ក្រុងប៉ារីសៈ ក្រុមអ្នកវិទ្យាសាស្ត្រ បាននិយាយកាលពីថ្ងៃពុធថា ព្រៃឈើនៅលើផែនដីបានបាត់បង់ ដោយទំហំផ្ទៃដីធំជាងប្រទេសអូទ្រីស ជារៀងរាល់ឆ្នាំពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៦ គឺ ២០ ភាគរយ ជាអត្រាមួយលឿនជាងនៅក្នុងអំឡុងទសវត្សរ៍មុន ខណៈអង្គការសហប្រជាជាតិបង្ហាញពីគំនិតផ្តួចផ្តើមមួយ ដើម្បីប្រែក្លាយពីសក្តនុពលនៃវិស័យដីធ្លី ឲ្យទៅជាការប្រយុទ្ធប្រឆាំងបម្រែបម្រួលនៃអាកាសធាតុ។
យោងតាមការវិភាគលើរូបភាពផ្កាយរណបបានឲ្យដឹងថា ទោះបីជាមានកិច្ចប្រឹងប្រែងជាច្រើនទសវត្សរ៏ដើម្បីបញ្ឈប់ការកាប់បំផ្លាញពីព្រៃឈើក្តី ក៏ប្រហែល ១០ ភាគរយនៃព្រៃឈើដែលមិនទាន់ប៉ះពាល់ ត្រូវបានបំផ្លាញ ធ្វើឲ្យហិនហោចចាប់តាំងពីឆ្នាំ ២០០០ មក។
ជាមធ្យម ការបាត់បង់ក្នុងរយៈពេល ១៧ ឆ្នាំដំបូងនៃសតវត្សរ៍នេះ គឺជាង ២០០០ គីឡូម៉ែត្រការ៉េ និងមនុស្សប្រហែល ៥០០ លាននាក់ នៅទូទាំងពិភពលោក រស់នៅដោយផ្អែកលើអនុផលព្រៃឈើ។
នៅខែមករា ឆ្នាំ ២០១៧ មានព្រៃឈើ ១១,៦ លានហិកតានៅទូទាំងពិភពលោក។ ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៦ ផ្ទៃដីនៃព្រៃឈើទាំងនោះបានធ្លាក់ចុះ ៨៧ 000 គីឡូម៉ែត្រការ៉េក្នុង ១ ឆ្នាំៗ។
លោក Peter Potapov សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Maryland និងជាអ្នកវិទ្យាសាស្ត្រផ្នែកស្រាវជ្រាវ បានប្រាប់ AFP ថា ប្រទេសជាច្រើនអាចនឹងបាត់បង់ដីព្រៃឈើរបស់ពួកគេនៅក្នុងរយៈពេលពេលពី ១៥ ទៅ ២០ ឆ្នាំខាងមុខនេះ។
និន្នាការប្រែប្រួលនាពេលបច្ចុប្បន្ននេះព្រៃឈើដែលមានស្រាប់ នឹងបាត់បង់នៅត្រឹមឆ្នាំ ២០៣០ នៅក្នុងប្រទេសប៉ារ៉ាហ្គាយ ឡាវ និងហ្គីណេអេក្វាទ័រនិងត្រឹមឆ្នាំ ២០៤០ នៅអាហ្រ្វិកកណ្តាល នីការ៉ាហ្គា មីយ៉ាន់ម៉ា កម្ពុជា និងប្រទេស អង់ហ្គោឡា។
នៅក្នុងបណ្តាប្រទេសតំបន់ត្រូពិក ការបាត់បង់ព្រៃឈើ បណ្តាលមកពីកសិកម្ម និងការកាប់ឈើ៕