កាលពីថ្ងៃអង្គារ ទី ៩ ក្រុមហ៊ុនបណ្ដាញសង្គម Twitter បានប្រកាសថា ពួកគេនឹងមិនគោរពការបញ្ជារដ្ឋាភិបាលនាយករដ្ឋមន្ត្រី Narendra Modi ឱ្យបិទគណនីមួយចំនួន ដោយមិនពេញលេញទេ ពីព្រោះពួកគេគិតថា ការបញ្ជានេះ គឺមិនអនុលោមតាមច្បាប់ឥណ្ឌា។
Twitter បាននិយាយថា ពួកគេបានបិទគណនីជាង ៥០០ មកហើយដែលបានចូលរួមក្នុងការចែកចាយព័ត៌មានមិនពិត។ ប៉ុន្តែសម្រាប់គណនីផ្សេងទៀតពួកគេគ្រាន់តែបិទមិនឱ្យឃើញនៅក្នុងឥណ្ឌា ហើយសារបង្ហោះនៅក្នុងគណនីទាំងនោះ នៅតែអាចអានបាននៅខាងក្រៅប្រទេស។
រដ្ឋាភិបាលលោក Modi បានបញ្ជាឱ្យ Twitter បិទគណនីច្រើនជាង ១ ១០០ ដោយចោទប្រកាន់គណនីទាំងនោះថា បានផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការបាតុកម្មដោយកសិករ។ រដ្ឋាភិបាលបាននិយាយថា គណនីខ្លះត្រូវបានគាំទ្រដោយប៉ាគីស្ថាន ឬដោយចលនាបំបែកខ្លួនជនជាតិ Sikh៕