ក្រុងបេរូត: ក្រុមឃ្លាំមើលសិទ្ធិមនុស្ស នៅថ្ងៃសុក្រនេះ បានធ្វើការរិះគន់ ចំពោះក្រុមអាជ្ញាធរ លីបង់ ចំពោះអ្វីដែលពួកគេចាត់ទុកជាការជម្លៀស ឬ ការបណ្តេញចេញដោយអយុត្តិធម៌នូវក្រុមជនជាតិស៊ីរី រាប់រយនាក់ពីផ្ទះសម្បែងរបស់ពួកគេចាប់តាំងពីឆ្នាំ ២០១៦ ខណៈដែលមនោសញ្ចេតនាប្រឆាំងក្រុមជនភៀសខ្លួនកាន់តែកើនឡើង។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សមានមូលដ្ឋានក្នុងបុរីញូវយ៉ក បានឲ្យដឹងថា៖ «យ៉ាងតិច ១៣ ក្រុង នៅក្នុងទឹកដីលីបង់បានជម្លៀសដោយបង្ខិតបង្ខំនូវក្រុមជនភៀសខ្លួនស៊ីរី យ៉ាងតិច ៣ ៦៦៤ នាក់ពីផ្ទះសម្បែងរបស់ពួកគេ និង បានបណ្តេញពួកគេចេញពីក្រុង បើតាមទំនងដោយសារតែបញ្ហាសញ្ជាតិ ឬ សាសនារបស់ពួកគេចាប់តាំងពីដើមឆ្នាំ ២០១៦ រហូតដល់បំណាច់ខែ មីនា នាឆ្នាំនេះ។
ក្រុមពលរដ្ឋស៊ីរី ស្ទើរតែមួយលាននាក់ត្រូវបានចុះក្នុងបញ្ជីជាជនភៀសខ្លួននៅក្នុងទឹកដី លីបង់ បើទោះបីភាគច្រើនគេរំពឹងថា ចំនួនពិតអាចមានកម្រិតខ្ពស់ជាងនេះក៏ដោយ។
អត្រាប្រជាជននៅក្នុងប្រទេសជាប់ដែនសមុទ្រ ម៉េឌីទែរ៉ាណេ ស្ថិតនៅកំរិតត្រឹមតែ ៤ លាននាក់ នៅមុនពេលដែលសង្គ្រាមស៊ីវិលនៅក្នុងទឹកដី ស៊ីរី ដែលនៅក្បែរខាងបានផ្ទុះឡើងក្នុងឆ្នាំ ២០១១ ដោយបានបណ្តាលឲ្យក្រុមពលរដ្ឋស៊ីរី រាប់ម៉ឺននាក់រត់ភៀសខ្លួនឆ្លងកាត់តំបន់ព្រំដែនក្នុងគោលបំណងស្វែងរកទីស្ថានមានសុវត្ថិភាព។
ក្រុមអ្នកនយោបាយជាច្រើនបានធ្វើការរិះគន់ការកើនឡើងនៃវិបត្តិសង្គម និង សេដ្ឋកិច្ចនៅក្នុងទឹកដីលីបង់ ថា កើតឡើងដោយសារក្រុមជនភៀសខ្លួនស៊ីរី ហើយការអំពាវនាវសុំឲ្យពួកគេវិលត្រឡប់បានកាន់តែកើនឡើង អំឡុងពេលមុនរៀបចំការបោះឆ្នោតសភាលើកទីមួយនៅក្នុងប្រទេសនេះ អំឡុងពេលជិតមួយទសវត្សរ៍កាលពីថ្ងៃទី ៦ ខែឧសភា។
លោក Bill Frelick នាយករដ្ឋមន្ត្រីទទួលបន្ទុកសិទ្ធិជនភៀសខ្លួននៅក្រុមឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានថ្លែងថា៖« ក្រុងជាច្រើនមិនមានមូលហេតុបញ្ជាក់ថាត្រឹមត្រូវស្របតាមនីតិវិធី សម្រាប់ការចាប់ជម្លៀសទាំងបង្ខំនូវក្រុមជនភៀសខ្លួនស៊ីរី ប្រសិនបើវាអាចនាំឲ្យមានការរើសអើសដោយផ្អែកលើសញ្ជាតិឬសាសនាឡើយ»។
លោក Frelickបានថ្លែងថា៖«មេដឹកនាំលីបង់គួរទប់ស្កាត់កុំនិយាយនូវវោហារស័ព្ទបែបណាដែលអាចជំរុញ ឬ បណ្តាលឲ្យមានការជម្លៀសទាំងបង្ខិតបង្ខំ ការបណ្តេញចេញ និង ការប្រព្រឹត្តចំពោះក្រុមជនភៀសខ្លួនទាំងនោះ ប្រកបដោយការរើសអើងនិងការរុកគួនយាយីនៅក្នុងទឹកដីលីបង់.
យោងតាមប្រភពព័ត៌មានពី HRW ដែលបាននិយាយទៅកាន់ជនភៀសខ្លួនស៊ីរី៥៧នាក់ដែលគ្រោះដោយសារវិធានការនេះបានឲ្យដឹងថាការជម្លៀសនេះបានបណ្តាលឲ្យក្រុមជនភៀសខ្លួនបាត់បង់ចំណូលនិងបាត់បង់ទ្រព្យសម្បត្តិហើយដែលកូនៗរបស់ពួកគេខកខានមិនបានចូលសាលារៀនឬគេចមិនចូលសិក្សាទាំងអស់គ្នា៕ AFP/SN