កាលពី​ថ្ងៃ​សុក្រ ទី​ ១៨ រដ្ឋបាល​ម្ហូបអាហារ និង​ឱសថ (FDA) អនុញ្ញាតឱ្យ​ប្រើប្រាស់​ក្នុង​គ្រាអាសន្ន​នូវ​វ៉ាក់សាំង​ជំងឺ Covid-19 ផលិត​ដោយ​ក្រុមហ៊ុន Moderna ក្រោយពី​គណៈកម្មការ​ប្រឹក្សា​យោបល់​របស់ខ្លួន​បាន​បោះឆ្នោត​គាំទ្រ​ជា​ឯកច្ឆន្ទ​។ ​គណៈកម្មការ​ប្រឹក្សា​យោបល់​បាន​ធ្វើការ​អនុញ្ញាត​ដោយ​ផ្អែកលើ​ឯកសារ​វិភាគ​ទិន្នន័យ​ការសាកល្បង​ជាមួយ​ជន​ស្ម័គ្រចិត្ត​ចំនួន ៣០ ០០០ នាក់​របស់​ FDA ចុះផ្សាយ​កាលពី​ថ្ងៃ​អង្គារ ដែល​បាន​បង្ហាញថា វ៉ាក់សាំង​ Moderna មាន​ប្រសិទ្ធភាព ៩៤,១ % និង​មិនមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​មនុស្ស​មាន​អាយុ ១៨ ឆ្នាំ​ឡើងទៅ​។

នាយ​ឧត្ដមសេនីយ៍​កងទ័ព​ជើងគោក Gustave Perna ដែលជា​នាយក​ប្រតិបត្តិ​បេសកកម្ម​ចែកចាយ​វ៉ាក់សាំង Operation Warp Speed របស់​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ការ​ចែកចាយ​វ៉ាក់សាំង Moderna កំពុងតែ​ដំណើរការ ហើយ​ដូស​ដំបូងបង្អស់​គឺ​គ្រោង​នឹង​ទៅដល់​ទីតាំង​នានា​នៅ​ទូទាំង​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ចន្ទ​។

លោក Perna បាន​និយាយថា​៖ « រដ្ឋ​ជាច្រើន​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​រួចហើយ​យើង ដឹងថា វ៉ាក់សាំង​នេះ​នឹង​ទៅដល់​ទីតាំង ៣ ៧០០ កន្លែង​ដោយ​មាន​សំណើ​កាន់តែ​ច្រើន​ចូលមក​ជា​រៀងរាល់ថ្ងៃ​»​។

ការអនុញ្ញាត​ឱ្យ​ប្រើប្រាស់​នេះ​ធ្វើឱ្យ​វ៉ាក់សាំង Moderna ក្លាយជា​វ៉ាក់សាំង Covid-19 ទី​ ២ ដែល​នឹង​ផ្ដល់​ដល់​សាធារណជន​អាមេរិក បន្ទាប់ពី FDA បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង Pfizer/BioNTech កាលពី​ ១ ​សប្ដាហ៍​មុន​ដែល​ទទួលបាន​សំឡេងគាំទ្រ​ ១៧៣ ដោយមាន​សមាជិក​ ១ ​រូប​មិន​បោះឆ្នោត​។

លោក​ឧត្ដមសេនីយ៍ Perna បាន​បញ្ជាក់ថា ចាប់ផ្ដើម​ពីថ្ងៃ​ចន្ទ​វ៉ាក់សាំង Moderna ​ចំនួន ៥,៩ លាន​ដូស​ និង​វ៉ាក់សាំង Pfizer/BioNTech ចំនួន ២ លាន​ដូស ដែល​សរុប​មាន​ចំនួន ៧,៩ លាន​ដូស​នឹង​ត្រូវបាន​ចែកចាយ​ទៅដល់​កន្លែង​ចាក់​។

កាលពី​សប្ដាហ៍​មុន Pfizer/BioNTech បានផ្ដល់​វ៉ាក់សាំង​ចំនួន ២,៩ លាន​ដូស ហើយ​ការចាក់​បាន​ចាប់ផ្ដើម​នៅ​ថ្ងៃ​ចន្ទ​ទី ១៤​។ Moderna ធ្លាប់បាន​ប្រកាសថា ពួកគេ​មាន​គោលដៅ​ចែកចាយ​វ៉ាក់សាំង​ចំនួន ២០ ​លាន​ដូស​ត្រឹម​ដំណាច់ឆ្នាំ​ ២០២០​។

វ៉ាក់សាំង​ Pfizer/BioNTech និង​វ៉ាក់សាំង Moderna គឺជា​វ៉ាក់សាំង​ប្រភេទ​វ៉ាក់សាំង messenger RNA ឬ mRNA ដែលមាន​ប្រសិទ្ធភាព​ប្រហាក់ប្រហែល​គ្នា​។ ក្រៅពី​សហរដ្ឋអាមេរិក វ៉ាក់សាំង Pfizer/BioNTech ត្រូវបាន​អនុញ្ញាត​ឱ្យប្រើ​ប្រាស់​នៅឯ​បារ៉ែន កាណាដា ស៊ីលី កូស្តារីកា អេក្វាទ័រ កូវ៉ែត ម៉ិកស៊ិក ប៉ាណាម៉ា អារ៉ាប៊ី សាអ៊ូឌីត សិង្ហបុរី ទុយនីស៊ី និង​ចក្រភព​អង់គ្លេស​ហើយ​មានការ​បញ្ជា​ទិញយក​ដោយ​ក្រុមហ៊ុន Fosun ​ចំនួន​ ១០០ ​លាន​ដូស​សម្រាប់​ធ្វើការ​ចែកចាយ​ក្នុងប្រទេស​ចិន​។ ក្រៅពី​សហរដ្ឋអាមេរិក មិនទាន់​មាន​ប្រទេស​ណា​ផ្សេងទៀត​ដែល​បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​ Moderna ​តែមាន​កិច្ចព្រមព្រៀង​ទិញយក​ជាមួយ​សហភាព​អឺរ៉ុប​កាណាដា​ ជប៉ុន​ និង​កាតា​។

