អគ្គលេខាធិការ​អង្គការ​ណាតូ​ លោក​ Jens Stoltenberg ​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ ដើម​សប្ដាហ៍​នេះ​ថា ក្រុម​សម្ព័ន្ធ​យោធា​​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ដោះស្រាយ​ពី​អនាគត​របស់​ប្រទេស​អាហ្វហ្គានីស្ថាន។​ ជួប​ការ​លំបាក​​ ខណៈ​អាមេរិក​ចាប់​ផ្តើម​ដក​កង​ទ័ព​​ចេញ​ពី​ប្រទេស​នេះ​មួយ​ចំនួន ដែល​ធ្វើ​ឱ​ប្រឈម​កាន់​តែ​ខ្លាំង​នឹង​​ការ​យាយី​ពី​ពួក​តាលីបង់ ​និង​ក្រុម​ជ្រុល​និយម។

កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្នែក​សន្តិសុខ​អន្តរជាតិ​របស់​ NATO​ចំពោះ​ប្រទេស​អាហ្វហ្គានីស្ថាន ​ក្នុង​រយៈពេល​ជាង​ ១៧ ​​ឆ្នាំ​មក​នេះ NATO​បាន​កៀរគរ​កងទ័ព​ប្រមាណ​ ១១ ០០០ នាក់ មក​ពី​រាប់​សិប​ប្រទេស​ ដើម្បី​ឈរ​ជើង​នៅ​ទីនោះ​​ដោយ​ជួយ​បណ្តុះបណ្តាល និង​ផ្តល់​ប្រឹក្សា​ដល់​កងកម្លាំង​សន្តិសុខ​ជាតិ​​ប្រទេស​នេះ​ផង​ដែរ។ កងទ័ព​ដែល​បាន​ឈរ​ជើង​នៅ​អាហ្វហ្គានីស្ថាន​ភាគ​ច្រើន​មក​ពី​អឺរ៉ុប​ និង​ប្រទេស​ជា​ដៃគូ NATO​ ជាដើម​។

យ៉ាងណា​មិញ​កងទ័ព​មួយ​ភាគ​ធំ​ជា​កងទ័ព​អាមេរិក​ដែល​ជា​ជំនួយ​ផ្នែក​ជើង​អាកាស​ដំណឹក​ជញ្ជូន​ និង​ភ័ស្តុភារ​ជាដើម។ ហេតុ​ដូច​នេះ​ហើយ​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​នឹង​ពិបាក​ចេញ​ចូល​ដោយសារ​ខ្វះ​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​ហើយ ការ​សម្រេចចិត្ត​របស់​លោក​ប្រធានាធិបតី​ Donald Trump​ ក្នុង​ការ​ដកទ័ព​សហរដ្ឋ​អាមេរិក​ចេញ​នៅ​កៀក​ពាក់​កណ្តាល​ខែ​មករា​ ខាង​មុខ​នេះ ​នឹង​កាន់​តែ​ធ្វើ​ឱ្យ​ NATO ​​ជាប់​គាំង​ដោះស្រាយ​​បញ្ហា​លែងចេញ​។

លោក​ Stoltenberg​ បាន​ប្រាប់​ក្រុម​​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​កិច្ច​ប្រជុំ​តាម​វីដេអូ​រវាង​រដ្ឋមន្រ្តី​ការ​បរទេស​ NATO ថា៖ «ឥឡូវ​នេះ យើង​កំពុង​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ការ​សម្រេច​ចិត្ត​មែន​ទែន ​ព្រោះ​បើ​យើង​ចេញ​ពី​ប្រទេស​នេះ​វា​ជា​ហានិភ័យ​ខ្ពស់​សម្រាប់​អាហ្វហ្គានីស្ថាន ​ព្រោះ​ពួក​ភេរវករ​អន្តរជាតិ​នឹង​សម្រុក​យាយី​ប្រទេស​នេះ​ មិន​ខាន។ តែ​បើ​យើង​សម្រេច​ចិត្ត​នៅ​បន្ត​ យើង​នឹង​ជួប​ហានិភ័យ​កាន់​តែ​យូរ​ជាង​មុន​ ហើយ​ត្រូវ​ប្រឈម​នឹង​ការ​វាយ​លុក​ពី​ពួក​គេ​ដែរ»។

ជាមួយ​នឹង​កិច្ច​ព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាមេរិក ​និង​តាលីបង់ ​ប្រសិន​បើ​គ្មាន​ការ​ចូលរួម​ពី​សម្ព័ន្ធមិត្ត​ NATO ​ឬ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ទេ កងទ័ព​បរទេស​ទាំង​អស់​ដែល​កំពុង​ឈរ​ជើង​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​នឹង​នាំ​គ្នា​ចេញ​ពី​ប្រទេស​នេះ​តាំង​ពី​ថ្ងៃទី ១​ ឧសភា ​ម្ល៉េះ ​បន្ទាប់​ពី​គេ​អនុញ្ញាត​ឱ្យ​ចេញ​ស្រប​តាម​លក្ខខណ្ឌ​សន្តិសុខ​នៅ​លើ​ដី​គោក។

