កាល​ពី​ថ្ងៃ​សៅរ៍ ទី ២ ខែ មករា​ ២០២១ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​Donald Trump ​បាន​ធ្វើ​ការ​ហៅ​ទូរស័ព្ទ​ទៅ​កាន់​រដ្ឋលេខាធិការ​នៃ​រដ្ឋ​ Georgia​ លោក ​Brad Raffensperger ​និង​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ផ្សេង ​ឱ្យ ​«រក» ​សន្លឹក​ឆ្នោត​គ្រប់គ្រាន់​ ដើម្បី​ច្រាន​ចោល​លទ្ធផល​ជ័យជម្នះ​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​ Joe Biden ​នៅ​រដ្ឋ​នេះ។ នេះ​បើ​តាម​ការ​រាយការណ៍​ដំបូង​ដោយ​កាសែត ​The Washington Post។

លោក Trump​ ​បាន​និយាយ​ថា៖​ «ប្រជាជន​នៃ​រដ្ឋ​ Georgia​ គឺ​កំពុង​ខឹង​ហើយ​មិន​មាន​អ្វី​ខុស​នឹង​ការ​និយាយ​ថា ​អ្នក​នឹង​ធ្វើ​ការ​គណនា​សាឡើង​វិញ»។

លោក ​Raffensperger ​បាន​ឆ្លើយ​នឹង​លោក ​Trump ថា៖ ​«លោក​ប្រធានាធិបតី​ការ​តវ៉ា​ដែល​អ្នក​មាន ​គឺ​ទិន្នន័យ​របស់​អ្នក​មាន​គឺ​ខុស»។

លោក Trump​ បាន​បន្ត​និយាយ​ថា៖ «អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ គឺ​ខ្ញុំ​គ្រាន់​តែ​ចង់​ស្វែង​រក​សំឡេង​ឆ្នោត​ចំនួន ​១១ ៧៨០​ ដែល​ជា​ចំនួន​មួយ​លើស​ពី​អ្វី​ដែល​យើង​មាន​ ពី​ព្រោះ​យើង​បាន​ឈ្នះ​រដ្ឋ»។ ក្នុង​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​រដ្ឋ ​Georgia ​កាល​ពី​ខែ​វិច្ឆិកា​ បាន​រក​ឃើញ​លោក ​Biden ​បាន​ទទួល​សំឡេង​ច្រើន​ជាង​ លោក​ Trump ចំនួន ​១១ ៧៧៩។​

នៅ​ក្នុង​ការ​សន្ទនា​ជាង ១ ម៉ោង​នេះ ​លោក Trump ​បាន​រិះគន់​សមាជិក​បក្ស​សាធារណរដ្ឋ​ទាំង​នេះ​ថា ពួក​គេ​មិន​ព្រម​ទទួល​ស្គាល់​ថា ​លោក​បាន​ឈ្នះ​នៅ​រដ្ឋ​ Georgia ហើយ​បាន​បន្ត​ធ្វើ​ការ​អះអាង​ដោយ​មិន​មាន​ភ័ស្តុតាង​ថា មាន​ការ​ក្លែង​ការ​បោះឆ្នោត​។

លោក Trump ​បាន​និយាយ​ថា៖ «អ្នក​គួរ​តែ​ចង់​ឱ្យ​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ​ ហើយអ្នក​ជា​សមាជិក​បក្ស​សាធារណរដ្ឋ»។

លោក ​Raffensperger​ បាន​ឆ្លើយ​វិញ​ថា៖ «យើង​ជឿជាក់​ថា​ យើង​ពិត​ជា​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ​»។

លោក Trump ​តបថា៖ «ទេ ​ទេ​ អ្នក​មិនមាន​ទេ...មិន​ទាំង​ជិត​ផង។​ អ្នក​រាប់​ខុស​សន្លឹក​ឆ្នោត​រាប់​សែន​»។

មន្ត្រី​នៅ​ក្នុង​ការិយាល័យ​របស់​លោក ​Raffensperger ​បាន​ថត​ទុក​ការ​ហៅ​ទូរស័ព្ទ​ជាមួយ​លោក ​Trump នេះ។ ​ប្រភព​ក្នុង​ការិយាល័យ​បាន​ប្រាប់​ CNN ថា​ លោក Raffensperger ​មិន​ចង់​ផ្សាយ​ការ​ថត​ទុក​នេះ​ទេ ​លុះត្រា​តែ​លោក ​Trump ​វាយ​ប្រហារ​លោក។

កាល​ពី​ថ្ងៃ​អាទិត្យ ​លោក ​Trump ​បាន​វាយ​ប្រហារ​លោក ​Raffensperger តាម​ប្រព័ន្ធ​សង្គម​ Twitter ថា៖ «ខ្ញុំ​បាន​និយាយ​ជាមួយ​រដ្ឋលេខាធិការ​ កាល​ពី​ម្សិលមិញ​អំពី​ស្រុក Fulton ​និង​ការ​បន្លំ​អ្នក​បោះឆ្នោត​នៅ​រដ្ឋ​ Georgia។ ​លោក​មិន​មាន​ឆន្ទៈ ​ឬ​មិន​អាច​ឆ្លើយ​សំណួរ​ដូច​ជា ​ការ​បោកប្រាស់ ​«សន្លឹក​ឆ្នោត​នៅ​ក្រោម​តុ» ការ​បំផ្លាញ​សន្លឹក​ឆ្នោត «អ្នក​បោះឆ្នោត» ​ក្រៅ​រដ្ឋ​អ្នក​បោះឆ្នោត​ស្លាប់ ​និង​ច្រើន​ទៀត។ ​គាត់​មិន​​មាន​តម្រុយ​សោះ»។