វ៉ាក់សាំង​ Moderna មាន​ភាពងាយស្រួល​ក្នុង​ការដឹកជញ្ជូន​ជាង​វ៉ាក់សាំង Pfizer/BioNTech ដោយសារ​វ៉ាក់សាំង Moderna អាច​ទុក​ក្នុង​សីតុណ្ហភាព​ទូទឹកកក​ធម្មតា​បាន ៣០ ​ថ្ងៃ ហើយ​ទុក​ក្នុង​សីតុណ្ហភាព -២០ អង្សាសេ​បាន​រយៈពេល​ ៦ ខែ​។ ចំណែកឯ​វ៉ាក់សាំង Pfizer/BioNTech ត្រូវការ​ទុក​ក្នុង​សីតុណ្ហភាព -៧០ អង្សាសេ ជានិច្ច​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការដឹកជញ្ជូន​ជាពិសេស​ទៅ​តំបន់​ជនបទ​ដែល​មិនមាន​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​រក្សាទុក​។ ​

បើ​គិតតាម​កិច្ចសន្យា​ទិញ​ទុក​មុន​របស់​រដ្ឋបាល Donald Trump កាលពី​ខែកក្កដា ដែល​បាន​ចំណាយ​ប្រាក់​អស់ ១,៩៥ ពាន់​លាន​ដុល្លារ ទិញយក​វ៉ាក់សាំង​ចំនួន ១០០ លានដូស​នោះ វ៉ាក់សាំង​នេះ​អាចមាន​តម្លៃ ២០ ​ដុល្លារ​ក្នុង​ ១ ដូស​។

កាលពី​ខែកញ្ញា​រដ្ឋបាល Trump បានធ្វើ​កិច្ចសន្យា​ជាមួយ Mordena ទិញយក ១០០ លាន​ដូស​ក្នុងតម្លៃ ១,៥ ពាន់​លាន​ដុល្លារ​ធ្វើឱ្យ​មាន​តម្លៃ ១៥ ដុល្លារ​ក្នុង​ ១ ​ដូស​។ នៅ​ខែធ្នូ រដ្ឋបាល​ Trump ក៏បាន​បញ្ជា​ទិញ​វ៉ាក់សាំង Moderna ចំនួន ១០០ លាន​ដូស​ទៀត​សម្រាប់​ការប្រើប្រាស់​នៅ​ត្រីមាស​ទី​ ២ ​ឆ្នាំ​ ២០២១​។

តែ​តម្លៃ​ទាំងនេះ​គឺជា​តម្លៃ​នៅ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ដោយ ក្រសួង​សុខាភិបាល​ប្រទេស​ទុយនីស៊ី​បាន​ប្រកាស​ថា កិច្ចព្រមព្រៀង​របស់​ពួកគេ​ជាមួយ Pfizer/BioNTech គឺ​នឹង​ធានា​តម្លៃ​ប្រមាណ​ ៧ ​ដុល្លារ​ក្នុង​ ១ ​ដូស​។ Moderna ធ្លាប់បាន​ឱ្យដឹងថា ពួកគេ​អាច​លក់​វ៉ាក់សាំង​របស់​ពួកគេ​ក្នុងតម្លៃ​ជាង ៣០ ដុល្លារ​ក្នុង​ ១ ​ដូស​។

វ៉ាក់សាំង​ទាំង​ ២ ​នេះ​គឺ​ត្រូវ​ការចាក់​ចំនួន​ ២ ​ដូស​ដើម្បី​មាន​ប្រសិទ្ធភាព​ដូចខាងលើ​។ ការចាក់​វ៉ាក់សាំង Pfizer/BioNTech គឺ​ត្រូវមាន​គម្លាត​រយៈពេល ៣ ​សប្ដាហ៍ រីឯ​ការចាក់​វ៉ាក់សាំង Moderna វិញ​ត្រូវការ​គម្លាត​រយៈពេល​ ៤ សប្ដាហ៍​។

មកដល់​ពេល​នេះ​មាន​ការរាយការណ៍​ថា មាន​ករណី​អាល្លែកហ្ស៊ី​ធ្ងន់ធ្ងរ​ក្រោយពី​បានទទួល​វ៉ាក់សាំង Pfizer/BioNTech ​ចំនួន ៦ ​ករណី​នៅ​សហរដ្ឋអាមេរិក និង​ចំនួន ២ ករណី​នៅ​ចក្រភព​អង់គ្លេស​។ ក្នុងការ​សាកល្បង​វ៉ាក់សាំង Moderna គេ​មិនបាន​រកឃើញ​ករណី​អាល្លែកហ្ស៊ី​ធ្ងន់ធ្ងរ ប៉ុន្តែ​ជាការ​ប្រុងប្រយ័ត្ន CDC អាមេរិក​បាន​ណែនាំ​ឱ្យ​ជន​ដែលមាន​ប្រវត្តិ​អាល្លែកហ្ស៊ី​ធ្ងន់ធ្ងរ​មិន​ឱ្យ​ទទួល​វ៉ាក់សាំង​ទាំងនេះ​ទេ​៕