ​វ៉ាក់សាំង​ពួក​គេ​គឺ​មាន​ប្រសិទ្ធភាព​ ៩៤,១ % ​និង​គ្មាន​ផល​​​ប៉ះពាល់​ធ្ងន់ធ្ងរ​ក្នុង​ការ​សាកល្បង​ជាមួយ​ជន​ស្ម័គ្រ​ចិត្ត​ចំនួន​ ៣០ ០០០ នាក់ ហើយ​បាន​ស្នើ​ FDA ​ឱ្យ​អនុញ្ញាត​ប្រើប្រាស់​ក្នុង​គ្រាអាសន្ន។​ ការ​ពិនិត្យ​​ទិន្នន័យ​ឡើង​វិញ​ដោយ ​FDA ​បាន​​បញ្ជាក់​ពី​ការ​វាយ​តម្លៃ​មុនៗ​របស់​ Moderna ​ថា​ វ៉ាក់សាំង​របស់​ពួក​គេ​ពិត​ជា​មាន​អត្រា​ប្រសិទ្ធភាព ​៩៤,១ %។ FDA​ ក៏​​​បាន​កត់​សម្គាល់​ថា ​វ៉ាក់សាំង​នេះ​​មាន​ផលប៉ះ​ពាល់​ស្រាល​ដូច​ជា ​គ្រុនក្ដៅ ​ឈឺក្បាល ​និង​អស់​កម្លាំង ​ប៉ុន្តែ​មិន​មាន​គ្រោះថ្នាក់​ទេ។

ការ​ចេញ​ផ្សាយ​ទិន្នន័យ​នេះ ​គឺ​ជា​ជំហាន​ដំបូង​នៃ​ដំណើរការ​ពិនិត្យ​ឡើង​វិញ​ជា​សាធារណៈ​ដែល​នឹង​រួម​មាន​ការ​ប្រជុំ​រយៈពេល ​១ ថ្ងៃ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​នៃ​គណៈកម្មាធិការ​ប្រឹក្សា​យោបល់​វ៉ាក់សាំង ​និង​ផលិតផល​​ជីវសាស្ត្រ​ពាក់ព័ន្ធ​របស់ FDA។ ​គណៈកម្មាធិការ​ប្រឹក្សា​យោបល់​នេះ​នឹង​ស្ដាប់​ការ​ផ្ដល់​សក្ខីកម្ម​ពី​ Moderna​ ពី​អ្នក​វិទ្យាសាស្ត្រ​​របស់​ FDA និង​ពី​សាធារណជន​មុន​នឹង​បោះឆ្នោត​ថា តើ​គួរ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ដែរ​ឬទេ? គេ​រំពឹង​ថា​ គណៈកម្មាធិការ​នឹង​បោះឆ្នោត​អនុញ្ញាត​ឱ្យ​ប្រើប្រាស់ ​ហើយ ​FDA ​ជា​ទូទៅ​ធ្វើ​តាម​ការ​ណែនាំ​នេះ។

បើ​សិន ​FDA ​សម្រេច​អនុញ្ញាត​​ឱ្យ​ប្រើប្រាស់​ការ​ចែកចាយ​វ៉ាក់សាំង​ចំនួន ៦ ​លាន​ដូស ​អាច​នឹង​ចាប់​ផ្ដើម​នៅ​សប្ដាហ៍​ក្រោយ ​ដែល​ជា​ចំនួន​បន្ថែម​យ៉ាង​ខ្លាំង​ទៅ​លើ​កម្មវិធី​ចែកចាយ​វ៉ាក់សាំង​ឥតគិត​ថ្លៃ​ទូទាំង​ប្រទេស ដែល​បាន​ចាប់​ផ្ដើម​ការ​ចែកចាយ​​​វ៉ាក់សាំង ​Pfizer/BioNTech រួច​ទៅ​ហើយ​។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី ​១០ ខែ​​​​ធ្នូ ​សប្ដាហ៍​មុន ​គណៈកម្មាធិការ​ដដែល​បាន​បោះ​ឆ្នោត ១៧-៤ (​មាន​សមាជិក ​១ ​រូប មិន​បោះ​ឆ្នោត)​ ណែនាំ ​FDA​ ឱ្យ​អនុញ្ញាត​​ប្រើប្រាស់​វ៉ាក់សាំង​ Pfizer/​BioNTech ក្នុង​គ្រាអាសន្ន។ ​ការ​​ចាក់​វ៉ាក់សាំង​ Pfizer/BioNTech ​នៅ​សហរដ្ឋ​អាមេរិក​បាន​​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ចន្ទ​ ទី ១៤ ​ដោយ​បាន​ផ្ដល់​អាទិភាព​ទៅ​កាន់​​វេជ្ជបណ្ឌិត ​និង​បុគ្គលិក​ដែល​មាន​ហានិភ័យ​ឆ្លង​ខ្ពស់​។

