The Phnom Penh Post Search

Search form

UN ​ជំរុញ​ឲ្យ​មីយ៉ាន់ម៉ា​អនុវត្ត កិច្ច​ព្រម​ព្រៀង​អនុញ្ញាត​ឲ្យ​ចេញ​ចូល​រដ្ឋ​រ៉ាក់ឃីន

Content image - Phnom Penh Post
​លោកស្រី អ៊ុងសាន ​ស៊ូជី (កណ្តាល) ជួបក្រុមអ្នក​គាំទ្រ​របស់លោកស្រីនៅក្នុង​អំឡុង​សន្និសីទពិ​ភាក្សា​​សន្តិភា​ព​នៅភូមិ​ Chauk Kan នៅថ្ងៃទី៩ សីហា។ AFP

UN ​ជំរុញ​ឲ្យ​មីយ៉ាន់ម៉ា​អនុវត្ត កិច្ច​ព្រម​ព្រៀង​អនុញ្ញាត​ឲ្យ​ចេញ​ចូល​រដ្ឋ​រ៉ាក់ឃីន

ក្រុងយ៉ាំងហ្គោនៈ អង្គការសហប្រជាជាតិ បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​នៅ​តែ​មិន​ទាន់​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​តំបន់​សំខាន់​នៃ​វិបត្តិ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដោយ​ឯករាជ្យ​នៅ​ឡើយ​ទេ សម្រាប់​រយៈពេល ២ ខែ​មក​នេះ បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​ជាមួយ​រដ្ឋាភិបាល ដើម្បី​បន្ត​អនុវត្ត​ការងារ​នៅ​ទីនោះ។

ទីភ្នាក់ងារ​ជនភៀសខ្លួន និង​ការអភិវឌ្ឍ​របស់​អង្គការ​សហប្រជាជាតិ​បាន​ចុះហត្ថលេខា​ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ខែ​មិថុនា​ថា បាន​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើការ​នៅ​ក្នុង​ភាគ​ខាងជើង​នៃ​រដ្ឋ​រ៉ាក់ឃីន ជាទី​ដែល​ជនជាតិ​មូស្លីម​រ៉ូហ៊ីងយ៉ា​រាប់​សែន​នាក់​បាន​បង្ខំ​ចិត្ត​ចាក​ចោល​ផ្ទះ​សំបែង​របស់​ពួកគេ​នៅ​ក្នុង​យុទ្ធនាការ​យោធា​ដ៏​ព្រៃផ្សៃ ដែល​បាន​ចាប់​ផ្ដើម​កាល ពី​ជាង ១ ឆ្នាំ​កន្លង​ទៅ។

កិច្ចព្រមព្រៀង​នេះ គួរតែ​ត្រូវ​អនុញ្ញាត​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​អាចជួយ​មី​យ៉ាន់​ម៉ា​ឲ្យ​បង្កើត​លក្ខខណ្ឌ​សម្រាប់​ធ្វើការ​ផ្ទាល់​នៅ​កន្លែង ដែល​អាច​នឹង​មាន​ប្រយោជន៍​សម្រាប់​ការ​វិល​ត្រឡប់​ដោយ​សុវត្ថិភាព និង​ស្ម័គ្រ​ចិត្ត​នៃ​ក្រុម​ជន​ជាតិ​រ៉ូហ៊ីងយ៉ា ដែល​មិន​មាន​ប្រទេស​ទាំង​អស់​នោះ ដែល​ភាគ​ច្រើន​នៃ​ពួកគេ​កំពុង​តែ​ប្រឈម​ការ​លំបាក​នៅ​ក្នុង​ជំរំ​ភៀស​ខ្លួន​ដែល​ស្ថិត​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​បង់ក្លាដែស។

ក្នុង​រយៈពេល​កន្លងមក ពួក-គេ​បាន​បដិសេធ​មិន​វិលត្រឡប់​ចូលមក​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ​ប្រសិន​បើ​គ្មាន​ការ​ធានា​ផ្នែក​សន្តិសុខ និង​សិទ្ធិ​ជា​មូលដ្ឋាន​ដែល​មាន​ដូចជា​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​សញ្ជាតិ​ជាដើម។

ភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ បាន​ថ្លែងថា សេចក្ដី​ថ្លែងការណ៍​រួម​ដែល​បានស្នើ​កាលពី​ពាក់​កណ្ដាល​ខែ​មិថុនា​អនុញ្ញាត​ឲ្យ​មន្ត្រី​អន្តរជាតិ​អាច​ចាប់​ផ្ដើម​ធ្វើការ​នៅ​ភាគ​ខាង​ជើង​រដ្ឋ​រ៉ាក់ឃីន​នោះ មិន​ទាន់​ទទួល​ចម្លើយ​នៅ​ឡើយ​ទេ។

ថ្វីបើ​ពួកគេ​បានបង្ហាញ​ពី​ជំហាន​លើកទឹកចិត្ត​ជាច្រើន​ដូចជា​ការធ្វើ​ទស្សនកិច្ច​ទៅ​តំបន់​នោះ​ក្តី ក៏​ពួកគេ​ថា មីយ៉ាន់ម៉ា ត្រូវ​តែ «អនុញ្ញាត​ឲ្យ​ចូល​តំបន់​នោះ»៕

អត្ថបទគួរចាប់អារម្មណ៍