បុរី​ញូវយ៉ក៖ ​យោង​តាម​របាយការណ៍​អង្គការ​សហប្រជាជាតិ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹង​ថា ​កងកម្លាំង​ប្រដាប់​អាវុធ​ជា​ច្រើន​មក​ពី​ប្រទេស ​ស៊ូដង់​ និង​ឆាត​ ​​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ជម្លោះ​នៅ​ប្រទេស ​លីប៊ី ​នៅ​ឆ្នាំ​នេះ​ ដែល​មិន​និយាយ​លើក​ឡើង​អំពី​វត្តមាន​របស់​កងកម្លាំង​រុស្ស៊ី​ បាន​បញ្ជាក់​កាល​ពី​ពេល​ថ្មីៗ​នេះ ​ដោយ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​​នេះ​។​

ប្រទេស ​រុស្ស៊ី​ បាន​បដិសេធ​មិន​ទទួល​ស្គាល់​របាយការណ៍​ដែល​ថា​ មាន​កងកម្លាំង​រាប់រយ​នាក់​កំពុង​គាំទ្រ​យោធា​របស់​បុរស​ខ្លាំង​លោក​ ហ្គាលីហ្វា​ ហាហ្វតារ​ ដែល​បាន​បើក​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​កាល​ពី​ខែ​មេសា​ ដើម្បី​ដណ្តើម​កាន់​កាប់​យក​រដ្ឋធានី​ទ្រីប៉ូលី​ ពី​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​បាន​គាំទ្រ​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ ​(GNA) ​បាន​ទទួល​ស្គាល់​ដោយ​អន្តរជាតិ​នោះ​។​

របាយការណ៍​នោះ​បាន​និយាយ​ថា​ មាន​កងកម្លាំង​ប្រដាប់​អាវុធ​របស់​ប្រទេស ​ស៊ូដង់ ​៥ ​ក្រុម​ និង​ប្រទេស ​ឆាត ​៤ ​ក្រុម​ ដែល​ខ្លួន​បាន​និយាយ​ថា​ បាន​ផ្តល់​ក្រុម​យុទ្ធជន​ប្រយុទ្ធ​រាប់​ពាន់​នាក់​ដល់​ភាគី​ជម្លោះ​ទាំង ​២ ​នៅ​ក្នុង​ប្រទេស ​លីប៊ី​។​

ប៉ុន្តែ​អ្នក​ការ​ទូត​ម្នាក់​ ដែល​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​បាន​ថ្លែង​ថា៖ ​«​កងកម្លាំង​ទាំង​នោះ ​បាន​ទម្លាយ​អាថ៌​កំបាំង​មួយ​ថា​ មាន​កងទ័ព​របស់​រុស្ស៊ី​មួយ​ចំនួន​ធំ​ កំពុង​ប្រយុទ្ធ​នៅ​សមរភូមិ​នៅ​លីប៊ី​»​។​

លោក​បាន​ថ្លែង​ថា​ ហេតុផល​ដែល​ពួក​គេ​មិន​និយាយ​នៅ​ក្នុង​ឯកសារ​ ដោយសារ​សកម្មភាព​របស់​ពួក​គេ​បាន ​«​កើត​ឡើង​ទ្រង់ទ្រាយ​ធំ»៕ AFP/SK