អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប៉ះទង្គិចជាមួយគណបក្សសាធារណរដ្ឋម្ដងទៀតដោយលោកបានទាមទារស្ថាប័នរបស់គណបក្សចំនួន ៣ ឱ្យឈប់ប្រើឈ្មោះ និងរូបភាពរបស់លោកក្នុងការរៃអង្គាសថវិកា។ នេះបើតាមសម្ដីរបស់ទីប្រឹក្សាលោក Trump មិនបញ្ជាក់អត្តសញ្ញាណ ១ រូបប្រាប់ភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃសៅរ៍ទី ៦ មីនា។
ទីប្រឹក្សានេះបាននិយាយថាកាលពីថ្ងៃសុក្រមេធាវីលោក Trump បានធ្វើការទាមទារនេះក្នុងលិខិតផ្ញើទៅកាន់គណៈកម្មាធិការជាតិនៃគណបក្សសាធារណរដ្ឋ (RNC) យុទ្ធនាការសភាតំណាងនៃគណបក្សសាធារណរដ្ឋ (NRCC) និងយុទ្ធនាការព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋ (NRSC)។
ស្ថាប័នទាំង ៣ នេះគឺជាភ្នាក់ងាររៃអង្គាសថវិកាធំជាងគេបំផុតរបស់គណបក្សសាធារណរដ្ឋ ដែលថវិកាទាំងនេះគឺសម្រាប់ជួយឧបត្ថម្ភបេក្ខជនរបស់ពួកគេក្នុងការឈរឈ្មោះបោះឆ្នោត។
ទីប្រឹក្សារូបនេះបាននិយាយថា លោក Trump មានការប្រកាន់នឹងការប្រើប្រាស់ឈ្មោះ និងរូបភាពរបស់លោកដោយមិនមានការអនុញ្ញាត ហើយស្រងាកចិត្តនឹងការគាំទ្ររបស់ស្ថាប័នទាំង ៣ នេះចំពោះសមាជិកសភាមកពីគណបក្សសាធារណរដ្ឋដែលបានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតគាំទ្រការចោទប្រកាន់ និងការផ្ដន្ទាទោសលោកពីបទញុះញង់ឱ្យមានកុបកម្ម ៦ មករានៅវិមានកាពីតូល។
គេហទំព័រ Politico គឺជាអ្នករាយការណ៍ព័ត៌មាននេះមុនគេ។ Politico បានដកស្រង់សម្ដីរបស់ទីប្រឹក្សានេះ និយាយថា៖ «លោកប្រធានាធិបតី Trump នៅតែប្ដេជ្ញាចិត្តចំពោះគណបក្សសាធារណរដ្ឋ និងការបោះឆ្នោតជូនអ្នកអភិរក្សនិយម America First ប៉ុន្តែនោះមិនមានន័យថាលោកបានផ្ដល់ឱ្យនរណាម្នាក់ មិត្ត ឬសត្រូវនូវការអនុញ្ញាតឱ្យប្រើរូបភាពរបស់លោក ដោយគ្មានការយល់ព្រមច្បាស់លាស់នោះទេ»។
ការទាមទាររបស់លោក Trump នេះគឺជាផ្នែកមួយនៃការបែកបាក់សាមគ្គីភាពក្នុងគណបក្សសាធារណរដ្ឋដែលកំពុងកើតឡើងបន្ទាប់ពីព្រឹត្តិការណ៍កុបកម្ម ៦ មករា។ គេសង្កេតឃើញថា ក្រុមចំនួន ២ ត្រូវបានផុសឡើងក្នុងគណបក្សសាធារណរដ្ឋដោយក្រុមមួយគិតថាដើម្បីគណបក្សសាធារណរដ្ឋដើរទៅមុខបានពួកគេត្រូវបោះបង់ចោលលោក Trump ហើយក្រុមមួយទៀតគិតថា ដើម្បីមានការជោគជ័យពួកគេត្រូវតែគាំទ្រលោក Trump។