លោក​ Stoltenberg ​បាន​បន្ត​ថា៖​​ «ក្នុង​ចំណោម​វិធី​ទាំង​ ២​ ខាង​លើ​នរណា​មួយ​ជ្រើស​យក​វិធី​ណា​ក៏ដោយ ​សំខាន់​ឱ្យ​តែ​ការ​សម្រេច​ចិត្ត​នេះ​ធ្វើ​ឡើង​ទាំង​អស់​គ្នា ដោយការ​សម្របសម្រួល​គ្នា​ និង​ច្បាស់លាស់​ទៅ​បាន​ហើយ​»។

ការ​សម្រេច​ជា​ឯកតោភាគី​របស់​លោក​ Trump ​ក្នុង​ការ​ដក​កងទ័ព​សហរដ្ឋ​អាមេរិក​ចំនួន ២ ៥០០ ​នាក់​ ចេញ​​នេះ​ទៀត​សោត​ធ្វើ​ឱ្យ​ផែនការ​សម្ព័ន្ធ​មិត្ត​យោធា​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ​រលាយ​ខ្ទេចខ្ទី​អស់​ ខណៈ​សម្ព័ន្ធមិត្ត​ទាំង​នេះ​ កំពុង​ពិចារណា​ថា​តើ​ NATO​​ គួរ​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​​នៅ​ទីក្រុង​កាប៊ុល​ និង​ទីក្រុង​ធំៗ​ផ្សេង​ទៀត​ឬ​យ៉ាង​ណា។ អ្នក​ការទូត​ NATO ​និយាយ​ថា ​ឥឡូវ​នេះ ​NATO ​មាន «អ្នក​ធ្វើ​ការ» គ្រប់គ្រាន់​ហើយ​ ដើម្បី​បំពេញ​ការងារ​ទាំង​នេះ​។

ចំពោះ​អាហ្វហ្គានីស្ថាន​បាន​មើល​ឃើញ​​​ជា​យូរ​មក​ហើយ​ថា ​វត្តមាន​យោធា​អាមេរិក ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​សំខាន់​សម្រាប់​ពួក​តាលីបង់​ក្នុង​ការ​រក្សា​ការ​សន្យា​របស់​ខ្លួន និង​ជ្រើសរើស​ការ​ចរចា​ ដើម្បី​បញ្ចប់​សង្គ្រាម​គ្មាន​ទីបញ្ចប់​រវាង​តាលីបង់​ និង​អាហ្វហ្គានីស្ថាន​។ ឥឡូវ​នេះ​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ​រួម​ទាំង​មន្ត្រី​រដ្ឋាភិបាល​ កំពុង​ភ័យ​ខ្លាច​ក្រុម​តាលីបង់​ក្រោយ​លោក ​Trump​ ដក​កងទ័ព​ចេញ​ដែល​ជា​សញ្ញា​យ៉ាងច្បាស់​ដែល​ថា ​អាមេរិក​ចង់​ចាក​ចេញ​ពី​អាហ្វហ្គានីស្ថាន​ណាស់ ​ទោះបី​មាន​ការ​វាយ​​ប្រហារ​កើត​ឡើង​ក្នុង​ប្រទេស​នេះ ​ក៏​ដោយ​។

ជាង​នេះ​ទៅ​ទៀត ​អាហ្វហ្គានីស្ថាន​ក៏​មាន​ការ​ព្រួយ​បារម្ភ​ផង​ដែរ​ថា ​ការ​កាត់​បន្ថយ​កងទ័ព​អាមេរិក​យ៉ាង​ឆាប់​រហ័ស​បែប​នេះ អាច​ពង្រឹង​លទ្ធភាព​ក្នុង​ការ​ចរចារ​កិច្ច​ព្រមព្រៀង​របស់​ពួក​តាលីបង់​ជាមួយ​ប្រទេស​នេះ ​បាន​ឬ​និយាយ​បែប​ផ្សេង​ ទឹក​មាត់​ពួក​គេ​នឹង​កាន់​តែ​ប្រៃ​នៅ​ពេល​ចរចា។

រដ្ឋមន្រ្តី​ការពារ​ជាតិ​ NATO ​ទំនង​ជា​បាន​សម្រេច​ចិត្ត​ចុង​ក្រោយ​ហើយ​អំពី​អនាគត​នៃ​បេសកកម្ម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​របស់​ប្រទេស​នេះ​ សម្រាប់​ខែ​កុម្ភៈ បន្ទាប់​ពី​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក​ Joe Biden ​ចូល​កាន់​តំណែង។ ​អ្នក​ការ​ទូត​អឺរ៉ុប​រំពឹង​ថា អ្វីៗ​នឹង​ផ្លាស់​ប្ដូរ​ក្រោម​ការ​ដឹកនាំ​របស់ លោក​ Biden ប៉ុន្តែ​ការ​ដក​កងទ័ព​ចេញ​ពី​អាហ្វហ្គានីស្ថាន​នេះ ​អាច​នឹង​មិនទា​ន់​ដោះស្រាយ​បាន​ភ្លាមៗ​ឡើយ​។

