អ្នកនាំពាក្យប្រធានាធិបតីជាប់ឆ្នោត Joe Biden និយាយថា លោកគ្រោងនឹងពង្រីកការរឹតបន្តឹងការធ្វើដំណើរពីអឺរ៉ុប និងប្រេស៊ីល ភ្លាមៗបន្ទាប់ពីប្រធានាធិបតី Donald Trump បានលុបចោលនូវតម្រូវការទាំងនេះ កាលពីថ្ងៃចន្ទ ១៨ មករា។
លោក Trump បានចុះហត្ថលេខាលើបទបញ្ជាឱ្យបញ្ឈប់ការហាមឃាត់អ្នកធ្វើដំណើរត្រឹមថ្ងៃទី ២៦ មករា ដែលការរឹតបន្តឹងនេះ គឺជាវិធានការបង្ការការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលលោកបានដាក់កាលពីឆ្នាំមុន។ Trump សរសេរថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសេវាកម្មមនុស្សលោក Alex Azar បានណែនាំឱ្យដកតែលោក Trump នៅតែបន្តដាក់ការរឹតបន្ដឹងទៅលើចិន និងអ៊ីរ៉ង់។
ប៉ុន្តែលេខាសារព័ត៌មានសេតវិមានរបស់លោក Biden គឺលោកស្រី Jen Psaki ថ្លែងថា រដ្ឋបាលថ្មីនឹងមិនអនុញ្ញាតឱ្យបទបញ្ជារបស់លោក Trump ចូលជាធរមានទេ។
លោកស្រី Psaki បានបង្ហោះសារទៅកាន់បណ្ដាញសង្គម Twitter ថា៖ «ជាមួយនឹងការរីករាលដាលនៃជំងឺរាតត្បាតកាន់តែអាក្រក់ទៅៗ និងវ៉ារ្យ៉ង់ឆ្លងកាន់តែងាយកំពុងលេចចេញជុំវិញពិភពលោកនេះ មិនមែនជាពេលវេលាដែលត្រូវដកការរឹតបន្តឹងលើការធ្វើដំណើរអន្តរជាតិទេ»។
លោកស្រីបន្តថា៖ «តាមដំបូន្មានរបស់ក្រុមគ្រូពេទ្យរបស់យើង រដ្ឋបាលមិនមានបំណងលើកការរឹតបន្តឹងទាំងនេះទេ»៕