សមាជិកសភាតំណាងចំនួន ១០ និងសមាជិកព្រឹទ្ធសភាចំនួន ៧ មកពីគណបក្សសាធារណរដ្ឋបានចូលរួមជាមួយសមាជិកគណបក្សប្រជាធិបតេយ្យក្នុងការចោទប្រកាន់ និងការផ្ដន្ទាទោសលោក Trump ពីការបង្កឱ្យមានកុបកម្មនេះ។ បើសិនការផ្ដន្ទាទោសបានសម្រេចលោក Trump អាចនឹងបាត់បង់សិទ្ធិឈរឈ្មោះបោះឆ្នោតនឹងបាត់មុខពីនយោបាយតែការផ្ដន្ទាទោសត្រូវបានបរាជ័យដោយខ្វះសំឡេងចំនួន ១០ ហើយលោក Trump ត្រូវបានលើកលែងទោស។
កាលពីថ្ងៃអាទិត្យសប្ដាហ៍មុនក្នុងការថ្លែងសុន្ទរកថានៅមហាសន្និបាតអភិរក្សនិយម (CPAC) លោក Trump បានវាយប្រហារសមាជិកសភាទាំង ១៧ ហើយនិយាយថា គណបក្សសាធារណរដ្ឋគួរតែ «កម្ចាត់ ពួកគេទាំងអស់»។ គណបក្សសាធារណរដ្ឋ នៅថ្នាក់រដ្ឋ និងថ្នាក់មូលដ្ឋានបានថ្កោលទោស និងចាត់វិធានការផ្សេងៗចំពោះសមាជិកទាំងនេះ។
ក្រៅពីសមាជិកទាំង ១៧ នេះលោក Trump បានវាយប្រហារថ្នាក់ដឹកនាំគណបក្សសាធារណរដ្ឋក្នុងព្រឹទ្ធសភាលោក Mitch McConnell ដែលដំបូងឡើយបានរិះគន់សកម្មភាពលោក និងចង់ផ្ដាច់គណបក្សសាធារណរដ្ឋចេញពីលោក តែបានដកថយវិញបន្ទាប់ពីរកឃើញថា លោកនៅមានប្រជាប្រិយភាពក្នុងចំណោមសមាជិកបក្ស។
លោក Trump បានបង្កើតគណៈកម្មាធិការសកម្មភាពនយោបាយមួយមានឈ្មោះថា Save America ដើម្បីធ្វើការរៃអង្គាសថវិកាជួយឧបត្ថម្ភបេក្ខជនលោកគាំទ្រក្នុងការបោះឆ្នោតសភាឆ្នាំ ២០២២ ដោយអ្នកវិភាគមួយចំនួនគិតថាបេក្ខជនទាំងនេះ នឹងប្រកួតប្រជែងនឹងសមាជិកបក្សសាធារណរដ្ឋកំពុងកាន់តំណែងដែលលោក Trump បានចាត់ទុកថា បានក្បត់លោក ឬមិនគាំទ្រការអះអាងរបស់លោកថាលោកបានឈ្នះការបោះឆ្នោត ២០២០។
ការបង្កើត Save America គឺជាការប្រកួតប្រជែងដោយផ្ទាល់ជាមួយស្ថាប័នទាំង ៣ ខាងលើ ហើយលោក Trump បានជំរុញអ្នកគាំទ្ររបស់លោកឱ្យបរិច្ចាគថវិកាទៅតែ Save America ប៉ុណ្ណោះ។
គោលដៅមួយរបស់លោក Trump ក្នុងការបោះឆ្នោតឆ្នាំ ២០២២ គឺសមាជិកព្រឹទ្ធសភាកណ្ដាលនិយមលោកស្រី Lisa Murkowski។ កាលពីថ្ងៃសៅរ៍ទី ៦ ដដែលលោក Trump បាននិយាយថា លោកមិនគាំទ្រការឈរឈ្មោះបោះឆ្នោតរបស់លោកស្រី Murkoski ទេ ហើយនិយាយថា លោកស្រីគឺជា «សមាជិកព្រឹទ្ធសភាមិនស្មោះត្រង់ និងអាក្រក់បំផុត»។ តែលោក McConellនិយាយថាគណបក្សសាធារណរដ្ឋ និង NRSC គឺគាំទ្រការឈរឈ្មោះរបស់លោកស្រី Murkoski៕