ភាព​មិន​ប្រាកដប្រជា​បាន​កើត​ឡើង​ ខណៈ​អំពើ​ហិង្សា​ និង​ភេរវកម្ម​បង្ក​ពី​ពួក​តាលីបង់​ប្រឆាំង​នឹង​កងកម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន កើន​ឡើង​ខ្លាំង​ក្នុង​ឆ្នាំ​នេះ​ពិសេស​ចាប់​តាំង​ពី​ការ​ចរចា​សន្តិភាព​កាល​ពី​ខែកញ្ញា​ កន្លង​ទៅ។

ចំណែក​ពួក​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋអ៊ិស្លាម​ក៏​ទើប​តែ​វាយ​ប្រហារ​កាល​ពី​ថ្មីៗ​នេះ​ដែរ ពោល​គឺ​ការ​វាយ​ប្រហារ​ដ៏​សាហាវ​មួយ​នៅ​សាកល​វិទ្យាល័យ​កាប៊ុល​បាន​សម្លាប់​មនុស្ស​ ២២​ ​នាក់ ​ភាគ​ច្រើន​ជា​និស្សិត។

លោក Stoltenberg ​មាន​ប្រសាសន៍​ថា៖ «យើង​ឃើញ​មាន​ការ​វាយ​ប្រហារ​ជា​ច្រើន​ខែ​មក​ហើយ។ ​ខ្លះ​ធ្វើ​ដោយ​តាលីបង់​ហើយ​ខ្លះ​ISIS ​បាន​អះអាង​ថា ​​ខ្លួន​ជា​អ្នក​ធ្វើ។ តែ​អ្វី​ដែល​យើង​ដឹង​គឺ​ថា​ ពួក​តាលីបង់​បាន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ច្រើន​ជាង​គេ​។»

សូម្បី​តែ​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ NATO លោក​ Kay Bailey Hutchison ​ក៏​បាន​និយាយ​ថា៖ «យើង​មិន​គិត​ថា​ពួក​តាលីបង់​គោរព​សន្យា​របស់​ខ្លួន​ទៅ​តាម​កិច្ច​ព្រមព្រៀង​​នេះ​ទេ​។ អត្រា​ការ​វាយ​ប្រហារ​វា​កើន​ឡើង​ច្រើន​មែន ចំណែក​ប្រជាជន​អាហ្វហ្គានីស្ថាន​ និង​ទាហាន​អាហ្វហ្គានីស្ថាន​ ក៏​បាន​រង​ទុក្ខ​ច្រើន​មក​ហើយ​ដែរ»។

ទោះបី​មាន​ការ​កើនឡើង​នូវ​អំពើ​ហិង្សា​​ និង​ភាព​មិន​ប្រាកដប្រជា​ដែល​កើត​ឡើង​ដោយសារ​ការ​ដក​សហរដ្ឋ​អាមេរិក​ក៏​ដោយ ក៏​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ​ ហាក់​ដូចជា​ឱកាស​មួយ​ដែល ​NATO ​មិន​ត្រូវ​មើល​រំលង។

លោក​ Stoltenberg ​បាន​និយាយ៖ «ឥឡូវ​យើង​ឃើញ​ឱកាស​សម្រាប់​សន្តិភាព​ក្នុង​ប្រវត្តិសាស្ត្រ។​ វា​អាច​នឹង​ងាយ​ប៉ះទង្គិច​ ប៉ុន្តែ​យើង​ត្រូវ​ចាប់​ឱកាស​នេះ​ឱ្យ​បាន។

ស្ថានភាព​យោធា​ និង​នយោបាយ​នៅ​ពេល​នេះ​វា​អាច​នឹង​ពិបាក​ស្មាន​បន្តិច​ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ឥឡូវ​យើង​មាន​ឱកាស​ពិភាក្សា​ចរចា​គ្នា​ដែរ»។

គួរ​បញ្ជាក់​ថា ​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ លោក​ Trump​ បាន​ប្រកាស​ដក​កងទ័ព​ប្រមាណ ២ ៥០០ នាក់​ ចេញ​​ពី​ប្រទេស​អាហ្វហ្គានីស្ថាន និង​ចំនួន​ប្រហែល​គ្នា​ដែរ​ចេញ​ពី​អ៊ីរ៉ាក់​នៅ​ខែ​មករា​ ឆ្នាំ​ក្រោយ។​ លោក​ក៏​គ្រោង​នឹង​រក្សា​កងទ័ព​ប្រមាណ​ ៩០០ នាក់​ដដែល​នៅ​ប្រទេស​ស៊ីរី ​ប៉ុន្តែ​អាច​នឹង​ដក​ប្រមាណ ៥០០ ​នាក់​ចេញ​ពី​ប្រទេស​សូម៉ាលី ​នៅ​ថ្ងៃ​អនាគត៕