ក្រុង​កាប៊ុល៖ ​អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​ពី​ថ្ងៃ​សៅរ៍​ថា​ ជន​ស៊ីវិល​ជាង ​១ ​ម៊ឺន​នាក់​បាន​ស្លាប់ ​និង​រង​របួស​នៅ​ក្នុង​សង្គ្រាម​នៅ​ប្រទេស ​អាហ្វហ្គានីស្ថាន ​កាល​ពី​ឆ្នាំ ​២០១៩ ​ខណៈ​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​ជា​ប្រវត្តិសាស្ត្រ​បាន​ចាប់​ផ្តើម​នៅ​ទូទាំង​ប្រទេស​នេះ​។

យោង​តាម​​បេសកកម្ម​ជំនួយ​របស់​អង្គការ​សហប្រជាជាតិ​នៅ​អាហ្វហ្គានីស្ថាន ​(UNAMA) ​បាន​ឲ្យ​ដឹង​ថា ​ជន​ស៊ីវិល​ ​៣ ៤០៤ ​នាក់​ បាន​ស្លាប់ និង ​៦ ៩៨៩​ នាក់​បាន​រង​របួស ​នៅ​ក្នុង​ឆ្នាំ ​២០១៩​។​

UNAMA បាន​និយាយ​ថា ​ខណៈ​ចំនួន​នោះ​បាន​ថយ​ចុះ ​៥ ​ភាគរយ ​ពី​ឆ្នាំ ២០១៨ ​ទោះបី​យ៉ាង​ណា​ក៏​ដោយ ​ក៏​វា​មាន​រយៈពេល ​៦ ​ឆ្នាំ​ជាប់​គ្នា​​ ដែល​សង្គ្រាម​នេះ បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង ​១ ​ម៊ឺន​នាក់​ស្លាប់ ​និង​របួស​។

ប្រធាន​ UNAMA លោក តាដាម៉ាជី យ៉ាម៉ាម៉ូតូ ​បាន​ថ្លែង​ថា៖ ​«ស្ទើរ​តែ​គ្មាន​ជន​ស៊ីវិល​ណា​ម្នាក់​នៅ​ប្រទេស ​អាហ្វហ្គានីស្ថាន ​រួច​ផុត​ពី​ការ​ប៉ះ​ពាល់​ដោយសារ​អំពើ​ហិង្សា​ដែល​នៅ​តែ​មាន​បន្ត​នេះ​»។

«វា​គឺ​រឿង​​​ចាំបាច់​ណាស់ ​សម្រាប់​គ្រប់​ភាគី​​ទាំង​អស់​ ដែល​ត្រូវ​ដណ្តើម​យក​ឱកាស​ដើម្បី​បញ្ឈប់​ការ​វាយ​ប្រហារ​គ្នា​ ខណៈ​ដែល​សន្តិភាព​បាន​កន្លង​ផុត​ទៅ​អស់​រយៈពេល​ជា​យូរ​ហើយ​នោះ​​ ជីវិត​ជន​ស៊ីវិល​ត្រូវ​តែ​ការពារ​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង ​ដើម្បី​សន្តិភាព​កំពុង​ដំណើរការ​នៅ​ឡើយ​»​។​

ការ​ធ្លាក់​ចុះ ​៥ ភាគរយ​ នៅ​ក្នុង​ការ​វាយ​ប្រហារ​បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់ ​និង​រង​របួស​ ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ នឹង​ធ្លាក់​ចុះ​នៅ​ក្នុង​សកម្មភាព​របស់​ក្រុម​រដ្ឋ​អ៊ិស្លាម​នៅ​ក្នុង​តំបន់​ នៅ​អាហ្វហ្គានីស្ថាន​ភាគ​ខាង​កើត​ ដែល​ត្រូវ​បាន​បោស​សម្អាត​កាល​ពី​ឆ្នាំ ​២០១៩​។​

កាល​ពី​ថ្ងៃ​សៅរ៍​បទ​ឈប់​បាញ់​​មួយ​ ត្រូវ​បាន​គេ​កំពុង​និយាយ​យោង​ដោយ​​ក្រុម​ភា​គី​សង្គ្រាម​ថា ​«​ជា​ការ​កាត់​បន្ថយ​អំពើ​ហិង្សា​» ​មួយ ​បាន​ចាប់​ផ្តើម​នៅ​ទូទាំង​ប្រទេស ​អាហ្វហ្គានីស្ថាន​។​

អាមេរិក​បាន​ធ្វើ​ការ​​ចរចា​​ជាមួយ​ក្រុម​តាលីបង់​អស់​រយៈពេល​ជាង ​១ ឆ្នាំ​ ដើម្បី​ធានា​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​នោះ​ ដែល​នៅ​ក្នុង​នោះ​ខ្លួន​នឹង​ដក​កងកម្លាំង​រាប់​ពាន់​នាក់​ចេញ​ពី​អាហ្វហ្គានីស្ថាន​ជា​ថ្នូរ​ទៅ​នឹង​ការ​ធានា​សន្តិសុខ​របស់​ក្រុម​តាលីបង់​ ហើយ​បាន​សន្យា​ថា​ នឹង​រៀបចំ​ឲ្យ​មាន​កិច្ច​ពិភាក្សា​សន្តិភាព​ ជាមួយ​រដ្ឋាភិបាល​នៅ​ក្នុង​ទីក្រុង​កាប៊ុល​​របស់​ប្រទេស​​ដែល​ហែកហួរ​ដោយសារ​សង្រ្គាម​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ​ហើយ​នោះ​។

បេសកកម្ម​ជំនួយ​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​អាហ្វហ្គានីស្ថាន​ (UNAMA) ​បាន​រាយការណ៍​ថា ​មាន​ភាព​ចលាចល​ជា​ច្រើន​នៅ​ក្នុង​អំពើ​ហិង្សា​ពេញ​ ១ ឆ្នាំ ​២០១៩​ ស្រប​ពេល​ដែល​មាន​អំពើ​ហិង្សា​​ជា​ថ្មី​ម្តង​ទៀត​ និង​ឧបសគ្គ​រាប់​មិន​អស់​​ត្រូវ​បាន​គេ​​បង្ក​ឡើង​នៅ​អំឡុង​ពេល​ការ​ចរចា​រវាង​អាមេរិក ​និង​ក្រុមតា​លីបង់​៕ AFP/SK