The Phnom Penh Post Search

Search form

MSF ​បញ្ឈប់​បុគ្គលិក​ពី​ការងារ​​ ខណៈ​ OXFAM ​ជួប​រឿង​អាស្រូវ​ផ្លូវភេទ

Content image - Phnom Penh Post
សមាជិក​ម្នាក់​របស់​សមាគម​ «​ក្រុមគ្រូពេទ្យ​ឥត​ព្រំដែន​ (MSF)» ​នៅ​មណ្ឌល​ភ័ស្តភារ​ MSF ​ក្នុង​ទីក្រុង​ Bordeaux-Merignac​។ AFP

MSF ​បញ្ឈប់​បុគ្គលិក​ពី​ការងារ​​ ខណៈ​ OXFAM ​ជួប​រឿង​អាស្រូវ​ផ្លូវភេទ

ក្រុងប៉ារីស: រឿង​អាស្រូវ​មួយ​ជុំវិញ​បញ្ហា​ការ​រំលោភ​សេពសន្ថវៈ​នៅក្នុង​ស្ថាប័ន​ឧស្សាហកម្ម​ផ្តល់​ជំនួយ​មួយ​ដែល​បាន​ចាប់ផ្តើម​ជាមួយ​ក្រុម​អង្គការ​ Oxfam បាន​សាយភាយ​ទៅ​កាលពី​ថ្ងៃ​ពុធ​ ខណៈ​ក្រុម​អង្គការ​បារាំង​ឈ្មោះ​ «​ក្រុម​គ្រូពេទ្យ​គ្មាន​ព្រំដែន​ (MSF) ​បាន​លាតត្រដាង​ថា ខ្លួន​បាន​បណ្តេញ​បុគ្គលិក​បម្រើ​ការងារ​ ១៩ ​នាក់​កាលពី​ឆ្នាំ​ទៅ​ពាក់ព័ន្ធ​ការ​ប្រព្រឹត្ត​អាសគ្រាម​ផ្លូវភេទ និង​ការ​រំលោភ​ផ្លូវភេទ​។

ក្រុម​អង្គការ​គ្រូពេទ្យ​មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ប៉ារីស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ពាក្យកាត់​ភាសា​បារាំង​ថា MSF ​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ទទួល​ ១៤៦ ​ករណី​បណ្តឹង ឬ​ការ​ព្រមាន​កាលពី​ឆ្នាំ​ទៅ​ដែល​ ៤០ ​ករណី​ត្រូវ​បាន​រកឃើញ​ពាក់ព័ន្ធ​បទ​ចោទប្រកាន់​ការ​ប្រព្រឹត្ត​អាសគ្រាម​ផ្លូវភេទ ឬ​ការ​បៀតបៀន​កេរ្តិ៍ខ្មាស​។

ក្រុម​នេះ​ដដែល​បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ក្រុម​ខ្លួន​អនុវត្ត​លើ​ ២៤ ​ករណី​ក្នុង​ចំណោម​ករណី​ទាំង​នេះ​ដោយ​បាន​បណ្តេញ​បុគ្គលិក​ ១៩ ​នាក់​ពី​បទ​បាន​ប្រព្រឹត្ត​ក្នុង​ករណី​ដូច​ខាង​លើ​។

ជាមួយ​បុគ្គលិក​ ៤ ​ម៉ឺន​នាក់​នៅ​ទូទាំង​សកលលោក​នោះ​ក្រុម ​MSF គឺជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​អង្គការ​ផ្តល់​ជំនួយ​ធំ​ជាង​គេ​បំផុត​នៅ​លើ​សកលលោក ដែល​បាន​ល្បីល្បាញ​ដោយសារ​បេសកកម្ម​ការងារ​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​ជំនួយ​ផ្នែក​សុខាភិបាល​នៅ​ក្នុង​គ្រប់​តំបន់​ទាំងអស់​ដែល​មាន​ជម្លោះ​ ឬ​មាន​បញ្ហា​។

ក្រុម​អង្គការ​សប្បុរសធម៌​បាន​ឲ្យ​ដឹង​ថា​៖ «​ទោះបី​មាន​របាយការណ៍​នានា​ពាក់ព័ន្ធ​ការ​រំលោភ​ដូច​ករណី​ខាង​លើ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ក៏ដោយ MSF ដឹង​ថា​ការ​រំលោភ​បែប​នេះ​មិន​ត្រូវ​បាន​រាយការណ៍​ ឬ​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ឡើយ​»​។

ការ​លាតត្រដាង​នានា​បាន​ផ្សព្វផ្សាយ​ខណៈ ​Oxfam បាន​ជួប​បញ្ហា​ជាមួយ​ការ​ចោទប្រកាន់​ជាច្រើន​ដែល​ថា​ក្រុម​នេះ​គ្មាន​តម្លាភាព​អំពី​រឿង​អាស្រូវ​នេះ​ពាក់ព័ន្ធ​បុគ្គលិក​មួយ​ចំនួន​របស់​ខ្លួន​ថា ប្រើ​ស្រី​ខូច​នៅ​ហៃទី​៕ SN

អត្ថបទគួរចាប់អារម្មណ៍