បុរី​ញូវយ៉ក៖​ មូលនិធិ​អាកាសធាតុ​បៃតង​គាំទ្រ​ដោយ ​UN (GCF) ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ​ទឹក​ប្រាក់​​ជាង ​៣៩​ លាន​ដុល្លារ​​​អាមេរិក ​ជា​មូលនិធិ​ ត្រូវ​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ពុធ​សម្រាប់​គម្រោង​មួយ​ ដែល​នឹង​ស្តារ ​និង​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ​ ដោយ​បាន​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាជន​នេប៉ាល់​ជិត ​១ លាន​នាក់។

GCF ​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ចេញ​ផ្សាយ​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ពុធ​ថា​ ដោយ​បាន​ផ្តល់​មូលនិធិ​រួម​គ្នា​​​ដល់​គំនិត​ផ្តួច​ផ្តើម​នេះ ​ក្រសួង​រុក្ខា​ប្រមាញ់ ​និង​បរិស្ថាន ​(MoFE) ​នៃ​ប្រទេស​ នេប៉ាល់​ កំពុង​បន្ថែម​ទឹក​ប្រាក់​ចំនួន ​៨ លាន​ដុល្លារ​បន្ថែម​ទៀត ​សម្រាប់​ចំនួន​ទឹក​ប្រាក់​សរុប​ជាង​ ៤៧ ​លាន​ដុល្លារ​អាមេរិក​ ដែល​នឹង​មើល​ឃើញ​ថា​គម្រោង​នេះ​ នឹង​ផ្តល់​ផល​ផែ្ល​ផ្កា​ក្នុង​រយៈពេល ​៧ ​ឆ្នាំ​។ ​

សហគមន៍​ជា​ច្រើន​នៅ​ក្នុង​តំបន់​ភ្នំ​ Churia ​ជា​តំបន់​ជួរ​ភ្នំ​ចុង​ខាង​ត្បូង​នៃ​ជើង​ភ្នំ​ហិមាល័យ​ ដែល​លាត​សន្ធឹង​​ពី​កើត​ទៅ​លិច​ឆ្លង​កាត់​ប្រទេស​ នេប៉ាល់ ​នឹង​ត្រូវ​បាន​យក​ជា​គោលដៅ ​ខណៈ​ដែល​តំបន់​នេះ​ផ្តល់​មុខងារ​​ជា​ច្រើន​នៃ​ប្រព័ន្ធ​បរិស្ថាន​ដ៏​មាន​សារៈសំខាន់​ដល់​តំបន់​វាល​ទំនាប​ ដែល​មាន​ប្រជាជន​យ៉ាង​ច្រើន​ ​ជាទី​ដែល​ដី​កសិកម្ម​មាន​ជី​ជាតិ​បំផុត​ស្ថិត​នៅ​។ ​

លោក​ អាន​តូនីញ៉ូ ហ្គាតឺ​រ៉េស​​ ចូល​រួម​ជំនួប​ស្តីពី​ការប្រែប្រួល​អាកាស​ធាតុជាមួយក្រុមអ្នក​តំណាង NGOs។ AFP

លោក​ Somsak Pipoppinyo​ តំណាង​អង្គការ​ស្បៀង​អាហារ​ និង​កសិកម្ម​អង្គការ​សហប្រជាជាតិ ​(FAO) ​ប្រចាំ​នៅ​ប្រទេស ​នេប៉ាល់ ​បាន​ថ្លែង​ថា ​វិភាគទាន ​GCF ​ដ៏​សំខាន់​នេះ​នឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាជន​ ​២០ ​ម៊ឺន​គ្រួសារ​នៅ​ក្នុង​តំបន់​ភ្នំ​ Churia ​​ដោយ​បាន​បញ្ជាក់​ថា​ ជំនួយ​នេះ​នឹង​ជួយ​ដល់​ប្រជាជន​ជា​ច្រើន​គ្រួសារ​នៅ​តំបន់​ជនបទ​កាន់​តែ​រឹងមាំ​ ដើម្បី​ទប់ទល់​នឹង​អាកាស​ធាតុ​​ប្រែប្រួល​ដែល​ពួក​គេ​​​​កំពុង​រស់នៅ​​»​។​

ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​មិន​បាន​ការពារ​ត្រឹមត្រូវ​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​ បាន​នាំ​ឲ្យ​មាន​ការ​បំផ្លាញ​​ព្រៃ​ឈើ​ ទឹក​ជំនន់​ និង​ការ​ហូរ​ច្រោះ​ដី។ ​ចំណែក​ឯ​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ទៅ​លើ​សហគមន៍​តាម​តំបន់​ខ្សែ​ទឹក​​​​កាន់​ខ្លាំង​ឡើងៗ ​ដោយ​ការ​កើន​ឡើង​គ្រោះ​រាំង​ស្ងួត​ និង​ផល​វិបាក​ពី​អាកាស​ធាតុ​កាន់​ច្រើន​ឡើង​ដែល​បង្ក​ឡើង​ពី​វិបត្តិ​អាកាសធាតុ។​

សេចក្តី​ចេញ​ផ្សាយ​ព័ត៌មាន​នោះ​បាន​ឲ្យ​ដឹង​ថា ​ផល​ប៉ះពាល់​ទាំង​នោះ​នឹង​កើន​ឡើង​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​ ដោយ​គំរាម​កំហែង​ដល់​សន្តិសុខ​ស្បៀង​ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​។​

ក្រុមបុរសនេប៉ា​ល់​​​រុះ​រើ​​របង​ឫស​្សី​​ចេញពីទឹក​ ខណៈ​ដែលចុះអ័ព​​្ទខ្លាំ​ងនៅ​តាមច្រាំងទន្លេ​។ AFP

លោក ​Kailash Pokharel ​នៃ​ក្រសួង​ហិរញ្ញវត្ថុ​របស់​នេប៉ាល់​បាន​បង្ហាញ​ថា​ តំបន់​នោះ​​ជា​តំបន់​អាទិភាព​របស់​ជាតិ​ដែល​មាន​សារៈសំខាន់​ចំពោះ​សន្តិសុខ​ស្បៀង​ និង​គោល​នយោបាយ​ប្រែប្រួល​អាកាស​ធាតុ ​និង​បាន​សន្យា​ធានា​ថា ​គម្រោង​នេះ​នាំ​ឲ្យ​​មាន​ការ​ផ្លាស់ប្តូរ​នៅ​តាម​សហគមន៍​មូលដ្ឋាន​ និង​ធ្វើ​ឲ្យ​ការ​ស្តារ​ផល​ប៉ះពាល់​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ​ល្អ​ប្រសើរ​ឡើង​។

ដោយ​ត្រូវ​បាន​រៀប​ចំ​ដើម្បី​រួម​ចំណែក​ដល់​វិភាគ​ទាន ដែល​កំណត់​ជា​ទូទៅ​របស់​ប្រទេស ​នេប៉ាល់ ​ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​ក្នុង​សន្ធិសញ្ញា​ក្របខ័ណ្ឌ​ការងារ​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ការ​ប្រែប្រួល​អាកាស​ធាតុ ​(UNFCCC) ​ភាគ​ច្រើន​នៃ​ការងារ​នេះ​ បាន​ផ្តោត​ទៅ​លើ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដើម្បី​បញ្ចៀស​ពី​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អនុវត្ត​ការងារ​​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ដែល​កាន់​តែ​ខ្សត់​ខ្សោយ​​នោះ​។

យោង​តាម​សេចក្តី​ចេញ​ផ្សាយ​ព័ត៌មាន​នោះ​បាន​ឲ្យ​ដឹង​ថា​ ភាព​អាច​ទ្រទ្រង់​បាន​យូរ​អង្វែង​នៃ​​មូលនិធិ​នេះ ​នឹង​ពឹង​ផ្អែក​លើ​ការ​កសាង​សមត្ថភាព​របស់​​បុគ្គល និង​ស្ថាប័ន​គ្រប់​លំដាប់​ថ្នាក់​៕ Xinhua/PSA