លោក ​Raffenesperger ​បាន​ឆ្លើយ​នឹង​លោក ​Trump ​វិញ​ថា៖ «ដោយ​មាន​ការ​គោរព​ប្រធានាធិបតី ​Trump ​អ្វី​ដែល​អ្នក​កំពុង​និយាយ​មិនមែន​ជា​ការ​ពិត​ទេ។ ការ​ពិត​នឹង​ចេញ​មក​»។

ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ការ​ ដោះដូរ​សម្ដី​នេះ ​កាសែត ​The Washington Post ​បាន​ធ្វើ​ការ​រាយការណ៍​អំពី​ការ​ហៅ​តាម​ទូរស័ព្ទ​នេះ។

លោក ​Raffensperger ​ដែលជា​សមាជិក​បក្ស​សាធារណ​រដ្ឋ​ និង​ជា​អ្នក​គាំទ្រ​លោក Trump​ បាន​បដិសេធ​ជានិច្ច​នូវ​ការ​អះអាង​របស់ លោក ​Trump អំពី​ការ​លួច​បន្លំ​អ្នក​បោះឆ្នោត​នៅ​រដ្ឋ Georgia។ លោក​បាន​មើល​ពី​លើ​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ចំនួន ៣ ផ្សេង​គ្នា ​និង​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​ជា​ច្រើន​ទៀត​អំពី​ដំណើរការ​នេះ។​ ថ្មីៗ​នេះ​លោក​បាន​ប្រគល់​ភារកិច្ច​ឱ្យ​ការិយាល័យ​ស៊ើប​អង្កេត​នៃ​រដ្ឋ​ Georgia ​ឱ្យ​ធ្វើ​សវនកម្ម​នៃ​ប្រព័ន្ធ​ពិនិត្យ​ហត្ថលេខា​នៅ​ក្នុង​ស្រុក ​Cobb ដែល​បាន​កំណត់​ថា ​ប្រព័ន្ធ​នេះ​មាន​ភាព​ត្រឹមត្រូវ​ ៩៩,៩% ​ហើយ​មិន​បាន​បង្ហាញ​​​ភ័ស្តុតាង​នៃ​ការ​ក្លែងបន្លំ​ឡើយ។

កាល​ពី​ដើម​ខែ​ធ្នូ លោក ​Trump ​ធ្លាប់​បាន​ហៅ​ទូរស័ព្ទ​ស្រដៀង​គ្នា​នេះ​ទៅ​កាន់​អភិបាលរដ្ឋ​ Georgia លោក ​Brian Kemp ដោយ​លោក​ Trump ក៏​បាន​ដាក់​សម្ពាធ​ឱ្យ​ច្រាន​ចោល​លទ្ធផល​បោះ​ឆ្នោត ​តែ​លោក ​Kemp ​មិន​ព្រម​ធ្វើ​តាម​ការ​ទាមទារ​របស់​លោក ​Trump ទេ។

លោក Biden​ ត្រូវ​បាន​អង្គ​បោះឆ្នោត ​(Electoral College)​ បញ្ជាក់​ក្នុង​សំឡេង​ ៣០៦ ទល់ ២៣២ ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទី៤៦ ហើយ​​សភា​អាមេរិក​នឹង​ធ្វើ​ការ​សម្រេច​​បន្ត​ក្នុង​សម័យ​ប្រជុំ​រួម​នៅ​ថ្ងៃ ​៦ ខែ​មករា។​ តែ​សមាជិក​សភា​​តំណាងរាស្ត្រ ​និង​សមាជិក​​ព្រឹទ្ធសភា​មក​ពី​បក្ស​សាធារណរដ្ឋ​បាន​ប្ដេជ្ញា​ជំទាស់​​លទ្ធផល​​នេះ។

អ្នក​វិភាគ​បាន​គិត​ថា​ ការ​តវ៉ា​នេះ នឹង​មិន​ជោគជ័យ​ទេ​ដោយសារ​តែ​សភា​​តំណាង​គឺ​គ្រប់គ្រង​ដោយ​បក្ស​​ប្រជាធិបតេយ្យ ហើយ​ថ្នាក់​ដឹកនាំ​បក្ស​សាធារណរដ្ឋ​ក្នុង​ព្រឹទ្ធសភា​បាន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​រួច​ហើយ។ ​យ៉ាង​ណា​មិញ​ លោក ​Trump គឺ​កំពុង​​រៀបចំ​បាតុកម្ម​តវ៉ា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី​ ២០ មករា ​ដែល​ជា​ថ្ងៃ​លោក ​Biden​ ត្រូវ​ចូល​កាន់​អំណាច​៕