ក្រុង​ហ្សឺណែវៈ ​ប្រធាន​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ ​បាន​ព្រមាន​កាល​ពី​ថ្ងៃ​ពុធ​ថា​ កុមារ​នៅ​ក្នុង​ប្រទេស ​យេម៉ែន ​បាន​បន្ត​​ស្លាប់​ និង​រង​របួស ជា​​​អត្រា​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង ទោះ​បី​ជា​មាន​បទ​ឈប់​បាញ់​រយៈ​ពេល ​៣ ​ខែ​នៅ ​កំពង់ផែ​ហូដេដា​​ក្តី​។​

លោកស្រី​​ Michelle-Bachelet​ បាន​ថ្លែង​​ប្រាប់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ នៅ​ក្រុង​ហ្សឺណែវ​ថា៖ «​ចាប់​តាំង​ពី​កិច្ច​ព្រមព្រៀង​នៅ​ក្រុង​ Stockholm​ កាល​ពី​ថ្ងៃ​ទី ​១៣​ ខែ​ធ្នូ​​មក ទើប​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា ក្មេង ​៨ ​នាក់ ​បាន​ស្លាប់​​ ឬ​រង​របួស​នៅ​យេម៉ែន​ជា​រៀងរាល់​ថ្ងៃ​»​។​

រដ្ឋាភិបាល​គាំទ្រ​ដោយ​អារ៉ាប៊ី ​សាអ៊ូឌីត ​និង​ក្រុម​ឧទ្ទាម​ហ៊ូធី​មាន​សម្ព័ន្ធមិត្ត​ជា​មួយ​អ៊ីរ៉ង់ ​បាន​ឯកភាព​គ្នា​នៅ​ក្នុង​ប្រទេស ​ស៊ុយអែត ទៅ​លើ​​បទ​ឈប់​បាញ់​មួយ ​ដែល​ក្នុង​នោះ​មាន​ បទ​ឈប់​បាញ់​មួយ ​នៅ​ក្រុង​ហូដេដា​ ជា​ច្រក​ចូល​កំពង់ផែ​​សមុទ្រ​ក្រហម​។​

ក្មេងពិការយេមែន ទទួលជំនួយរទេះពីប្រទេស កូវ៉ែត នៅក្នុងកំពង់ផែហូដេដា។ AFP

ប៉ុន្តែ​លោកស្រី​ Bachelet ​បាន​ថ្លែង​ថា ​នៅ​ពេល​បប្ចុប្បន្ននេះ ក្មេងៗ​កំពុង​រស់​នៅ​ក្នុង តំបន់​ជម្លោះ​យ៉ាង​សកម្ម ​​៣១ ​តំបន់​នៅ​ទូទាំង​ប្រទេស ​ហើយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន ​«​អំពើ​ហិង្សា​ទាក់ទង​ទៅ​នឹង​សង្គ្រាម​យ៉ាង​ខ្លាំង​ក្លា​» ​នៅ​ក្នុង​នោះ​មាន​នៅ​ក្រុង ​Taez ​ក្រុង ​Hajjah​ និង​ ​Saada​។​

ក្រុម​ប្រឹក្សា​ជន​ភៀស​ខ្លួន​ន័រវែស ​បាន​ថ្លែង​ថា ​កាល​ពី​ដើម​សប្តាហ៍​នេះ ​ដែល​​ជន​ស៊ីវិល​ចំនួន ​៣៤៨ ​នាក់​ បាន​ស្លាប់​នៅ​ក្រុង ​Hajjah​ និង​​ Taez​​ ​ចាប់​តាំង​ពី​កិច្ច​ព្រមព្រៀង​ក្រុង​ Stockholm ​ត្រូវ​បាន​ចុះ​ហត្ថលេខា​រួច​មក​។​

ប្រធាន​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​រូប​នេះ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ជា​ពិសេស​កាន់​តែ​ខ្លាំង​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្រុង​ Hajjah ​ភាគ​ខាង​ជើង​ជា​ទី​ដែល​មនុស្ស ​២២ នាក់​ ​ក្មេង ​១២ ​នាក់​ និង​ស្ត្រី​ ១០ ​នាក់​ បាន​ស្លាប់ ​ហើយ​ ៣០ ​នាក់ ផ្សេង​ទៀត ​ដែល​ជិត​ពាក់​កណ្តាល​នៅ​ក្នុង​ចំណោម​ពួក​គេ គឺ​​ជា​កុមារ​ដែល​បាន​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​ជា​ច្រើន​លើក​កាល​ពី​ដើម​ខែ​នេះ​។​

មនុស្ស ​១ ​ម៉ឺន​នាក់ ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​ស្លាប់ ​ចាប់​តាំង​ពី​ខែ​មីនា​ឆ្នាំ ​២០១៥ ​នៅ​ពេល​អារ៉ាប៊ី​ ​សាអ៊ូឌីត​ និង​ប្រទេស ​អារ៉ាប់​រួម ដែល​មាន​ការ​​គាំទ្រ​ទាំង​ផ្នែក​​នយោបាយ​ទំាង​ផ្នែក​​សម្ភារ​​ពី​អាមេរិក​ ​បាន​រៀបចំ​សកម្មភាព​វាយ​ប្រហារ​ផ្លូវ​អាកាស​ប្រឆាំង​ទៅ​នឹង​​ក្រុម​ឧទ្ទាម​ហ៊ូធី​៕ AFP/SK​​