វ៉ាក់សាំង​ Pfizer/BioNTech ​និង​វ៉ាក់សាំង ​Moderna ​គឺ​ជា​វ៉ាក់សាំង​ប្រភេទ​វ៉ាក់សាំង ​messenger ​RNA ឬ mRNA ដែល​មាន​ប្រសិទ្ធភាព​ប្រហាក់ប្រហែល​​គ្នា។ ក្រៅ​ពី​សហរដ្ឋ​អាមេរិក​វ៉ាក់សាំង​ Pfizer/BioNTech ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​នៅ​បារ៉ែន​ កាណាដា ​កូវ៉ែត ​ម៉ិកស៊ិក ​អារ៉ាប៊ី ​សាអ៊ូឌីត ​សិង្ហបុរី ​ទុយនីស៊ី ​និង​ចក្រភព​អង់គ្លេស​ រីឯ​ Moderna វិញ​គឺ​មិន​ទាន់​បាន​​​ទទួល​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​នៅ​ប្រទេស​​ណា​មួយ​ឡើយ។

វ៉ាក់សាំង ​Pfizer/BioNTech ​គឺ​ត្រូវ​តែ​រក្សា​ទុក​ក្នុង​សីតុណ្ហភាព -៧០ អង្សាសេ ធ្វើ​ឱ្យ​មាន​ការ​ពិបាក​ក្នុង​ការ​ស្តុក​ទុក ​និង​ដឹក​​ជញ្ជូន។​ ​រីឯ​វ៉ាក់សាំង ​Morderna ​វិញ​ដើម​​ឡើយ គិត​ថា​វ៉ាក់សាំង​របស់​ពួក​គេ​ត្រូវ​ការ​ស្តុកទុក​ក្នុង​សីតុណ្ហភាព ​-២០ អង្សា​សេរយៈ​ពេល ​៦ ​ខែ ​តែ​ក្រោយ​​មក​ពួក​គេ​ប្រកាស​ថា​ អាច​​ទុក​ក្នុង​សីតុណ្ហភាព​ទូ​ទឹកកក​ធម្មតា​ក្នុង​រយៈពេល ​១ ​ខែ ​ដែល​ធ្វើ​ឱ្យ​ងាយ​ប្រើប្រាស់​ និង​ដឹក​ជញ្ជូន​ជាង​វ៉ាក់សាំង ​Pfizer។

បើ​គិត​តាម​កិច្ចសន្យា​ទិញទុក​មុន​របស់​រដ្ឋបាល ​Donald Trump ​កាល​ពី​ខែ​កក្កដា ​ដែល​បាន​ចំណាយ​ប្រាក់​អស់ ១,៩៥​ ពាន់​លាន​ដុល្លារ​ ទិញ​យក​វ៉ាក់​សាំង​ចំនួន ​១០០ ​លាន​ដូស ​នោះ​វ៉ាក់សាំង​នេះ​អាច​មាន​តម្លៃ ២០ ដុល្លារ ​ក្នុង ​១ ​ដូស។ កាល​ពី​ខែ​កញ្ញា ​រដ្ឋបាល ​Trump ​បាន​ធ្វើ​កិច្ច​សន្យា​ជាមួយ​ Mordena ​ទិញ​យក​ ១០០​ លាន​ដូស ​ក្នុង​តម្លៃ ​១,៥​ ពាន់​លាន​ដុល្លារ​ ធ្វើ​ឱ្យ​​មាន​តម្លៃ ១៥ ​ដុល្លារ ​ក្នុង ​១ ដូស។ ​នៅ​ខែ​ធ្នូ​ រដ្ឋបាល Trump ​ក៏​បាន​បញ្ជា​ទិញ​វ៉ាក់សាំង ​Moderna ​ចំនួន ១០០​ លាន​​ដូស​ទៀត​សម្រាប់​ការ​ប្រើប្រាស់​នៅ​ត្រីមាស​ទី២ ឆ្នាំ ​២០២១។

តែ​តម្លៃ​ទាំង​នេះ ​គឺ​ជា​តម្លៃ​នៅ​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ ​ដោយ​ក្រសួង​សុខាភិបាល​ប្រទេស​ទុយនីស៊ី ​បាន​ប្រកាស​ថា ​កិច្ច​ព្រមព្រៀង​របស់​ពួក​គេ​ជាមួយ​ Pfizer/​BioNTech ​គឺ​នឹង​ធានា​តម្លៃ​ប្រមាណ ៧ ដុល្លារ ​ក្នុង ​១ ដូស។ ​Moderna ធ្លាប់​ឱ្យ​ដឹង​ថា ​ពួក​គេ​​អាច​លក់​វ៉ាក់សាំង​របស់​ពួក​គេ​ក្នុង​តម្លៃ​ជាង ​៣០ ​ដុល្លារ។

វ៉ាក់សាំង​ទាំង ២ នេះ​ គឺ​ត្រូវ​ការ​ចាក់​ចំនួន ​២ ​ដូស ​ដើម្បី​មាន​ប្រសិទ្ធភាព​ដូច​ខាង​លើ។ ​ការ​ចាក់​វ៉ាក់សាំង ​Pfizer/BioNTech ​គឺ​ត្រូវ​គម្លាត​រយៈពេល​ ៣ ​សប្ដាហ៍ ​រីឯ​ការ​ចាក់​វ៉ាក់សាំង ​Moderna វិញ​ត្រូវ​ការ​​គម្លាត​​រយៈពេល ៤ ​សប្ដាហ៍៕