ក្រុងវ៉ាស៊ីនតោន: អង្គការនៃរដ្ឋអាមេរិក( OAS)កាលពីថ្ងៃពុធ បានសម្តែងការព្រួយបារម្ភជុំវិញការដាក់ពង្រាយយន្តហោះរុស្ស៊ីនៅប្រទេស វ៉េណេស៊ុយអេឡា ដើម្បីធ្វើសមយុទ្ធយោធា។
សេចក្តីថ្លែងការណ៍មួយចេញពីអគ្គលេខាធិការដ្ឋាននៃអង្គការនោះ បានឲ្យដឹងថា ខ្លួនបានទទួលព័ត៌មានពីក្រុងការ៉ាកាសអំពីលទ្ធភាព ដែលយន្តហោះនោះមានសមត្តភាពប្រើប្រាស់អាវុធនុយក្លេអ៊ែរពីប្រទេស រុស្ស៊ី នោះ ស្ថិតនៅក្នុងដែនដីរបស់ខ្លួនជាមួយនឹងការព្រួយបារម្ភយ៉ាងខ្លាំង។
រុស្ស៊ី បានបញ្ជូនពីឡុតប្រហែល ១០០ នាក់ និងបុគ្គលិកដទៃទៀត រួមជាមួយយន្តហោះទម្លាក់គ្រាប់បែកធុន Tupolev-160 ២ គ្រឿង និងយន្តហោះចម្បាំង ២ គ្រឿងទៀត ទៅកាន់ក្រុងការ៉ាកាស ដោយបង្កើនភាពតានតឹងជាមួយអាមេរិក និងប្រទេស កូឡុំប៊ី ជាប្រទេសដែលប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកនីកូឡាស ម៉ាឌូរ៉ូ ជារឿយៗ បានចោទប្រកាន់ពីកំពុងរៀបចំផែនការធ្វើឃាតលោក។
អគ្គលេខាធិការដ្ឋាននោះ បានចាត់ទុកបេសកកម្មនោះថាជារឿងគ្រោះថ្នាក់ «ដល់អធិបតេយ្យភាពប្រទេស វ៉េណេស៊ុយអេឡា» ដោយបន្ថែមទៀតថា បេសកកម្មនោះ បានរំលោភច្បាប់រដ្ឋធម្មនុញ្ញរបស់អាមេរិកខាងត្បូងដែលធ្វើឲ្យមានវិបត្តិយ៉ាងធ្ងន់ធ្ងរ ដោយសារសភាមិនបានផ្តល់សិទ្ធិអំណាចឲ្យ៕ SK